អន្តរជាតិ
តុលាការ​ហ្វីលីពីន​ដោះលែង​លោកស្រី Maria Ressa នៅក្រៅ​ឃុំ​ដោយ​បង់លុយ​១៩០០​ដុល្លារ​
14, Feb 2019 , 3:34 pm        
រូបភាព
ដោយ:
​អ្នកសារព័ត៌មាន​ហ្វីលីពីន លោកស្រី Maria Ressa ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​នៅ​ថ្ងៃទី ១៤ ខែកុម្ភៈ ក្រោយពី​លោកស្រី​ត្រូវបាន​ចាប់ខ្លួន​នៅ​ការិយាល័យ​សារព័ត៌មាន Rappler ក្នុង​រដ្ឋធានី​ម៉ានីល​កាលពី​ថ្ងៃ​ពុធ​។

 
​លោកស្រី Ressa ដែល​ល្បីឈ្មោះ​ដោយសារ​ហ៊ាន​រិះគន់​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន ឌូ​ទើ​តេ បាន​ដើរ​ចេញពី​តុលាការក្រុង​ម៉ានីល ក្រោយពី​ចំណាយពេល​ពេញ​មួយ​យប់​នៅ​ការិយាល័យ​ស៊ើបអង្កេត​ជាតិ​ហ្វីលីពីន​។ 
 
​តុលាការ​ហ្វីលីពីន​បានសម្រេច​ដោះលែង​លោកស្រី Ressa ឲ្យ​នៅក្រៅ​ឃុំ តែ​ត្រូវ​បង់ប្រាក់​ចំនួន ១៩០០​ដុល្លារ​។ នេះ​ជា​លើក​ទី​៦​ហើយ​ដែល​លោកស្រី​បង់ប្រាក់​ដើម្បី​អាច​នៅក្រៅ​ឃុំ ក្រោយពី​រង​បទ​ចោទ​ជាច្រើន​ករណី​។ យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោកស្រី Ressa បាន​និយាយថា​៖ «​ការចាប់ខ្លួន​នេះ​មានន័យ​ពីរ​យ៉ាង​គឺ​ការរំលោភ​អំណាច និង​យក​ច្បាប់​ធ្វើជា​អាវុធ​»​។ 
 
​គួរ​រម្លឹក​ផងដែរ​ថា  លោកស្រី Maria Ressa ត្រូវបាន​ចាប់ខ្លួន​ក្នុង​ការិយាល័យ​លោកស្រី​នៅ​រដ្ឋធានី ម៉ានីល កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ក្រោម​បទ​ចោទ «​បរិហារកេរ្តិ៍​លើ​អ៊ីនធឺណិត​»​។ ចំណាត់ការ​ផ្លូវច្បាប់​ថ្មី​នេះ​កំពុង​ដាក់​សម្ពាធ​កាន់តែខ្លាំង​លើ​លោកស្រី Ressa និង​វេ​ប​សាយ​ព័ត៌មាន Rappler របស់លោក​ស្រី ដែល​បច្ចុប្បន្ន​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​រឿង​គេចពន្ធ​ផង​នោះ​។ 
 
​សារព័ត៌មាន Rappler ចាប់ផ្តើម​ទទួលរង​ការ​ប្រតិកម្ម​ពី​រដ្ឋបាល​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ចាប់តាំងពី​ខ្លួន​បាន​ចុះផ្សាយ​អត្ថបទ​ព័ត៌មាន​រិះគន់​ចំៗ​លើ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​ដែល​បានសម្លាប់​មនុស្ស​រាប់ពាន់​នាក់​គិត​ចាប់ពី​ឆ្នាំ​២០១៦​មក​។ ក្នុង​រឿងក្តី​ពន្ធដារ រដ្ឋាភិបាល​ហ្វីលីពីន​ចោទប្រកាន់ថា សារព័ត៌មាន Rappler, លោកស្រី Ressa និង​សហការី​ផ្នែក​គណនេយ្យ មិន​បង់ពន្ធ​ជាង ៣ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៥ ។ 
 
​ក្រៅពី​សារព័ត៌មាន Rappler ប្រ​ធានា​ធីប​តី​ហ្វីលីពីន ឌូ​ទើ​តេ​ក៏បាន​ប្រតិកម្ម​ចំពោះ​សារព័ត៌មាន​ដែល​ហ៊ាន​ចេញមុខ​រិះគន់​ផ្សេងទៀត រួមមាន Philippine Daily, កាសែត Inquirer និង​ទូរទស្សន៍ ABS-CBN ។ ត្រង់ចំណុច​នេះ​លោក​បាន​ព្រមាន​តាម​ជាន់កែង​ម្ចាស់​សារព័ត៌មាន​ទាំងនោះ​ជុំវិញ​បទ​ចោទ​គេចពន្ធ ឬ​លែង​ផ្តល់​សិទ្ធិ​បើក​អាជីវកម្ម​ជាដើម​៕

Tag:
 ហ្វីលីពីន​
  លោកស្រី Maria Ressa
© រក្សាសិទ្ធិដោយ thmeythmey.com