អន្តរជាតិ
អាជ្ញាធរ​ហ្វីលីពីន​ចាប់ខ្លួន​អ្នកសារព័ត៌មាន​ស្ត្រី Maria Ressa ពីបទ​បរិហារកេរ្តិ៍​
14, Feb 2019 , 10:26 am        
រូបភាព
ដោយ:
​អ្នកសារព័ត៌មាន​ល្បីឈ្មោះ​ហ្វីលីពីន លោកស្រី Maria Ressa ដែល​តែងតែ​រិះគន់​ប្រធានាធិបតី​ហ្វីលីពីន ត្រូវបាន ចាប់ខ្លួន​ក្នុង​ការិយាល័យ​លោកស្រី​នៅ​រដ្ឋធានី ម៉ានីល កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ​។ ការឃាត់ខ្លួន​នេះ គឺធ្វើឡើង​ក្រោម​បទ​ចោទ «​បរិហារកេរ្តិ៍​លើ​អ៊ីនធឺណិត​»​។ ចំណាត់ការ​ផ្លូវច្បាប់​ថ្មី​នេះ​កំពុង​ដាក់​សម្ពាធ​កាន់តែខ្លាំង​លើ​លោកស្រី Ressa និង​វេ​ប​សាយ​ព័ត៌មាន Rappler របស់លោក​ស្រី ដែល​បច្ចុប្បន្ន​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​រឿង​គេចពន្ធ​ផង​នោះ​។

 
​លោកស្រី Ressa ដែល​ជាប់​ឈ្មោះ​ជា «​បុគ្គល​ឆ្នើម​ប្រចាំឆ្នាំ​» របស់​ទស្សនា​វ​ដ្តី Time ក្នុង​ឆ្នាំ​២០១៨ សម្រាប់​អាជីព​សារព័ត៌មាន បាន​ចាក​ចេញពី​ការិយាល័យ Rappler ជាមួយនឹង​ភ្នាក់ងារ​របស់​ការិយាល័យ​ស៊ើបអង្កេត​ជាតិ​ហ្វីលីពីន​។ ភ្លាមៗ​ក្រោយ​ការចាប់ខ្លួន​អ្នកសារព័ត៌មាន​ស្រី​វ័យ​៥៥​ឆ្នាំ​រូបនេះ ក្រុម​អ្នកសារព័ត៌មាន​ហ្វីលីពីន​បានចេញ​មុខ​ប្រតិកម្ម​យ៉ាងខ្លាំង​លើ​ការចេញ​ដីការ​ចាប់ខ្លួន​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​នេះ​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន AFP សហភាព​ជាតិ​នៃ​អ្នកសារព័ត៌មាន​ហ្វីលីពីន បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ «​ការចាប់ខ្លួន​លោកស្រី Ressa លើ​បទ​ចោទ​បរិហារកេរ្តិ៍​នេះ​គឺជា​សកម្មភាព​នៃ​ការ​ធ្វើទុក្ខបុកម្នេញ​ដោយ​គ្មាន​ភាព​ខ្មាស់អៀន​ពី​សំណាក់​រដ្ឋាភិបាល​ហ្វីលីពីន​។ ហើយ​ឥឡូវនេះ​រដ្ឋាភិបាល​បានបង្ហាញ​យ៉ាងច្បាស់​ថា ខ្លួន​ហ៊ាន​ប្រើប្រាស់​មធ្យោបាយ​សព្វបែបយ៉ាង​ដើម្បី​បិទមាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា ដែល​ហ៊ាន​ចេញមុខ​រិះគន់​រដ្ឋាភិបាល​ចំៗ​»​។ 
 
​ទន្ទឹមនឹងនេះ សហ​ស្ថាបនិក​សារព័ត៌មាន Rappler លោកស្រី Beth Frondoso និយាយថា លោកស្រី​នឹង​ព្យាយាម​ស្នើសុំ​សិទ្ធិ​នៅក្រៅ​ឃុំ​សម្រាប់​លោកស្រី Ressa ។​
 
​សូមបញ្ជាក់ថា សារព័ត៌មាន Rappler ចាប់ផ្តើម​ទទួលរង​ការ​ប្រតិកម្ម​ពី​រដ្ឋបាល​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ចាប់តាំងពី​ខ្លួន​បាន​ចុះផ្សាយ​អត្ថបទ​ព័ត៌មាន​រិះគន់​ចំៗ​លើ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​ដែល​បានសម្លាប់​មនុស្ស​រាប់ពាន់​នាក់​គិត​ចាប់ពី​ឆ្នាំ​២០១៦​មក​។ ក្នុង​រឿងក្តី​ពន្ធដារ រដ្ឋាភិបាល​ហ្វីលីពីន​ចោទប្រកាន់ថា សារព័ត៌មាន Rappler, លោកស្រី Ressa និង​សហការី​ផ្នែក​គណនេយ្យ មិន​បង់ពន្ធ​ជាង ៣ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៥ ។ 
 
​ក្រៅពី​សារព័ត៌មាន Rappler ប្រ​ធានា​ធីប​តី​ហ្វីលីពីន ឌូ​ទើ​តេ​ក៏បាន​ប្រតិកម្ម​ចំពោះ​សារព័ត៌មាន​ដែល​ហ៊ាន​ចេញមុខ​រិះគន់​ផ្សេងទៀត រួមមាន Philippine Daily, កាសែត Inquirer និង​ទូរទស្សន៍ ABS-CBN ។ ត្រង់ចំណុច​នេះ​លោក​បាន​ព្រមាន​តាម​ជាន់កែង​ម្ចាស់​សារព័ត៌មាន​ទាំងនោះ​ជុំវិញ​បទ​ចោទ​គេចពន្ធ ឬ​លែង​ផ្តល់​សិទ្ធិ​បើក​អាជីវកម្ម​ជាដើម​៕

Tag:
 ហ្វីលីពីន​
  Maria Ressa
© រក្សាសិទ្ធិដោយ thmeythmey.com