កីឡាអន្តរជាតិ
អន្តរជាតិ
Ferdinand អះអាងថា Man Utd អស់ឱកាសនៅ UCL ក្រោយ Pogba បានកាតក្រហម
× ជាស្ថិតិការប្រកួតដ៏អាក្រក់បំផុតសម្រាប់ Manchester United ក្នុងក្របខណ្ឌអឺរ៉ុប UEFA Champions League ក្រោយចាញ់ Paris Saint-Germain ក្នុងផ្ទះខ្លួនឯងដល់ទៅ ២-០ នាជំនួបជើងទី១ វគ្គ១/៨ផ្តាច់ព្រ័ត្រ។ បរាជ័យនេះដែរ Rio Ferdinand វីរបុរស Man Utd ហ៊ានអះអាងថាអតីតក្រុមខ្លួនអស់ឱកាសត្រឹមនេះហើយ ដ្បិត Paul Pogba បានកាតក្រហមមិនអាចចូលលេងជើងទី២។
មិនត្រឹមតែមិនអាចទទួលជ័យជម្នះ ក្រុមរហស្សនាមបិសាចក្រហមថែមទាំងរបូតដល់ទៅ២គ្រាប់សម្រាប់ជំនួបជើងទី១នៅទឹកដី Old Trafford។ បរាជ័យនេះនឹងធ្វើឲ្យក្រុមដែលដឹកនាំដោយអ្នកចាត់ការបណ្តោះអាសន្ន Ole Gunnar Solskjaer មានឱកាសតិចតួចបំផុតនៅពេលត្រលប់ទៅទឹកដីរបស់របស់ក្រុមយក្សបារាំងសម្រាប់ជំនួបជើងទី២ ខណៈ PSG មានគ្រាប់បាល់ចំណេញក្រៅដីដល់ទៅ២គ្រាប់។
រឹតតែយ៉ាប់យឺនជាងនេះទៅទៀតនោះ Man Utd នឹងមិនមានវត្តមានខ្សែបម្រើឆ្នើម Paul Pogba ឡើយនៅពេលប៉ះ PSG ជើងទី២ ដ្បិតរូបគេត្រូវបានលោកអាជ្ញាកណ្តាលផ្តល់កាតក្រហមនៅជំនួបដំបូង។
ការរបូត២គ្រាប់រួមទាំងបាត់បង់ Pogba ដែលជាអ្នកនាំលេងមិនអាចខ្វះបានសម្រាប់ Man Utd ទៀតនោះ អតីតខ្សែការពារឆ្នើម Rio Ferdinand ហ៊ានវាយតម្លៃលើក្រុមចាស់របស់ខ្លួនថាពួកគេមិនមានឱកាសឡើងទៅវគ្គបន្តឡើយក្នុងក្របខណ្ឌកំពូលអឺរ៉ុបរដូវកាលនេះ។
«ការបាត់បង់គាត់ (Pogba) នៅជើងទី២ជាកំហុសធ្ងន់ធ្ងរ ដែលនឹងធ្វើឲ្យ Solskjaer និង Man Utd លំបាកបំផុតដើម្បីឈានទៅវគ្គក្រោយ។ ពួកគេគួរត្រលប់ទៅគិតថាត្រូវធ្វើយ៉ាងណាយកចំណាត់ថ្នាក់ Top 4 នៅ Premier League រដូវកាលនេះវិញ។ ចំណែកឱកាសនៅ Champions League គឺចប់ហើយ ក្រោយ Pogba កាតក្រហម»។ Ferdinand បានវិភាគឲ្យទូរទស្សន៍ BT Sport ដូច្នេះ។
អតីតខ្សែការពារជម្រើសជាតិអង់គ្លេស វ័យ៤០ឆ្នាំរូបនេះ បន្ថែមថា រឹតតែពិបាកថែមទៀតសម្រាប់ Man Utd នៅជំនួបជើងទី២ ប្រសិនបើ Neymar និង Edinson Cavani ជាទាន់ពេលអាចត្រលប់ជួយ PSG បានវិញនោះ៕
Tag:
បាល់ទាត់
UEFA Champions League
PSG
Rio Ferdinand
© រក្សាសិទ្ធិដោយ thmeythmey.com