ជាតិ
វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កម្ពុជា​បើក​ការប្រកួតប្រជែង​លើក​ទី​ពីរ​សម្រាប់​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​
13, Feb 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​ភ្នំពេញ ៖ ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ប្រកាស​ទទួល​បេក្ខភាព​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី​«​ស្ត្រី​កម្ពុជា​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឆ្នាំ​២០១៩»​។ នេះ​គឺជា​ការប្រកួត​ពានរង្វាន់​ឆ្នាំ​ទី​ពីរ ដែល​ធ្វើឡើង​ដោយ​ក្រសួង​ប្រៃសណីយ៍​ដើម្បី​ជំរុញ​តួនាទី​ដ៏​សកម្ម​និង​ភាពចាំបាច់​របស់​ស្ត្រី​ក្នុងការ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​។ នេះ​បើតាម​ការឱ្យ​ដឹង​របស់​មន្ត្រី​និង​អ្នករៀបចំ​កម្មវិធី​។​

 
​អ្នកស្រី​យឹម ហួត​អេ​លី អ្នកសម្របសម្រួល​គម្រោង​និង​ជា​ប្រធានការិយាល័យ​រដ្ឋបាល​នៃ​នាយកដ្ឋាន​កម្មវិធី​កុំព្យូទ័រ​និង​មាតិកា​ព័ត៌មាន​នៃ​ក្រសួង​ប្រៃសនីយ៍​បាន​ឲ្យ VOA ដឹងថា កាលពី​ឆ្នាំមុន ក្នុង​ពេលធ្វើ​កម្មវិធី​នេះ​លើកដំបូង​មាន​បេក្ខភាព​ស្ត្រី ដែលមាន​សក្កា​នុព​ល​ជាច្រើន ដែល​ក្រសួង​ពុំ​អាច​ជ្រើសរើស​បាន​ដោយហេតុថា ក្រសួង​នៅមាន​ភាពខ្វះខាត​ខាង​ផ្នែក​ប្រភេទ​ពានរង្វាន់​សម្រាប់​ស្ត្រី​ដែលមាន​សមត្ថភាព​ផ្សេងៗ​គ្នា​។​
 
​អ្នកស្រី​អេ​លី បាន​បន្តថា​៖
 
«​អ៊ីចឹង​ហើយ យើង​ក៏មាន​គំនិត​បង្កើត Category ថែមទៀត​ដើម្បី​ឲ្យ​ត្រូវ​និង​ស្រប​ជាមួយ​ស្ត្រី​ផ្សេងទៀត​ដើម្បី​ឲ្យ​គាត់​មាន​សមត្ថភាព​លើ​ហ្នឹង​ដែរ​»​។​
 
​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ប្រធានបទ​សំខាន់​សម្រាប់​ការប្រកួតប្រជែង​ឆ្នាំ​២០១៩ គឺ​ផ្តោតទៅលើ​«​ស្ត្រី​កម្ពុជា​ដើម្បី​ការផ្លាស់ប្តូរ​ឌីជីថល​» ដែលមាន​ពានរង្វាន់​៥​ប្រភេទ​សម្រាប់​បេ​ក្ខ​នារី​ដែល​ចូលរួម​ដែល​ក្នុងនោះ​។ ទីមួយ​គឺ​សហគ្រិន​ឆ្នើម​ស្ត្រី​ក្នុង​បច្ចេកវិទ្យា ឬ Cambodian Woman ICT Entrepreneur Award ទី​ពីរ វិស្វករ​ស្ត្រី​ជោគជ័យ​ក្នុង​ជំនាញ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ឬ Cambodian Woman ICT Engineer Award ទី​បី ស្ត្រី​ដែល​បាន​ចូលរួម​ជំរុញ​នូវ​ការប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​អភិវឌ្ឍ​សង្គម ឬ សហគមន៍​ជា​ភាសា​អង់គ្លេស​ថា Cambodian Woman ICT for Community Award ទី​បួន​ស្ត្រី​ដែល​បង្កើត​មាតិកា​ព័ត៌មាន​ច្នៃប្រឌិត Digital Multimedia and Content Award និង​ចុងក្រោយ​គឺ​ពន្លក​ថ្មី ឬ Girl Innovator ។ បេ​ក្ខ​នារី​ទាំងអស់​នឹងត្រូវ​អញ្ជើញ​ឱ្យចូល​រួម​ប្រកួតប្រជែង​នៅ​ថ្ងៃទី​១៥​មីនាឆ្នាំ​២០១៩​ខាងមុខ​។​
 
