អន្តរជាតិ
អូស្ត្រាលី បើក​មន្ទីរឃុំឃាំង​ជនអន្តោប្រវេសន៍​នៅ​កោះដាច់​ស្រយាល​ឡើងវិញ
13, Feb 2019 , 7:39 pm        
រូបភាព
នាយករដ្ឋមន្រ្តីអូស្ត្រាលី ស្កុត ម៉ូរីសុន (រូបភាព AFP)
នាយករដ្ឋមន្រ្តីអូស្ត្រាលី ស្កុត ម៉ូរីសុន (រូបភាព AFP)
​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ស្កុ​ត ម៉ូ​រី​សុន នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ បានប្រកាស​បើក​មន្ទីរឃុំឃាំង​ជនអន្តោប្រវេសន៍​លើ​កោះដាច់​ស្រយាល​ឈ្មោះ Christmas ឡើងវិញ​។ មន្ទីរឃុំឃាំង​នេះ ត្រូវបាន​បិទ​កាលពី​ខែតុលា ឆ្នាំ​២០១៨ ក្រោយ​រង​ការរិះគន់​ខ្លាំង​ជុំវិញ​ស្ថានភាព​អ្នក​ជាប់ឃុំ​។ ការបើក​ដំណើរការ​ឡើងវិញ ជាការ​ឆ្លើយតប​នឹង​ការអនុម័ត​ច្បាប់​របស់​សភា​ដែល​បើកផ្លូវ​ឲ្យ​អ្នក​ជាប់ឃុំ​ខ្លួន​នៅ​កន្លែង​ឃុំឃាំង​ពីរ​ផ្សេងទៀត​អាចធ្វើ​ដំណើរ​ទៅ​ចូល​ទឹកដី​អូស្ត្រាលី​ដើម្បី​ពិនិត្យ​សុខភាព​។​

 
​សភាតំណាងរាស្ត្រ​អូស្ត្រាលី នៅ​ថ្ងៃទី​១៣ ខែ​ក​មុៈ្ភ បានអនុម័ត​ច្បាប់​ចម្រូងចម្រាស​មួយ​ដែល​បើកផ្លូវ​ឲ្យ​ជនភៀសខ្លួន​ប្រមាណ​មួយ​ពាន់​នាក់​ដែល​ជាប់ឃុំ​នៅលើ​កោះ Nauru និង​កោះ Manau អាច​ស្នើសុំ​ការអនុញ្ញាត​ចូល​ទឹកដី​អូស្ត្រាលី បើ​មាន​សំណើ​ពី​វេជ្ជបណ្ឌិត​ច្រើនជាង​ពីររូប​។ ការអនុវត្ត​ច្បាប់​នេះ ត្រូវបាន​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ស្កុ​ត ម៉ូ​រី​សុន ជំទាស់​ខ្លាំង តែ​មិន​អាចធ្វើ​អ្វី​បាន​។ ជាការ​ឆ្លើយតប លោក ម៉ូ​រី​សុន ក៏​សម្រេចចិត្ត​បើក​មន្ទីរឃុំឃាំង​ជនភៀសខ្លួន​នៅលើ​កោះ Christmas ឡើងវិញ​។​
 
​ប្រមុខ​រដ្ឋាភិបាល​អូស្ត្រាលី​រូបនេះ​ព្រមាន​ហើយ​ថា ការអនុម័ត​ច្បាប់​ថ្មី ប្រៀបដូចជា​បង្កើន​លំហូរ​ជនភៀសខ្លួន​ចូល​ទឹកដី​អូស្ត្រាលី​ខុសច្បាប់​។ តាមពិតទៅ វា​ក៏​ជា​រឿង​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ រដ្ឋាភិបាល​អូស្ត្រាលី​បែរជា​មិនអាច​ទប់ស្កាត់​ការអនុម័ត​ច្បាប់​ក្នុង​សភា​ដែល​ខ្លួន​មាន​សំឡេង​ភាគច្រើន​ទៅវិញ​។  
 
​មន្ទីរឃុំឃាំង​កោះ Christmas ស្ថិតក្នុង​មហាសមុទ្រ​ឥណ្ឌា​មាន​ចម្ងាយ​ប្រមាណ​២,៣០០​គីឡូម៉ែត្រ​ពី​ទីក្រុង Perth និង​នៅ​ភាគខាងត្បូង​កោះ​ជ្វា​របស់​ឥណ្ឌូណេស៊ី​។ ការបើក​ដំណើរការ​កន្លែង​ឃុំខ្លួន​ដ៏​អសោច​ន៍​នេះ​ឡើងវិញ ជា​ផ្នែក​មួយ​នៃ​វិធានការ​ទប់ស្កាត់​ការហូរចូល​ខុសច្បាប់​ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី ម៉ូ​រី​សុន ក្រោយ​ការអនុម័ត​ច្បាប់​របស់​សភា​។ លោក​ក៏​ដាក់ចេញ​វិធានការ​ជាច្រើន​ទៀត តែ​មិនបាន​បញ្ជាក់​ឲ្យ​បាន​លម្អិត​ឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​លោកនាយក​រដ្ឋមន្ត្រី ម៉ូ​រី​សុន បង្ហាញ​គំនិត​សុទិដ្ឋិនិយម​ថា បើ​ជនភៀសខ្លួន​មិន​ធ្វើដំណើរ​ចូល​អូស្ត្រាលី នេះ​ព្រោះតែ​ប្រសិទ្ធភាព​នៃ​វិធានការ​១០០​ភាគរយ​របស់​រដ្ឋាភិបាល​។ ប៉ុន្តែ​លោក​ក៏​ឆ្លៀត​រិះគន់​ច្បាប់​ថ្មី​ដែរ​ថា បើ​លំហូរ​ជនភៀសខ្លួន​ខុសច្បាប់​នៅតែមាន ពួកគេ​គួរតែ​អរគុណ​បក្ស​ពលករ​ដែលជា​បក្សប្រឆាំង និង​មេដឹកនាំ​ប្រឆាំង Bill Shorten ។​
 
​អូស្ត្រាលី ជា​ប្រទេសមួយ​ដែល​នយោបាយ​តឹងរ៉ឹង​ខ្លាំង​ក្នុងការ​គ្រប់គ្រង​លំហូរ​ជនអន្តោប្រវេសន៍​។ ជនភៀសខ្លួន​ខុសច្បាប់​រាប់ពាន់នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរឃុំឃាំង​នៅលើ​កោះដាច់​ស្រយាល​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ក្រុង​កង់​បេ​រ៉ា​ផ្ទាល់ ឬក៏​ទីតាំង​ដែល​ជួល​ពី​ប្រទេស​ផ្សេង​។ កន្លែង​ឃុំខ្លួន​នៅ Manau និង​នៅឯ Nauru រង​ការរិះគន់​ខ្លាំង​ពី​អង្គការសហប្រជាជាតិ និង​អង្គការសិទ្ធិមនុស្ស ព្រោះ​តែមាន​ករណី​រំលោភសិទ្ធិ​ខ្លាំង​៕

Tag:
 ​អូស្ត្រាលី​
  Scott Morrison
© រក្សាសិទ្ធិដោយ thmeythmey.com