គួរ​អាន​! ស្វែងយល់​ពី​បញ្ហា​សុខភាព តាមរយៈ​ស្ថានភាព​នៃ​ដៃ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
គួរ​អាន​! ស្វែងយល់​ពី​បញ្ហា​សុខភាព តាមរយៈ​ស្ថានភាព​នៃ​ដៃ​
14, Feb 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ដៃ មិន​ត្រឹមតែ​ជា​ផ្នែក​មួយ​នៃ​រាងកាយ​ដែល​លេចចេញ​នូវ​សញ្ញា​នៃ​ភាព​ចាស់​តាម​វ័យ​ឡើយ ប៉ុន្តែ​ក៏​អាច​ចង្អុលបង្ហាញ​អោយដឹងពី​បញ្ហា​សុខភាព​មួយចំនួន​ផងដែរ​។ វេជ្ជបណ្ឌិត​ជាច្រើន​និយាយថា ស្ថានភាព ឬ​ភាពប្រែប្រួល​ណាមួយ​ដែល​កើតមាន​ចំពោះ​ដៃ​អាចជា​លទ្ធផល​នៃ​ភាពមិនប្រក្រតី​ក្នុង​រាងកាយ​។ ហើយ​អ្នក​មិនគួរ​ធ្វេសប្រហែស​មើលរំលង​ឡើយ​!


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​រោគសញ្ញា​ចំនួន ៦ ដែល​អ្នក​គួរ​យកចិត្តទុកដាក់​ដើម្បី​រក្សាបាន​នូវ​សុខភាព​ល្អប្រសើរ ដោះស្រាយ​បញ្ហា​បាន​ទាន់ពេល ៖
 
១. បាតដៃ​ឡើង​ក្រហម​
 
​វេជ្ជបណ្ឌិត​ជាច្រើន​ពន្យល់ថា បាតដៃ​ឡើង​ក្រហម អាចជា​រោគសញ្ញា​មួយ​នៃ​បញ្ហា​ថ្លើម ជាពិសេស​ប្រសិនបើ​អ្នកមាន​អាយុ​លើសពី ៥០ ឆ្នាំ​។ ជាធម្មតា ការឡើង​ក្រហម គឺមាន​ទីតាំងនៅ​គែម​ខាងក្រៅ​នៃ​បាតដៃ​។ មូល​ហេតុដែល​អាចទៅរួច​សម្រាប់​បញ្ហា​បាតដៃ​ឡើង​ក្រហម គឺ​ការផ្លាស់ប្ដូរ ឬ​ភាពប្រែប្រួល​មួយ​នៅក្នុង​តុល្យភាព​អ័រម៉ូន​ដែល​បណ្ដាលឱ្យ​សរសៃឈាម​រីក​។ ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​ក៏​អាចជា​មូលហេតុ​មួយ​នៃ​ការឡើង​ក្រហម​លើ​បាតដៃ​ផងដែរ​។ ដើម្បី​ជាការ​ប្រសើរ ប្រសិនបើ​អ្នក​សម្គាល់​ឃើញ​មាន​ឡើង​ក្រហម​ត្រង់​ផ្នែក​ណាមួយ​លើ​បាតដៃ អ្នក​គួរ​ប្រញាប់​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ ហើយក៏​កុំ​ភ្លេច​កាត់បន្ថយ​ការទទួល​ទាន​គ្រឿង​ស្រវឹង និង​ព្យាយាម​ផ្លាស់ប្ដូរ​ទៅជា​របប​អាហារ​សុខភាព​ល្អ​។​
 
២. បែកញើស​បាតដៃ​
 
​ការ​បែកញើស​បាតដៃ​អាច​បណ្ដាលមកពី​មូលហេតុ​មួយចំនួន​ដូចជា ជំងឺ hyperhidrosis (​ការ​បែកញើស​ហួសប្រមាណ​), ភាព​តានតឹង​ក្នុង​អារម្មណ៍ និង​ភាព​សកម្ម​ហួស​នៃ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត ឬ​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​។ ក្នុងករណី​ជំងឺ hyperhidrosis ដែល​បណ្ដាលអោយ​បែកញើស​ច្រើន​ហួស អ្នក​អាច​ប្រើប្រាស់​ផលិតផល​ទប់ស្កាត់​ការ​បែកញើស​ខ្លាំង ឬ​ទទួលយក​ការព្យាបាល​តាមបែប​វេជ្ជសាស្ត្រ​។ ព្យាយាម​កម្រិត​ការទទួល​ទាន​គ្រឿង​ស្រវឹង និង​រៀន​គ្រប់គ្រង​កម្រិត​នៃ​ភាព​តានតឹង​ក្នុង​របស់​អ្នក (​ដកដង្ហើម​ចេញចូល​វែងៗ​មួយៗ​)​។ ប្រសិនបើ​ហាក់ដូចជា​គ្មាន​វិធី​ណាមួយ​ដោះស្រាយ​បញ្ហា​នេះ​បាន អ្នក​គួរ​ជួប​ពិនិត្យ​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​។​
 
