អន្តរជាតិ
មេទ័ព​អាមេរិក​ប្រចាំ​អាស៊ី​៖ កូរ៉េខាងជើង​មិន​បោះបង់​នុយក្លេអ៊ែរ​ទាំងស្រុង​ឡើយ​
13, Feb 2019 , 9:59 pm        
រូបភាព
នាយឧត្តមនាវី Philip Davidson មេបញ្ជាការកងទ័ពអាមរិកប្រចាំឥណ្ឌូ-ប៉ាស៊ីហ្វិក ផ្ដល់សក្ខីកម្មក្នុងគណៈកម្មាធិការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក។ (រូបភាព Stars And Stripes)
នាយឧត្តមនាវី Philip Davidson មេបញ្ជាការកងទ័ពអាមរិកប្រចាំឥណ្ឌូ-ប៉ាស៊ីហ្វិក ផ្ដល់សក្ខីកម្មក្នុងគណៈកម្មាធិការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក។ (រូបភាព Stars And Stripes)
​ខណៈ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ជឿជាក់​ខ្លាំង​លើ​ការប្ដេជ្ញាចិត្ត​របស់​កូរ៉េខាងជើង​ក្នុងការ​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង មន្ត្រី​ថ្នាក់ក្រោម​របស់លោក​បែរ​ជា​យល់ឃើញ​ផ្ទុយទៅវិញ​។ ក្រៅពី​សហគមន៍​ចារកម្ម​អាមេរិក​ដែល​អះអាងថា ក្រុង​ព្យុងយ៉ាង​គ្មាន​បំណង​បោះបង់​អាវុធ​មហា​ប្រល័យ​នេះ មេទ័ព​អាមេរិក​នៅ​អាស៊ី Philip Davidson ក៏​មិនទាន់​ទុកចិត្ត​ការសន្យា​របស់​កូរ៉េខាងជើង​ដែរ​។ មេទ័ព​រូបនេះ​ប្រាប់​ព្រឹទ្ធសភា​អាមេរិក​ថា កូរ៉េខាងជើង​អាច​លុបបំបាត់​នុយក្លេអ៊ែ​រ​មួយផ្នែក​ណា​ប៉ុណ្ណោះ​។

 
​ពីរ​សប្ដាហ៍​មុន​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជួប​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន យោធា​អាមេរិក​ប្រចាំ​អាស៊ី បាន​វាយតម្លៃ​អវិជ្ជមាន​លើ​ការសន្យា​របស់​កូរ៉េខាងជើង​ក្នុងការ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។ ទោះ​មាន​ទស្សន​វិជ្ជមាន​លើ​ជំនួប​មេដឹកនាំ​លើក​ទី​ពីរ​នៅ​វៀតណាម ឧ​ត្ត​មនា​វី Philip Davidson មេបញ្ជាការ​ទីបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក (USINDOPACOM) បាន​ប្រាប់​គណៈកម្មាធិការ​ព្រឹទ្ធសភា​អាមេរិក​ថា កូរ៉េខាងជើង​មិន​បោះបង់​នុយក្លេអ៊ែរ​ទាំងស្រុង​ឡើយ​។​
 
​ក្នុង​លិខិត​ផ្ញើ​ទៅ​គណៈកម្មាធិការ​កិច្ចការ​យោធា​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ លោក Davidson បញ្ជាក់ថា ការវាយតម្លៃ​របស់ USINDOPACOM គឺ​ស្របគ្នា​នឹង​របាយការណ៍​របស់​ក្រុម​ចារកម្ម​ជាតិ​អាមេរិក​។ ពោល គឺ​ក្រុង​ព្យុងយ៉ាង​ទំនងជា​មិន​លុបបំបាត់​នុយក្លេអ៊ែរ ឬ​សមត្ថភាព​ផលិតកម្ម​របស់ខ្លួន​ទាំងអស់​ឡើយ ប៉ុន្តែ​ព្យាយាម​ចរចា​ដើម្បី​ឈានទៅ​កាន់ការ​រំសាយ​ផ្នែក​ណាមួយ​ជា​ថ្នូរ​ការលើកលែង​ទណ្ឌកម្ម និង​ការធ្វើសម្បទាន​ពី​សំណាក់​អាមេរិក និង​អន្តរជាតិ​។​
 
​ប្រធានាធិបតី ត្រាំ នឹងត្រូវ​ជួប​ជាមួយ​លោក គីម នៅ​វៀតណាម​នៅ​ចុងខែ​កុម្ភៈ​នេះ ដើម្បី​បន្ត​ការជជែក​លើ​ការលុបបំបាត់​នុយក្លេអ៊ែ​រ ដែល​ព្រមព្រៀងគ្នា​កាលពី​ជំនួប​លើកទីមួយ​នៅ​សិង្ហ​បុរី ប៉ុន្តែ​មានដំណើរ​តិចតួច​បំផុត​។ លោក ត្រាំ ដែល​តែង​អួតអាង​ពី​ទំនាក់ទំនង​វិជ្ជមាន​ជាមួយ​លោក គីម នោះ ក៏បាន​លើកឡើង​ជារឿយៗ​ការផ្អាក​ការសាកល្បង​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ជាង​មួយឆ្នាំ​មកនេះ​។ ប៉ុន្តែ​របាយការណ៍​ថ្មីៗ​របស់​អង្គការសហប្រជាជាតិ​បែរជា​បង្ហាញថា កូរ៉េខាងជើង​នៅតែមាន​សកម្មភាព​ដដែល​។​
 
​ក្នុង​របាយការណ៍​នោះ កូរ៉េខាងជើង​បាន​ប្រើប្រាស់​ទីតាំង​ស៊ីវិល​រាប់ទាំង​ព្រលានយន្តហោះ​ផង​ដើម្បី​លាក់បាំង​អាវុធយុទ្ធភណ្ឌ​របស់ខ្លួន​ពី​ការវាយប្រហារ​ណាមួយ​។ ជាងនេះទៅទៀត កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ក៏​នៅតែមាន​សកម្មភាព​ឥត​ឈប់​ដែរ​។ 
 
​បន្ថែម​ពីលើ​ទង្វើ​ខុសពី​មាត់​និយាយ​ហើយ​នោះ ក្រុង​ព្យុងយ៉ាង​ក៏​ទាមទារ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ចាត់វិធានការ​តប​នឹង​អ្វីដែល​ខ្លួន​បានធ្វើ​នាពេល​កន្លងមក​ដូចជា​ការកម្ទេច​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ និង​ការបិទ​ទីតាំង​បាញ់​មី​ស៊ី​ល​ផង​។ ប៉ុន្តែ​អាមេរិក​នៅតែ​ចង់​ឲ្យ​កូរ៉េខាងជើង​ធ្វើ​សកម្មភាព​ច្រើនជាង​នេះ ពិសេស​ត្រូវ​រំសាយ​នុយក្លេអ៊ែរ​សិន មុននឹង​ទទួលបាន​ការលើក​ចិត្ត​ផ្សេងៗ​តាម​ការចង់បាន​៕  

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន​
  USINDOPACOM
© រក្សាសិទ្ធិដោយ thmeythmey.com