អន្តរជាតិ
កូរ៉េខាងត្បូង​បដិសេធ​សម្ដី​លោក ត្រាំ ដែលថា ខ្លួន​ចេញថ្លៃ​ការពារ​៥០០​លាន​ដុល្លារ​ទៀត​
13, Feb 2019 , 3:17 pm        
រូបភាព
​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ បាន​ទាត់ចោល​ការអធិប្បាយរ​បស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែលថា កូរ៉េខាងត្បូង​យល់ព្រម​បង្កើន​ការចំណាយ​សម្រាប់​វត្តមាន​យោធា​អាមេរិក​ចំនួន​៥០០​លាន​ដុល្លារ​ទៀត​។ ការលើកឡើង​របស់លោក ត្រាំ ធ្វើឡើង​បន្ទាប់ពី​សម្ព័ន្ធមិត្ត​ទាំងពីរ​ចុះ​កិច្ចព្រមព្រៀង​លើ​ការបែងចែក​ការចំណាយ​សម្រាប់​ការ​ទ្រទ្រង់​វត្តមាន​យោធា​អាមេរិក​ទាំង​ជិត​បី​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០១៩ ។ 

 
​កូរ៉េខាងត្បូង និង​អាមេរិក ទើបតែ​យល់ព្រម​លើ​ការបែងចែក​វិភាគទាន​សម្រាប់​យោធា​អាមេរិក​ដែល​កំពុង​ពង្រាយ​នៅ​ទឹកដី​កូរ៉េខាងត្បូង​។ ក្រោយ​ការចរចា​ជាច្រើនលើក​ដែល​អមដោយ​ការទាមទារ​របស់លោក ដូ​ណា​ល់ ត្រាំ ផង​នោះ កូរ៉េខាងត្បូង ក៏បាន​យល់ព្រម​បង្កើន​វិភាគទាន​របស់ខ្លួន​ចំនួន​៩២០​លាន​ដុល្លារ​សម្រាប់​ការចំណាយ​ក្នុង​ឆ្នាំ​២០១៩ ។ 
 
​យ៉ាងណាមិញ ប្រធានាធិបតី​អាមេរិក នៅតែ​ចង់​ឲ្យ​កូរ៉េខាងត្បូង​បង្កើន​ថវិកា​របស់ខ្លួន​ថែមទៀត ដើម្បី​សម្រាលអម្រែក​ហិរញ្ញវត្ថុ​លើ​ស្មា​អាមេរិក​។ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថ្ងៃទី​១២ ខែកុម្ភៈ លោក ត្រាំ និយាយថា កូរ៉េខាងត្បូង​ចំណាយលុយ​៥០០​លាន​ដុល្លារ​សម្រាប់​ការការពារ​ដែល​ត្រូវ​ចំណាយ​ដល់​ទៅ​៥​ពាន់​លាន​ដុល្លារ​។ លោក​បន្តថា ដោយមាន​អន្តរាគមន៍​របស់​រដ្ឋ​មន្ត្រី​ការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ និង​ទីប្រឹក្សា​សន្តិសុខ ច​ន ប៊ូល​តុ​ន កូរ៉េខាងត្បូង​ក៏​សុខចិត្ត​ចេញ​ចំនួន​៥០០​លាន​ដុល្លារ​ទៀត​។​
 
​យ៉ាងណាមិញ បើ​គិត​តាម​ការ​តួលេខ​របស់លោក ត្រាំ ការចំណាយ​របស់​ក្រុង​សេ​អ៊ូ​ល​នៅ​ឆ្នាំ​២០១៩ មាន​លើសពី​តួលេខ​ខាងលើ​ដែល​បាន​ព្រមព្រៀងគ្នា​រួចហើយនោះ​។ វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​ចេញមុខ​បដិសេធ​សម្ដី​របស់លោក ត្រាំ ។ លោក Kim Eui-kyeom អ្នកនាំពាក្យ​វិមាន Cheong Wa Dae ប្រាប់​អ្នកសារព័ត៌មាន​ថា ក្នុង​ការចរចា​ចុងក្រោយ ភាគី​ទាំងពីរ​បានកំណត់​ចំនួន​រួចហើយ​សម្រាប់​មួយឆ្នាំ ហើយ​អាច​បន្ត​មួយឆ្នាំ​បើ​ភាគី​ទាំងពីរ​ឯកភាពគ្នា​។​
 
«​ដូច្នេះ កូរ៉េខាងត្បូង និង​អាមេរិក​អាច​សម្រេចចិត្ត​រក្សា​ទំហំ​វិភាគទាន​នៅ​កម្រិត​ដូច​សព្វថ្ងៃ​បន្ទាប់ពី​ត្រួតពិនិត្យ​លើ​លទ្ធភាព​បង្កើន​នោះ​។​» អ្នកនាំពាក្យ​ខាងលើ​បញ្ជាក់​ដូចនេះ មុននឹង​បន្តថា អាមេរិក​នឹងមិន​គិតថា ចង់​ឲ្យ​កូរ៉េខាងត្បូង​បង្កើន​អ្វី​ទៀតឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។​
 
​តាមពិតទៅ សម្រាប់​វិភាគទាន​ឆ្នាំ​២០១៩ នេះ ក្រុង​សេ​អ៊ូ​ល​បាន​បង្កើន​ការចំណាយ​របស់ខ្លួន​ស​ម្រា​ប់​ទាហាន​អាមេរិក​២៨៥០០​នាក់​រួចស្រេច​ហើយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ដែលមាន​ចំនួន​៨៥៣​លាន​ដុល្លារ​។ ប៉ុន្តែ​ខ្ទង់ចំណាយ​របស់​សេ​អ៊ូ​ល នៅមានកម្រិត​ទាប​ជាង​ការទាមទារ​របស់​វ៉ាស៊ីនតោន​ដែល​ចង់​ឲ្យ​បង្កើន​ឲ្យ​លើស​មួយ​ពាន់​លាន​ដុល្លារ​ឯណោះ​៕
 

Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com