កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Pochettino ជឿជាក់ថា Spurs អាចឈានទៅវគ្គបន្តក្រោយឈ្នះ Dortmund ៣-០
× Tottenham Hotspur បានទទួលជ័យជម្នះលើក្រុម Borussia Dortmund ដល់ទៅ ៣-០ នាការប្រកួតពានរង្វាន់ UEFA Champions League ជើងទី១ វគ្គ១៦ក្រុមចុងក្រោយ នៅរាត្រីថ្ងៃទី១៣ ខែកុម្ភៈ។ លទ្ធផលនេះ លោក Mauricio Pochettino ថា Spurs អាចបោះជំហានឆ្ពោះទៅកាន់វគ្គបន្តបាន ជាមួយទម្រង់លេងដ៏ល្អរបស់កូនក្រុម។
ក្រុមមាន់ខ្នាយមាសធ្វើមិនសូវបានល្អនោះទេក្នុងការបើកឆាក ៤៥នាទីដំបូងនៅឯកីឡដ្ឋាន Wembley។ ក្នុងម៉ោងសម្រាក១៥នាទីក្រោយបញ្ចប់វគ្គទី១ លោក Pochettino បានរៀបចំទម្រង់លេងថ្មីដោយបង្កើនការលេងនៅតំបន់ប្រយុទ្ធ។
ចូលដល់វគ្គទី២ Spurs ពិតជាបានបង្ហាញការលេងដ៏អស្ចារ្យដោយអាចរកគ្រាប់បាល់រហូតដល់ទៅ៣គ្រាប់ដែលធ្វើបានពីសំណាក់កីឡាករខ្សែបម្រើកំពុងឡើងជើង Heung-Min Son (៤៧) ខ្សែការពារ Jan Vertonghen (៨៣) និង ខ្សែប្រយុទ្ធ Fernando Llorente (៨៦)។ ជ័យជម្នះ ៣-០ លើក្រុម Dortmund បានធ្វើឲ្យអ្នកចាត់ការសញ្ជាតិអាហ្សង់ទីនជឿជាក់ថាក្រុមលោកអាចឈានទៅវគ្គ១/៤ផ្តាច់ព្រ័ត្របាន។
«យើងបានបង្ហាញទម្រង់លេងអស្ចារ្យនៅតង់ទីពីរ។ នៅវគ្គទីមួយ វាពិតជាលំបាកណាស់តាំងពីដើមតង់សម្រាប់យើងក្នុងការលេងឲ្យត្រូវតំណែង ខណៈការប្រកួតបញ្ចប់ទៅដោយគ្មានគ្រាប់បាល់»។ Pochettino ប្រាប់ BT Sport ដូច្នេះដោយភាពរីរាយ។
លោកបន្ថែមថា៖« នៅវគ្គទីពីរយើងបានស្តាស្ថានភាពដោយអាចស៊ុតបញ្ចូលទី១គ្រាប់ ហើយបន្ទាប់មកក្រុមទាំងមូលចាប់ផ្តើមលេងដោយមានទំនុកចិត្តខ្ពស់ និងអាចរកគ្រាប់បាលបន្តបន្ទាប់។ ៣-០ ជាលទ្ធផលល្អ ប៉ុន្តែយើងត្រូវព្យាយាមបន្តទៀតនៅប្រកួតក្រោយ»។
រូបភាព ទំព័រហ្វេសប៊ុកផ្លូវការរបស់ UEFA Champions League
ចំណែក ម្ចាស់ការពារជើងឯកឆ្នាំចាស់ Real Madrid នៅតែបង្ហាញភាពខ្លាំងរបស់ខ្លួនក្នុងក្របខណ្ឌកំពូលអឺរ៉ុបនេះដោយអាចយកឈ្នះម្ចាស់ផ្ទះ Ajax ២-១ សម្រាប់ជំនួបជើងទី១នេះ។ ក្រុមយក្សអេស្ប៉ាញមួយនេះមានគ្រាប់បាល់ចំណេញក្រៅដី២គ្រាប់ជាទន់សម្រាប់ការប្រកួតជើងទី២ ដើម្បីបន្តគ្រងជើងឯកពាននេះ៤រដូវកាលជាប់គ្នា។ ២គ្រាប់របស់ Real ធ្វើបានដោយ Karim Benzema និង Marco Asensio ហើយ១គ្រាប់របស់ Ajax សម្រេចពីកីឡាករ Hakim Ziyech៕
Tag:
បាល់ទាត់
UEFA Champions League
Mauricio Pochettino
© រក្សាសិទ្ធិដោយ thmeythmey.com