 
​អ្នកស្រី​យឹម ហួត​អេ​លី បញ្ជាក់​បន្ថែមថា កម្មវិធី​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឆ្នាំនេះ​ខុសប្លែក​ពី​ឆ្នាំមុន​ត្រង់​ថា មាន​ប្រភេទ​ពានរង្វាន់​ក​ត្តិ​យស​ពីរ​ត្រូវបាន​បញ្ចូល​ហើយ​ពានរង្វាន់​នេះ​បែក​ចែកជា​ពីរ​មុខ​គឺ​ស្ត្រី ដែល​បង្កើត​មាតិកា​ព័ត៌មាន​ច្នៃប្រឌិត និង​ពន្លក​ថ្មី​។​
 
​ប្រភេទ​ពានរង្វាន់​ចុងក្រោយ​គឺ​ពន្លក​ថ្មី​ផ្តោតទៅលើ​ស្ត្រី​វ័យក្មេង​ដែលមាន​អាយុ​ក្រោម​១៨​ឆ្នាំ ហើយ​ពានរង្វាន់​បួន​ដទៃទៀត​តម្រូវ​ឲ្យ​បេ​ក្ខ​នារី​ដែល​ចូលរួម​មាន​អាយុ​លើស​១៨​ឆ្នាំ និង​មាន​ជំនាញ​បច្ចេកវិទ្យា​ពី​ការប្រើប្រាស់​ក្នុង​អាជីព​ពួកគេ​។​
 
​អ្នកស្រី អេ​លី ថ្លែងថា​៖
 
«​និស្សិត​ក៏​អាច​បានដែរ​ដូចជា​គាត់​ជា Blogger ជា Youtuber​។ គាត់​អាច​បង្កើតជា​Content មួយ​នៅក្នុង Facebook នៅក្នុង Social Media​។ គាត់​ក៏​អាច​ចូលរួម​បានដែរ​នៅក្នុង category ទី​បួន​»​។​
 
​លោក​កាន់ ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ បាន​និយាយថា រដ្ឋាភិបាល​កំពុង​ចាប់អារម្មណ៍​ទៅនឹង​តួនាទី​ដ៏​សំខាន់​និង​ការកើនឡើង​នៃ​ការចូលរួម​របស់​ស្ត្រី​ក្នុងការ​ធ្វើ​ឲ្យ​មានការ​រីកចម្រើន​ឡើង​នូវ​វិស័យ​បច្ចេកវិទ្យា​និង​សេដ្ឋកិច្ចជាតិ​។​
 
«​ម្យ៉ាងវិញទៀត ការរៀបចំ​កម្មវិធី​នេះ​ក៏​ជាការ​កៀរគរ​ការចូលរួម​ពី​គ្រប់​តួអង្គ​ដើម្បី​សម្រេច​នូវ​គោលដៅ​ផ្លាស់ប្តូរ​ទៅជា​ឌីជីថល​និង​គោលដៅ​យុទ្ធសាស្ត្រ​កំណត់​ក្នុង​គោលនយោបាយ អភិវឌ្ឍន៍ វិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មាន​ឆ្នាំ​២០២០​។ យើង​សូម​លើកទឹកចិត្ត​ឲ្យ​ស្ត្រី​ចូលរួម​កាន់តែច្រើន​»​។ នេះ​បើ​យោងតាម​សម្តី​របស់លោក​កាន់ ច័ន្ទ​មេត្តា ដែល​បាន​ដកស្រង់​ចេញពី​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឆ្នាំ​២០១៩​។​
 
