ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជានៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានមកជួបជុំគ្នានៅអង្គការដើម្បីភាពញញឹមនៃកុមារ(PSE) ដើម្បីចែករំលែកបទពិសោធបាល់ទាត់ និងក្តីស្រលាញ់ដល់យុវជន និងកុមារនៅទីនោះ។ ការចែករំលែកនេះធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងពីអត្ថន័យនៃថ្ងៃ១៤កុម្ភៈ ដើម្បីកុំឲ្យពួកគេយល់ច្រឡំថាជាថ្ងៃបុណ្យសង្សារដែលពួកគេត្រូវលះបង់អ្វីគ្រប់យ៉ាង។ មួយវិញទៀតវាក៏ជាផែនការលើកដំបូងក្នុងការផ្សារភ្ជាប់ក្រុមជម្រើសជាតិ U22 និងសកម្មភាពសង្គមផងដែរ។
យុវជន និងកុមារកំព្រារាប់រយនាក់ ដែលកំពុងសិក្សានៅអង្គការ«ដើម្បីភាពញញឹមនៃកុមារកម្ពុជា» ទទួលបានការចែករំលែកបទពិសោធបាល់ទាត់ និងក្តីស្រលាញ់ពីក្រុមកីឡាករបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា ក្នុងថ្ងៃ«ទិវានៃក្តីស្រឡាញ់»។ ការចែករំលែកនេះ គឺដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងពីថ្ងៃ១៤កុម្ភៈ កុំឲ្យយុវជនមួយចំនួនតូចនៅយល់ច្រឡំ។
លោក ឈូក ពិសិដ្ឋ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិ U22 កម្ពុជាបានបញ្ជាក់ថា កម្មវិធីនេះរៀបចំឡើង ដើម្បីចែករំលែកបទពិសោធលេងបាល់ទាត់ថ្មីដល់យុវជន ដើម្បីឲ្យពួកគេយកទៅអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែប្រសើរ ពិសេសបញ្ជ្រាបការយល់ដឹងពីអត្ថន័យថ្ងៃ«ទិវានៃស្រលាញ់»ដល់ពួកគេកុំឲ្យយល់ច្រឡំ និងប្រព្រឹត្តអំពើមិនគប្បីនានា។ ព្រោះនៅមានយុវជនមួយចំនួនតូចនៅតែយល់ច្រឡំថា ថ្ងៃ១៤កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ដែលពួកគេត្រូវលះបង់អ្វីៗគ្រប់យ៉ាងដើម្បីសង្សារពួកគេ។
មួយវិញទៀត ការចែករំលែកនេះ វាជាផែនការអភិវឌ្ឍន៍កីឡាបាល់ទាត់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយចង់ផ្សារភ្ជាប់ក្រុមកីឡាករជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជាទៅនឹងសកម្មភាពសង្គម។ បន្ថែមលើសកម្មភាពលើកដំបូងនេះ សហព័ន្ធមានគម្រោងរៀបចំសកម្មភាពសង្គមតាមបណ្តាខេត្តនានាជាច្រើនទៀត ពាក់ព័ន្ធនឹងចាស់ជរា កុមារកំព្រា និងក្មេងគ្មានទីពឹងជាដើម។
ការចែករំលែក ដែលរៀបចំនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ចែកចេញជា៣ក្រុម ដោយក្រុមទី១ចែករំលែកពីបទពិសោធលេងបាល់ទាត់ដល់យុវជន ខណៈក្រុមទី២ចែករំលែកពីអាជីពលេងបាល់ទាត់ផ្ទាល់ខ្លួនរបស់កីឡាករដល់យុវជន តាមរយៈសំនួរចម្លើយ និងក្រុមទី៣ចែករំលែកពីការលេងបាល់ទាត់ និងក្តីស្រលាញ់ដល់ក្មេងៗអាយុចន្លោះពី៥ទៅ៦ឆ្នាំ។
លោក ចាន់ វាសនា គ្រូបង្វឹកក្រុមកីឡាកររបស់អង្គការ PSE បានចាត់ទុកការចែករំលែកបទពិសោធរបស់ក្រុម U22 កម្ពុជាថា ជាឱកាសដ៏ល្អសម្រាប់ក្រុមលោកក្នុងការទទួលបានបទពិសោធលេងបាល់ទាត់ និងតាក់តិចថ្មីៗ ដើម្បីអភិវឌ្ឍន៍ក្រុមឲ្យកាន់តែល្អប្រសើរ។
លោកបានរៀបរាប់ដូច្នេះថា៖«ខ្ញុំយល់ថាការចុះមកចែករំលែករបស់ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជាវាជាឱកាសមួយដ៏ល្អសម្រាប់យើង ព្រោះពួកគាត់បានផ្តល់បទពិសោធថ្មីៗដល់ពួកយើង។ ហើយពួកគាត់បានបង្ហាញតាក់តិចផ្សេងៗដូចជាការប៉ះបាល់ គ្រប់គ្រងបាល់ និងស៊ុតបាល់បញ្ជូលទី ដែលនាំឲ្យក្រុមក្មេងៗនៅ PSE ទទួលបានការយល់ដឹងច្រើនពីការចែករំលែកនេះ។ ដូច្នេះខ្ញុំគិតថា នេះជាបទពិសោធមួយដ៏ល្អសម្រាប់ក្មេងៗនៅទីនេះ»។
គ្រូបង្វឹករូបនេះបានបន្ថែមថា PSE ពុំទាន់មានបំណងបង្វឹកកីឡាករឲ្យឈានទៅរកកម្រិតអាជីពនៅឡើយទេ ពោលគឺហាត់គ្រាន់តែដើម្បីសុខភាព និងប្រជែងក្នុងពានតូចៗតែប៉ុណ្ណោះ។ ទោះបីយ៉ាងនេះក្តី កីឡាករ PSE ចំនួន៦រូប(២នាក់)ត្រូវបានក្លិបភ្នំពេញក្រោនជ្រើសរើសឲ្យធ្វើជាកីឡាករយុវជន។ បន្ថែមលើនេះ ក្រុម PSE ក៏ធ្លាប់ចូលរួមប្រកួតប្រជែងក្នុងពានរបស់ក្លិបភ្នំពេញក្រោននាពេលកន្លងមកផងដែរ៕
ក្រុម U22 ចែករំលែកបទពិសោធប្រឡូកក្នុងកីឡាបាល់ទាត់ផ្ទាល់ខ្លួនដល់យុវជន
លោក ចាន់ វាសនា គ្រូបង្វឹកបាល់ទាត់របស់ PSE ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន