ជាតិ
សង្គមជាតិ
សម្ដេច ស ខេង បន្ទោសរដ្ឋបាលខេត្តព្រះសីហនុ ដែលប្រើកម្លាំងទាហានបង្ក្រាបពលរដ្ឋរឿងដីធ្លី សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្ទោសរដ្ឋបាលខេត្តព្រះសីហនុ ដែលបានប្រើប្រាស់កម្លាំងទាហានបង្ក្រាបពលរដ្ឋរឿងដីធ្លី កាលពីពេលថ្មីៗនេះ។ សម្ដេច ស ខេង ចាត់ទុកការអនុវត្តការងារបែបនេះ ជារឿងផ្ទុយពីច្បាប់។
ថ្លែងក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ លើកទិសដៅការងារឆ្នាំ២០១៩ សម្ដេច ស ខេង បានលើកយកករណីជម្លោះដីធ្លីនៅខេត្តព្រះសីហនុ មកពន្យល់ដល់មន្ត្រីពាក់ព័ន្ធក្នុងក្របខណ្ឌមហាផ្ទៃ ឲ្យយល់ពីកាលៈទេសៈនៃការទប់ស្កាត់ស្ថានការណ៍វិវាទជាមួយពលរដ្ឋ។ ត្រង់ចំណុចនេះ សម្ដេច ស ខេង បាននិយាយថា ការអនុវត្តការងាររបស់រដ្ឋបាលខេត្តព្រះសីហនុ ហាក់ដូចជាផ្ទុយពីច្បាប់បន្តិច ក្នុងការប្រើប្រាស់កម្លាំងទាហានទៅបង្ក្រាបពលរដ្ឋ។ ក្នុងន័យនេះប្រមុខក្រសួងមហាផ្ទៃ បានពន្យល់ថា បើសិនជាការបង្ក្រាបនោះ ប្រើប្រាស់ត្រឹមកម្លាំងប៉ូលិស ប៉េអឹម និងព្រះរាជអាជ្ញាពីខាងតុលាការ ចុះដោះស្រាយដោយសន្តិវិធីនោះ វាជារឿងត្រឹមត្រូវជាងការប្រើប្រាស់កម្លាំងទាហាន។ សម្រាប់សម្ដេច ស ខេង ការអនុវត្តរបស់រដ្ឋបាលខេត្តព្រះសីហនុ អាចជាមេរៀនឆ្គាំឆ្គងដល់ថ្នាក់ដឹកនាំតាមខេត្តដទៃ ដែលគួរតែចៀសវាងការអនុវត្តការងារបែបនេះ។
សូមស្តាប់ប្រសាសន៍សម្តេច ស ខេង៖
ក្រៅពីខេត្តព្រះសីហនុនេះ ក៏ធ្លាប់មានរដ្ឋបាលខេត្តក្រចេះ បានអនុវត្តការងារបែបនេះ ដែលសម្ដេច ស ខេង បានកត់សម្គាល់ដែរ។ ដើម្បីកុំឲ្យមានការអនុវត្តខុសឆ្គងដដែលទៀត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានលើកពីបទពិសោធន៍ ដែលសម្ដេចធ្លាប់បានបញ្ជាផ្ទាល់ទៅអភិបាលខេត្តកំពង់ធំ ឲ្យដោះស្រាយបញ្ហាដីធ្លីជាមួយពលរដ្ឋ ហើយទទួលបានជោគជ័យផងដែរ។ បើតាមសម្ដេច ស ខេង ករណីដោះស្រាយដីធ្លីនៅខេត្តកំពង់ធំជោគជ័យនោះ គឺដោយសារសម្ដេចបានហាមអភិបាលខេត្តប្រើប្រាស់កម្លាំងជាដាច់ខាត ពោលគឺត្រូវហៅពលរដ្ឋរងគ្រោះដីធ្លីទាំងនោះ មកជួបប្រជុំគ្នា ហើយពន្យល់ពួកគាត់ពីដំណោះស្រាយត្រឹមត្រូវមួយ ដោយអនុវត្តការងារតាមការសន្យាជាមួយពួកគាត់ភ្លាមៗ នៅពេលដែលពួកគាត់ព្រមព្រៀងទទួលយកការសម្រេចរបស់អាជ្ញាធរ។ ចំណុចនេះហើយ ដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ចាត់ទុកជាការអនុវត្តតាមច្បាប់ត្រឹមត្រូវ ដោយគ្មានអំពើហិង្សាលើពលរដ្ឋ។
ក្រោយពីរៀបរាប់ចំណុចខាងលើនេះ សម្ដេច ស ខេង បានផ្ដាំឲ្យមន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវចេះដោះស្រាយបញ្ហាដោយសន្តិវិធី ប្រសើជាងប្រើកម្លាំងបាយលើពលរដ្ឋ។ «សាលដីរបស់តុលាការ បើយើងមិនធ្វើតាមគឺខុសហើយ ប៉ុន្តែយើងទៅធ្វើឲ្យមានព្យុះសនកម្ម ច្បាប់ក៏អនុញ្ញាតឲ្យយើងដកខ្លួនសិន ដើម្បីពិចារណារកវិធីដោះស្រាយ។ ហើយយើងមិនធ្វើបែបនេះ បែរទៅ(អនុវត្ត)ទាំងកម្រោលហ្មង ឲ្យទៅម៉េចក៏ទៅៗ។ ក្នុងស្ថានភាព ស្ថានការណ៍បែបនេះ យើងលេងរបៀបនេះមិនបានទេ ហើយទៅមុខក៏រឹតតែមិនបានទៀត»។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
កាលពីខែមករាកន្លងមក មានប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាទៅតវ៉ារឿងដីធ្លី ក្រោយតុលាការកំពូល ចេញសាលដីកាស្ថាពរ ដោយសម្រេចឲ្យឧកញ៉ា ស៊ីវ គង់ទ្រីវ ឈ្នះក្តីលើពួកគេ លើសំណុំរឿងដីធ្លី។ បន្ទាប់មក សមត្ថកិច្ច ក៏នាំគ្នាទប់ស្កាត់ប្រជាពលរដ្ឋទាំងនោះ ដោយអះអាងថា ជាការអនុវត្តតាមសាលដីការបស់តុលាការកំពូល។ តាមរយៈការបង្ក្រាបនោះ ក៏មានពលរដ្ឋរងរបួសផងដែរ ទើបឈានទៅដល់ការរកឃើញប៉េអឹមម្នាក់ដែលប្រើប្រាស់អាវុធ បាញ់មកលើពលរដ្ឋនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com