​កាលពី​ឆ្នាំ​២០១៨​កន្លងទៅ ស្ត្រី​ខ្មែរ​៣​រូប​ក្នុងចំណោម​៣០​រូប ដែល​បាន​ចូលរួម​ប្រកួតប្រជែង​បានទទួល​ពានរង្វាន់​ពី​កម្មវិធី​នេះ​។ ជ័យលាភី​ទាំងបី​នោះ គឺ​ពានរង្វាន់​ស្ត្រី​ដែល​បាន​ចូលរួម​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ការអភិវឌ្ឍ​សង្គម ឬ​សហគមន៍​បាន​ទៅលើ​កញ្ញា​ចន្ទ ពេញ​ល័​ក្ខ ពានរង្វាន់​វិស្វករ​ស្ត្រី​ជោគជ័យ​ក្នុង​ជំនាញ​បច្ចេកវិទ្យា​បាន​ទៅលើ​អ្នកស្រី​ហ្វា​ត ស៊ី​អែម ប្រធាន​ផ្នែក​រៀបចំ​គម្រោង​ទិន្នន័យ​ក្នុង​ក្រុមហ៊ុន​ទូរគមនាគមន៍ និង​ពានរង្វាន់​សហគ្រិន​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​កញ្ញា ឡុង លក្ខិណា ស្ថាបនិក​ក្រុមហ៊ុន​ដឹកជញ្ជូន​«​ជូន​អ្នក​»​។​
 
​កញ្ញា​ស្រ៊ុន សុវណ្ណ ដែលជា​នាយិកា​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អប់រំ​មួយ​ឈ្មោះ Edemy បាន​និយាយថា កម្មវិធី​នេះ​ជា​ដំណោះស្រាយ​ចំពោះ​វត្តមាន​ដ៏​តិចតួច​នៃ​ការចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា​ដែល​កំពុងមាន​សក្ដានុពល​នេះ​។​
 
«​អ៊ីចឹង​បើ​យើង​មាន​កម្មវិធី ដែល​ឆ្លុះ​បង្ហាញ​ពី​សមិទ្ធផល​របស់​ស្ត្រី អាហ្នឹង វា​អាចជួយ​ឲ្យ​ខាង​អ្នកផ្សេង​ហ្នឹង​មើលឃើញ​កាន់តែច្រើន ហើយ​នៅពេលដែល​យើង​មានការ​ឆ្លុះបញ្ចាំង​អ៊ីចឹង កាន់តែច្រើន វា​អាចជួយ​លើកទឹកចិត្ត​ស្ត្រី​ដទៃទៀត ដែល​សព្វថ្ងៃ​ហ្នឹង​គាត់​ធ្វើ​អី​បាន​ខ្លះ ពីព្រោះ​ពេលខ្លះ គាត់​អត់​មាន​ស្ត្រី​ដែលជា​គំរូ ដែល​គាត់​ដឹង​រឿងរ៉ាវ​របស់គាត់ អ៊ីចឹង​គាត់​អត់​ដឹងថា ស្ត្រី​អាច​ដើរ​ដល់​ណា​ទេ​»​។​
 
​ក្រៅពី​ការស្នើ​បេក្ខភាព​ស្ត្រី​ពី​សាធារណជន បេ​ក្ខ​នារី​ក៏​អាច​ស្នើ​បេក្ខភាព​ផ្ទាល់ខ្លួន​បានដែរ​។ ប៉ុន្តែ​បេ​ក្ខ​នារី ដែល​ចូលរួម​ប្រកួត​យក​រង្វាន់​ទាំង​៥​ប្រភេទ​នេះ​ត្រូវមាន​ភាពជា​អ្នកដឹកនាំ​និង​មាន​សក្កា​នុព​ល​បច្ចេកវិទ្យា​។ ពួកគេ​ក៏​អាច​ប្រើប្រាស់​ជំនាញ​របស់​ពួកគេ​ដើម្បី​បម្រើការ​ក្នុង​ស្ថាប័ន​អាជីព និង​សហគមន៍​របស់​ពួកគេ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ​។​
 
​បេ​ក្ខ​នារី​កម្ពុជា​ទាំងអស់​មាន​សិទ្ធិ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​នេះ ហើយ​អ្នកចូលរួម​តម្រូវ​ឲ្យ​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​ចំណាយពេល និង​ការខិតខំ​ប្រឹងប្រែង​ក្នុងការ​ស្វះ​ស្វែងរក​ដំណោះស្រាយ​ក្នុង​វិស័យ​ណាមួយ​នៃ​បច្ចេកវិទ្យា​សម្រាប់​យកមក​បម្រើ​ផលប្រយោជន៍​សង្គម​កម្ពុ​ជា​ជារួម​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com