ក្រុមហ៊ុនប្រេងរដ្ឋឥណ្ឌូណេស៊ី Pertamina បានបញ្ចុះតម្លៃប្រេងឥន្ធនៈរបស់ខ្លួនដល់ទៅ ០,០៦ ដុល្លារក្នុងមួយលីត្រកាលពីថ្ងៃអាទិត្យទី១០ ខែកុម្ភៈ។ សម្រាប់ការទម្លាក់តម្លៃប្រេងថ្មីនេះ អ្នកជំនាញយល់ឃើញថា វាគឺជាការទាញប្រយោជន៍នយោបាយមុនការបោះឆ្នោតប្រធានាធិបតីមកដល់នៅខែមេសាខាងមុខ។
សម្រាប់តារាងតម្លៃលក់ថ្មី ក្រុមហ៊ុន Pertamina បានកំណត់តម្លៃប្រេងសាំងប្រភេទស៊ុបពែរ (Premium) មកត្រឹម ០,៤៦ ដុល្លារក្នុងមួយលីត្រសម្រាប់កោះ Java, Madura និង Bali។ ប្រេងឥន្ធនៈប្រភេទ RON 98 ក្នុងរដ្ឋធានីហ្សាការតាគឺស្មើនឹង ០,៧៩ ដុល្លារក្នុងមួយលីត្រ។ ។ ប្រេងឥន្ធនៈប្រភេទ RON 92 គឺស្មើនឹង ០,៧០ ដុល្លារក្នុងមួយលីត្រ។ ចំណែកឯតម្លៃសម្រាប់ប្រេងម៉ាស៊ូតគឺស្មើនឹង ០, ៨៣ ដុល្លារក្នុងមួយលីត្រ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Jakarta Post ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Pertamina លោក Mas'ud Khamid បាននិយាយថា ការកែប្រែតម្លៃប្រេងឥន្ធនៈនេះ គឺធ្វើឡើងបន្ទាប់ពីតម្លៃប្រេងឆៅសកលធ្លាក់ចុះ និងក្នុងគោលដៅពង្រឹងតម្លៃលុយរ៉ូពីរបស់ឥណ្ឌូណេស៊ីប្រឆាំងទៅនឹងលុយដុល្លារអាមេរិក។
ទាក់ទិននឹងការទម្លាក់តម្លៃប្រេងនេះ ប្រធានគ្រប់គ្រងមជ្ឈមណ្ឌលស្រាវជ្រាវនិងប្រឹក្សា Saiful Mujani (SMRC) លោក Djayadi Hanan បានប្រាប់សារព័ត៌មាន The Jakarta Post ថា គោលនយោបាយស្តីពីតម្លៃប្រេងឥន្ធនៈនៅតែជាសូចនាករដ៏សំខាន់មួយ ដែលសាធារណជនវាយតម្លៃលើកិច្ចការប្រតិបត្តិរបស់រដ្ឋាភិបាល។ កត្តានេះធ្វើឲ្យប្រធានាធិបតីឥណ្ឌូណេស៊ីក្នុងតំណែងមួយចំនួនរួមទាំង លោក ចូកូ វីដូដូ ផងនោះ សម្រេចអនុវត្តគោលនយោបាយប្រជាឧបាយនិយម (Populism) ក្នុងគោលបំណងបង្កើនប្រជាប្រិយភាពមុនការបោះឆ្នោត។
ទោះជាបែបនេះក្តី លោក Djayadi បានពន្យល់ទៀតថា វាគ្មានអ្វីខុសឆ្គងឡើយជាមួយគោលនយោបាយបែបនេះ ឲ្យតែទង្វើរបស់អ្នកនយោបាយទាំងនោះផ្អែកលើហេតុផលសមស្របនិងមានគោលដៅច្បាស់លាស់។ ហើយការអនុវត្តគោលនយោបាយបែបនេះក៏ជាផលចំណេញផ្នែកនយោបាយមួយផងដែរសម្រាប់លោក ចូកូ ខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់។
យ៉ាងណាមិញ អគ្គនាយកគ្រប់គ្រងប្រេងនិងឧស្ម័ននៃក្រសួងធនធានរ៉ែនិងថាមពលឥណ្ឌូណេស៊ី លោក Djoko Siswanto បានច្រាលចោលការលើកឡើងថាការទម្លាក់តម្លៃប្រេងគឺដើម្បីផលប្រយោជន៍នយោបាយ ដោយអះអាងថា ការកែប្រែតម្លៃប្រេងឥន្ធនៈនេះគឺជាលទ្ធផលនៃការធ្លាក់ចុះតម្លៃប្រេងសកល។ លោកបន្តថា រដ្ឋាភិបាលបានខិតខំពង្រឹងការគ្រប់គ្រងលើតម្លៃប្រេង ដោយតម្រូវឲ្យក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈទាំងអស់អនុវត្តតាមរូបមន្តរបស់រដ្ឋាភិបាលក្នុងការកំណត់តម្លៃប្រេង។ បណ្តាក្រុមហ៊ុនទាំងអស់ក៏តម្រូវឲ្យផ្ញើរបាយការណ៍កែប្រែតម្លៃប្រេងរបស់ពួកគេទៅឲ្យក្រសួង ដើម្បីវាយតម្លៃលើទិន្នន័យដែលប្រមូលជារៀងរាល់ខែ។
សូមបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈគឺជាបញ្ហារសើបបំផុតមួយក្នុងប្រទេសឥណ្ឌូណេស៊ី ដ្បិតថាការប្រែប្រួលឆាប់រហ័សពេកក្នុងតម្លៃប្រេងអាចបង្កផលប៉ះពាល់ដល់តម្លៃនៃផលិតផលឬសេវាកម្មផ្សេងទៀត ដែលទាក់ទងទៅនឹងផ្នែកដឹកជញ្ជូន។ ហើយវាក៏អាចបង្កើតទៅជាបញ្ហាអតិផរណាខ្ពស់ផងដែរ ជាអ្វីដែលលោក ចូកូ មានបំណងបញ្ចៀសឲ្យផុត ខណៈលោកចង់បន្តឈ្នះការបោះឆ្នោតជាថ្មី។
កាលពីខែតុលា ឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងធនធានរ៉ែនិងថាមពលឥណ្ឌូណេស៊ី លោក Ignasius Jonan បានប្រកាសពីគម្រោងដំឡើងតម្លៃប្រេងប្រភេទស៊ុបពែរចំនួន ៧ ភាគរយ ដោយលើកហេតុផលថា តម្លៃប្រេងសកលហក់ឡើងយ៉ាងគំហុក។ ការប្រកាសនេះ ទទួលរងប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋឥណ្ឌូណេស៊ី ដែលពឹងផ្អែកលើប្រេងឥន្ធនៈប្រភេទស៊ុបពែរនេះ ដោយសារតែវាជាប្រេងឥន្ធនៈមានតម្លៃថោកបំផុតក្នុងប្រទេស។
ប៉ុន្មានម៉ោងក្រោយមក រដ្ឋាភិបាលបានប្រកាសទម្លាក់តម្លៃប្រេងឥន្ធនៈវិញ ដោយរដ្ឋមន្ត្រីក្រសួងសហគ្រាសរដ្ឋ លោកស្រី Rini Soemarno បានអះអាងថា លោកស្រីនិងក្រុមហ៊ុនប្រេងរដ្ឋ Pertamina ពុំទទួលបានសេចក្តីជូនដំណឹងពីគម្រោងដំឡើងតម្លៃប្រេងនេះឡើយ ហើយក្រុមហ៊ុនក៏មិនទាន់អនុវត្តវាផងដែរ៕