អន្តរជាតិ
វៀតណាម​ស្នើ UN ឲ្យ​បើកផ្លូវ​ដល់​ប្រតិភូ​ជាន់ខ្ពស់​កូរ៉េខាងជើង​ចូលរួម​ជំនួប​កំពូល​ត្រាំ​-​គីម នៅ​ហាណូយ​
13, Feb 2019 , 2:02 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​វៀតណាម​បានស្នើ​ឲ្យ​គណៈកម្មាធិការ​អង្គការសហប្រជាជាតិ​ដែល​ទទួលបន្ទុក​ពិនិត្យ​ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំង​កូរ៉េខាងជើង​បើកផ្លូវ​ឲ្យ​មន្ត្រីជាន់ខ្ពស់​ប្រទេស​នេះ​ចូល​ទឹកដី​វៀតណាម​បាន​។ មន្ត្រីជាន់ខ្ពស់​ទាំងនោះ​រួមបញ្ចូល​ទាំង​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​ទណ្ឌកម្ម​អន្តរជាតិ​ផង​។


 
​ការស្នើ​ដក​បម្រាម​លើ​ការធ្វើដំណើរ​របស់​ប្រតិភូ​កូរ៉េខាងជើង​ទាំងអស់នេះ ធ្វើឡើង​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​មុនពេល​ក្រុង​ហាណូយ​រៀបចំ​កិច្ចប្រជុំ​កំពូល​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ជា​លើក​ទី​ពីរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS ដែល​ស្រង់​សម្តី​អ្នកការទូត​វៀតណាម​ថ្ងៃ​អង្គារ​ទី ១២​ខែកុម្ភៈ​។​
 
«​វៀតណាម​បានស្នើ​សុំ​ទៅ​គណៈកម្មាធិការ​សម្រាប់​ការលើកលែង​បម្រាម​ធ្វើដំណើរ​ដែល​ស្ថិតក្រោម​ទណ្ឌកម្ម​អន្តរជាតិ ដើម្បី​ឈានទៅ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាមេរិក កូរ៉េខាងជើង​ថ្ងៃ ២៧ ដល់ ២៨ ខែកុម្ភៈ​ខាងមុខ​។ ការស្នើសុំ​នេះ​នឹងត្រូវ​សម្រេច​នៅ​ថ្ងៃ ១៩ ខែកុម្ភៈ​ខាងមុខ​»​។  នេះ​ជាស​ម្តី​របស់​អ្នកការទូត​វៀតណាម​ដែល​មិនបាន​បញ្ជាក់​អត្តសញ្ញាណ​។ 
 
​មន្ត្រី​រូបនេះ​បាន​បន្ថែមថា បើសិនជា​មានការ​ឯកភាព ការអនុញ្ញាត​ពិសេស​ឲ្យ​ចូលមក​កាន់​ទឹក​វៀតណាម​នេះ​នឹង​ផ្តល់​ឲ្យ​ដល់​រាល់​ប្រតិភូ​កូរ៉េខាងជើង​ទាំងអស់​រួមទាំង​មន្ត្រីជាន់ខ្ពស់​មួយចំនួន​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​ទណ្ឌកម្ម​អន្តរជាតិ​ផងដែរ​។​
 
​គួរ​ឲ្យ​ដឹង​ដែរ​ថា ឆ្នាំ ២០១៨ នៅពេលដែល​សិង្ហ​បុរី រៀបចំ​កិច្ចប្រជុំ​ប្រវត្តិសាស្ត្រ​រវាង​លោក ត្រាំ និង លោក គីម លើកទីមួយ និង​ពេល​កូរ៉េ​ខាង​ខាងត្បូង​រៀបចំ​កីឡា​អូឡាំពិក​រដូវរងារ ប្រទេស​ទាំង​ទាំងពីរ​នេះ​ក៏បាន​ស្នើសុំ​ទៅកាន់​គណៈកម្មាធិការ​អង្គការសហប្រជាជាតិ​នេះ​ដូចគ្នា​។ 
 
​កាលពី​ថ្ងៃ ៩​ខែកុម្ភៈ ប្រធានាធិបតី ត្រាំ បានប្រកាស​ជា​ផ្លូវការ​ថា លោក​នឹង​ជួប​ជាមួយ​លោក គីម ជុង​អ៊ុន ជាថ្មីទៀត​នៅ​រដ្ឋធានី​ហាណូយ​ប្រទេស​វៀតណាម​នៅ​ថ្ងៃ ២៧ និង ២៨ ខែកុម្ភៈ​។

ការសម្រេចចិត្ត​ជ្រើស​រើសយក​ក្រុង​ហាណូយ​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​កិច្ចប្រជុំ​រវាង​អ្នកតំណាង​ពិសេស​របស់​អាមេរិក​ទ​ទួល​បន្ទុក​កូរ៉េខាងជើង Stephen Biegun ជាមួយ​តំណាង​ពិសេស​កូរ៉េខាងជើង​ទទួលបន្ទុក​កិច្ចការ​អាមេរិក​លោក Kim Hyok Chol នា​រដ្ឋធានី​ព្យុងយ៉ាង​ផង​។​
 
​បច្ចុប្បន្ន​នេះដែរ ឧបនាយករដ្ឋមន្ត្រី​វៀតណាម​លោក ផាម ប៊ិ​ញ​មិញ និង​ជា​រដ្ឋមន្ត្រីការបរទេស កំពុង​បំពេញ​ទស្សនកិច្ច​របស់លោក ផាម ធ្វើឡើង​តាម​ការអញ្ជើញ​របស់​ស​ម​ភាគី​កូរ៉េខាងជើង រី យ៉ុង​ហូ ដើម្បី​ពិភាក្សាគ្នា​លើ​បញ្ហា​ពិធីការ​ដើម្បី​ទទួល​ស្វាគមន៍​ប្រតិភូ និង​មេដឹកនាំ​កូរ៉េខាងជើង​មក​ចូលប្រជុំ​ចុងខែ​កុម្ភៈ​នេះ​៕
 
 

Tag:
 វៀតណាម​
  UN
  កូរ៉េខាងជើង​
  ជំនួប​ត្រាំ​-​គីម
© រក្សាសិទ្ធិដោយ thmeythmey.com