អាហារ​ដ៏​ល្អ​បំផុត​ដែល​អ្នកជំងឺ​រលាក​សន្លាក់ គួរ​ទទួលទាន ដើម្បី​ឆាប់​ធូរស្បើយ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
អាហារ​ដ៏​ល្អ​បំផុត​ដែល​អ្នកជំងឺ​រលាក​សន្លាក់ គួរ​ទទួលទាន ដើម្បី​ឆាប់​ធូរស្បើយ​
15, Feb 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​វា​ជា​ការពិត​ដែល​អ្នក​មិនអាច​ព្យាបាល​ជំងឺ​រលាក​សន្លាក់ឆ្អឹង​ឲ្យ​ជាសះស្បើយ​តែម្ដង​បាន ដោយ​គ្រាន់តែ​ទទួលទាន​អាហារ ឬ​ផ្លាស់ប្ដូរ​របប​អាហារ ប៉ុន្តែ​ទោះជា​យ៉ាងណា​អាហារ​មួយចំនួន​មាន​ប្រសិទ្ធិភាព​ប្រយុទ្ធប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ រួមទាំង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ និង​ឆ្អឹង គឺមាន​មែន​! ប្រសិនបើ​អ្នកមាន​ជំងឺ​រលាក​សន្លាក់​។​
 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ប្រភេទ​នៃ​អាហារ​ដ៏​ល្អ​បំផុត​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​ជួយ​សម្រាល​ស្ថានភាព​ឈឺចាប់​នៃ​ជំងឺ​នេះ ៖
 
១. ប្រូ​ខូ​លី ឬ​ផ្កា​ខាត់ណា​ខៀវ​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សមាសធាតុ​សំខាន់ រួមទាំង​សារធាតុ sulforaphane ដែល​ជួយ​កាត់បន្ថយ​រោគសញ្ញា​នៃ​ជំងឺ​រលាក​សន្លាក់​បាន​យ៉ាង​ប្រសើរ​។​
 
២. ផ្លែក្រូច
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែលមាន​ប្រសិទ្ធិភាព​ជួយ​ពង្រឹង​សុខភាព​ឆ្អឹងខ្ចី និង​ទប់ស្កាត់​ការ​រលាក​សន្លាក់ឆ្អឹង ក៏ដូចជា​ជំងឺ​ពុក​ឆ្អឹង​។  ប្រសិនបើ​រាងកាយ​ខ្វះ​នូវ​ជាតិ​វីតាមីន C នោះ​អាច​បណ្ដាល​ឲ្យ​កើតមាន​បញ្ហា​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការលូតលាស់​នៃ​ឆ្អឹង​, ឆ្អឹងខ្ចី និង​ធ្មេញ​។​
 
៣. ត្រី​សម្បូរ​ខ្លាញ់​
 
​រួមបញ្ចូល​ទាំង​ត្រី​ធូ​ណា​, ត្រី​សាល​ម៉ុ​ន​, ត្រី mackerel និង​ត្រី trout មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ជួយ​ប្រយុទ្ធប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ​សំខាន់​ណាស់​សម្រាប់​អ្នកជំងឺ​រលាក​សន្លាក់​។ អ្នក​អាច​បន្ថែម​ត្រី​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ២ ដង​ក្នុង​មួយ​សប្តាហ៍​។ ប្រសិនបើ​អ្នក​មិន​ចូលចិត្ត​ត្រី ចូរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​អំពី​ការ​ទទួលទាន​ថ្នាំ​គ្រាប់​ជាតិ​អូ​មេ​ហ្គា ៣​។​
 
៤. ខ្ទឹមស​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សមាសធាតុ​ម្យ៉ាង​ហៅថា diallyl disulfide ដែល​ជួយ​ទប់ទល់​នឹង​ជំងឺ​ជាច្រើន រួមបញ្ចូល​ទាំង​ជំងឺ​រលាក​សន្លាក់​។​

៥. តែ​បៃតង​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ polyphenols ដែល​ជួយ​កាត់បន្ថយ​ការ​រលាក និង​ពន្យឺត​ការបំផ្លាញ​ឆ្អឹងខ្ចី​។ ប្រសិនបើ​អ្នកមាន​ជំងឺ​រលាក​សន្លាក់ អ្នក​គួរ​ទទួលទាន​តែ​បៃតង​ជាប្រចាំ ខណៈដែល​ភេសជ្ជៈ​នេះ​មាន​ផ្ទុក​នូវ​សារធាតុ​កម្ចាត់​ប្រឆាំង​ការ​រលាក ដោយ​ការរារាំង​អង់ស៊ីម​ដើម្បី​ទប់ស្កាត់​ការបាត់បង់ និង​ខូចខាត​នៃ​ឆ្អឹងខ្ចី​។​
 
៦. សណ្ដែកសៀង ឬ​តៅហ៊ូ​
 
​ប្រសិនបើ​អ្នក​មិន​ចូលចិត្ត​ញុាំត្រី​ទេ អ្នក​ក៏​នៅតែ​អាច​ទទួលបាន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែលមាន​ប្រសិទ្ធិភាព​ទប់ស្កាត់ និង​កាត់បន្ថយ​អាកា​រៈ​នៃ​ការ​រលាក​បានដែរ​តាមរយៈ​ការ​ទទួលទាន​សណ្ដែកសៀង ឬ​តៅហ៊ូ​។ សណ្ដែកសៀង មាន​ផ្ទុក​ជាតិ​ខ្លាញ់​ទាប ប៉ុន្តែ​ជាតិ​សរសៃ និង​ប្រូតេអ៊ីន​ខ្ពស់​។ ដូច្នេះហើយ​ទើប​វា​ជា​ប្រភេទ​ជម្រើស​នៃ​អាហារ​ដ៏​ប្រសើរ​សម្រាប់​អ្នកជំងឺ​រលាក​សន្លាក់ឆ្អឹង ក៏ដូចជា​ជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com