អត្ថបទពាណិជ្ជកម្ម
មជ្ឈមណ្ឌលសេវាធនាគារអាជីវកម្មថ្មីរបស់ ABA ជាកន្លែងដោះស្រាយបញ្ហាអាជីវកម្មគ្រប់ប្រភេទ
× ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ខ្លួន ធនាគារ ABA បាននិងកំពុងពង្រីកផលិតផល និងសេវាកម្ម ដើម្បីគាំទ្រដល់ការកើនឡើងនៃតម្រូវការសេវាកម្ម និងតម្រូវការចម្រុះ ពីសំណាក់អតិថិជន ក្នុងវិស័យផ្សេងៗ ជាពិសេសអតិថិជនផ្នែកអាជីវកម្ម។ ជាក់ស្តែង កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ធនាគារ ABA បានប្រកាសដាក់ឲ្យដំណើរការផ្លូវការ មជ្ឈមណ្ឌលសេវា ធនាគារ អាជីវកម្ម ដំបូងរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុ។
មជ្ឈមណ្ឌលថ្មីនេះ អតិថិជនអាចទទួលបានការប្រើប្រាស់សេវារបស់ធនាគារ ABA យ៉ាងសម្បូរបែប រួមមានការគណនីចរន្ត និងសន្សំ, ការផ្ទេរប្រាក់ក្នុងស្រុក និងក្រៅស្រុក, រតនាគារ, ឥណទាន និងហិរញ្ញប្បទានពាណិជ្ជកម្ម, ការគ្រប់គ្រងសាច់ប្រាក់, កាតឥណពន្ធ/ឥណទានសម្រាប់អាជីវកម្ម, បង់សេវាកម្មផ្សេងៗ, សេវាប្រមូលប្រាក់ និងការបង់ប្រាក់, ធនាគារអនឡាញសម្រាប់អាជីវកម្ម និងអត្ថប្រយោជន៍ជាច្រើនទៀតសម្រាប់អាជីវកម្ម។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលសេវាធនាគារអាជីវកម្មរបស់ ABA ចាប់បើកដំណើរការ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល។ បុគ្គលិកផ្នែកប្រឹក្សា និងបេឡាករប្រកបដោយវិជ្ជាជីវៈ និងមានជំនាញច្បាស់លាស់ជាង២០រូប បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបម្រើអតិថិជនផ្នែកអាជីវកម្ម ក៏ដូចជាផ្ដល់ការប្រឹក្សាយោបល់ប្រកបដោយគុណភាព លើដំណោះស្រាយសមស្រប សម្រាប់តម្រូវការផ្នែកសេវាធនាគារពី ABA។
លោក ឈន ម៉ង់ឌី ប្រធាននាយកដ្ឋានសេវាធនាគារអាជីវកម្ម បានមានប្រសាសន៍ថា ធនាគារ ABA បានប្រឹងប្រែងអភិវឌ្ឍ និងបោះជំហានជាលំដាប់ ក្នុងការពង្រីកវិសាលភាពមួយកម្រិតទៀតសម្រាប់អតិថិជនរបស់ខ្លួន ដោយបង្កើតចេញបានជារូបរាង មជ្ឈមណ្ឌលសេវាធនាគារ ប្រកបដោយវិជ្ជាជីវៈ និងទំនុកចិត្ត មានទីតាំងនៅចំអគារការិយាល័យកណ្តាលរបស់ធនាគារ។ លោក ឈន ម៉ង់ឌី បានចាត់ទុក ការបង្កើតឲ្យមានមជ្ឈមណ្ឌលសេវាធនាគារអាជីវកម្មនេះ ថា ជាសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់មួយទៀតរបស់ ធនាគារABA។ បើតាមលោក ឈន ម៉ង់ឌី ដដែល គោលបំណងសំខាន់នៃការអភិវឌ្ឍរបស់មជ្ឈមណ្ឌលនេះ គឺផ្តោតលើការផ្តល់ជូននូវបទពិសោធន៍កាន់តែប្រសើរឡើង ក៏ដូចជាដើម្បីឲ្យអតិថិជនកាន់តែពេញចិត្ត ជាមួយដំណោះស្រាយធនាគារអាជីកម្ម ប្រកបដោយការគិតគូរខ្ពស់ រួមជាមួយរចនាសម្ព័ន្ធដែលមានភាពបត់បែន សម្រាប់អតិថិជន តាមប្រភេទអាជីវកម្ម និងតម្រូវការធនាគាររបស់ពួកគាត់។
លោក ម៉ី ប៉ូលីន នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្ម បានមានប្រសាសន៍ឲ្យដឹងក្នុងឱកាសនោះថា ធនាគារ ABA ទទួលបានកំណើនអតិថិជនដ៏គួរឲ្យកត់សម្គាល់ ក្នុងអត្រាជាមធ្យម៣៦ភាគរយ នារយៈពេល៥ឆ្នាំកន្លងមកនេះ និងបានរួមចំណែក នាំមកនូវផលបត្របញ្ញើចុងក្រោយសរុប ចំនួន ២.១៧ ពាន់លានដុល្លារ នៅដំណាច់ឆ្នាំ២០១៨។ លោក ម៉ី ប៉ូលីន បញ្ជាក់បន្តទៀតថា៖«កំណើនអតិថិជននេះ បានតម្រូវឲ្យធនាគារ ABA បង្កើតហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ចាប់តាំងពីធនធានមនុស្ស រហូតដល់ផលិតផល និងបែបបទដំណើរការ ដើម្បីបន្តផ្តល់ និងបំពេញតាមការរំពឹងទុករបស់អតិថិជន។ ជម្ឈមណ្ឌលសេវាធនាគារអាជីវកម្ម ត្រូវបានរៀបចំឡើងដោយអ្នកឯកទេស ដើម្បីផ្តល់នូវសេវាពិគ្រោះយោបល់ និងចែករំលែកបទពិសោធន៍ ដែលមានគុណភាពសម្រាប់អតិថិជនគោលដៅ ដែលកំណត់ដោយមជ្ឈមណ្ឌល៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com