៣. ស្ពឹក​ដៃ និង​ឈឺ​ឆៀបៗ​
 
​ជួនកាល​យើង​ក្រោក​ឡើង​ជាមួយនឹង​អារម្មណ៍​ថា ស្ពឹក​ត្រង់​ផ្នែក​ណាមួយ​នៃ​រាងកាយ ហើយ​បន្តិចក្រោយមក​ក៏​ចាប់ផ្ដើម​ឈឺ​ឆៀបៗ​។ ជាធម្មតា បញ្ហា​នេះ​កើតឡើង​ដោយសារ​យើង​សង្កត់​លើ​សរសៃប្រសាទ​យូរ​។ ការឈឺ​ឆៀបៗ គឺជា​ពេលដែល​សរសៃប្រសាទ​ត្រឡប់​ទៅរក​សភាព​ធម្មតា​វិញ​។ ក្នុងករណី​ខ្លះ​អាកា​រៈ​បែបនេះ​អាចជា​រោគសញ្ញា​មួយ​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូចជា ជំងឺ cervical osteochondrosis, កៀប​សរសៃ​កដៃ​, កកឈាម​ក្នុង​សរសៃឈាម​ខ្មៅ​នៃ​អវយវៈ​, របួស​សរសៃប្រសាទ​, ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម និង​ជំងឺ​ទឹកនោមផ្អែម​។ ប្រសិនបើ​អ្នក​ឧស្សាហ៍​ជួបប្រទះ​អាកា​រៈ​ស្ពឹក​ស្រពន់ និង​ឈឺ​ឆៀបៗ​ក្នុង​ដៃ​ដោយ​គ្មាន​មូលហេតុ​ណាមួយ​ច្បាស់លាស់ ចូរ​ប្រញាប់​ទៅ​ជួប​ពិនិត្យ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​
 
៤. ស្ងួត​ប្រអប់ដៃ​
 
​មូលហេតុ​ទូទៅ​បំផុត​នៃ​បញ្ហា​ដៃ​ស្ងួត គឺ​ការ​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ និង​កង្វះ​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន (estrogen) ដែលជា​ញឹកញយ​ផ្សារភ្ជាប់​ជាមួយ​ការ​អស់​រដូវ​របស់​ស្ត្រី​។ ដើម្បី​ជៀសផុត​ពី​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ដែល​បង្ក​អាកា​រៈ​ស្ងួត​ដៃ ចូរ​ទទួលទាន​ទឹក​អោយ​ច្រើន​គ្រប់គ្រាន់ និង​កុំ​ភ្លេច​ប្រើប្រាស់​ក្រែ​ម ឬ​ឡេ​ផ្ដល់​សំណើម​។ រួមបញ្ចូល​ត្រី​សម្បូរ​ខ្លាញ់​, គ្រាប់ពូជ និង​គ្រាប់​ធញ្ញជាតិ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ ដោះស្រាយ​បញ្ហា​កង្វះ​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​តាមរយៈ​ការជួប​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​។​
 
៥. ការ​ញ័រ​ដៃ​
 
​អាកា​រៈ​ញ័រ​ដៃ​អាចជា​រោគសញ្ញា​មួយ​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូចជា ជំងឺ Parkinson’s Disease​។ ប្រសិនបើ​មានការ​ព្រួយបារម្ភ​ខ្លាំង ចូរ​ណាត់ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ ហើយ​ដើម្បី​ជាការ​ប្រសើរ កុំ​ភ្លេច​កាត់បន្ថយ​ការ​ទទួលទាន​កាហ្វេ និង​គ្រឿង​ស្រវឹង ដោយ​ភេសជ្ជៈ​ប្រភេទ​នេះ​ក៏​អាច​បង្ក​អាកា​រៈ​ញ័រ​ដៃ​ផងដែរ​។ កត្តា​ផ្សេងទៀត​នៃ​អាកា​រៈ​ញ័រ​ដៃ គឺ​ជំងឺ​ថប់​អារម្មណ៍ និង​ស្ត្រេ​ស​។​
 
៦. ក្រចក​ផុយ​ឆាប់​បាក់ 
 
​ក្រចក​ផុយ​ឆាប់​បាក់ អាចជា​រោគសញ្ញា​មួយ​នៃ​កង្វះ​ជាតិ​ស័ង្កសី​។ ជាតិ​ស័ង្កសី គឺ​សំខាន់​ណាស់​សម្រាប់​សុខភាព​រាងកាយ វា​ជួយ​ព​ន្លឿ​ន​ការ​ជាសះស្បើយ​, ជួយ​បែងចែក​កោសិកា និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​។ ចូរ​បន្ថែម​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស័ង្កសី រួមទាំង ស៊ុត គ្រាប់​ធញ្ញជាតិ និង​សាច់ ជាដើម ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ វេជ្ជបណ្ឌិត​ភាគច្រើន​ណែ​នាំអោយ​ទទួលទាន​ថ្នាំ​គ្រាប់​ជាតិ​ស័ង្កសី ប្រសិនបើ​រាងកាយ​មាន​ផ្ទុក​វា​ទាប​ពេក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម