កីឡាអន្តរជាតិ
អន្តរជាតិ
គូរ​ស្នេហ៍​អាថ៌កំបាំង​របស់ Sala បង្ហាញមុខ​រៀបរាប់​ទុក្ខសោក ហើយ​អះអាង​ពី​ក្តី​ស្នេហ៍​អមតៈ​
14, Feb 2019 , 9:19 pm        
រូបភាព
កីឡាករ Emiliano Sala និង នាង Luiza Ungerer
កីឡាករ Emiliano Sala និង នាង Luiza Ungerer
​កីឡាការិនី​បាល់ទះ​អាជីព​សញ្ជាតិ​ប្រេ​ស៊ី​ល​ម្នាក់​អះអាងថា​នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​កីឡាករ​បាល់ទាត់ Emiliano Sala តាំងពី​ឆ្នាំ ២០១៧ មក​។ នាង​ថែមទាំង​និយាយទៀតថា​នាង​នឹង​ស្រឡាញ់​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន​ដែល​បាត់​បង់ជីវិត​ទៅហើយនោះ​ជា​រៀងរហូត​ទៅ​។


 
​នាង Luiza Ungerer អាយុ​៣១​ឆ្នាំ ដែល​សព្វថ្ងៃ​កំពុង​ប្រកប​អាជីព​ឲ្យ​ក្រុម Beziers Angels នៃ​លី​គ​កីឡាបាល់ទះ​ក្នុងប្រទេស​បារាំង បាន​ចេញមុខ​អះអាង​បែបនេះ​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​សារព័ត៌មាន​ប្រេ​ស៊ី​ល Globo​។​
 
​នាង​រៀបរាប់ថា​បាន​ជួប Sala តាំងពី​នាង​នៅ​លេង​ឲ្យ​ក្រុម VB Nantes និង​មាន​ទំនាក់ទំនង​គ្នា​តាមរយៈ​ការលេង​សា​រលើ​បណ្តាញ​សង្គម អំឡុង​ខែកញ្ញា ឆ្នាំ​២០១៧ មក​។​
​នាង Ungerer ដែលមាន​ដើមកំណើត​ក្នុង​ក្រុង Rio de Janeiro និង​ប្រកប​អាជីព​ជា​កីឡាការិនី​បាល់ទះ​នៅ​បារាំង​រយៈពេល​៨​រដូវ​កាលមក​នោះ ថា​នាង​បាន​ជួប Sala ថ្ងៃ​ចុងក្រោយ​ក្នុង​ពិធី​ខួបកំណើត​របស់​នាង​កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩​។​


 
«​គាត់​បាន​ប្រាប់​ខ្ញុំ​ថា​គាត់​ត្រូវ​ទៅកាន់​ក្លិប Cardiff City ដើម្បី​ចុះ​កិច្ចព្រមព្រៀង​ឲ្យ​បាន​រួចរាល់​ក្នុងការ​ផ្លាស់​ទៅលេង​នៅ​ទីនោះ​។ ខ្ញុំ​រីករាយ​មែនទែន​ព្រោះ​មើលទៅ​គាត់​ពិតជា​សប្បាយ​ចិត្តខ្លាំង​ណាស់​។ នោះ​ជា​ក្តី​សុបិន​របស់គាត់​ដែល​បាន​ទៅលេង​នៅ Premier League ដែលជា​លី​គ​ល្អ​បំផុត​លើ​ពិភពលោក​»​។ នាង Ungerer និយាយ​ដូច្នេះ​។​
 
Ungerer រៀបរាប់​អំឡុងពេល Sala កំពុង​បាត់​ខ្លួន​ថា មាន​មនុស្ស​ច្រើនណាស់​បាន​សួរ​នាង​ពី​ដំណឹង​អាក្រក់​នោះ​ប៉ុន្តែ​នាង​មិនបាន​និយាយ​អ្វី​ច្រើន​ទេ​គឺ​សុំ​តែ​ម្យ៉ាង​ឲ្យ​មិត្ត​ប្រុស​ខ្លួន​ត្រលប់​មកវិញ​ប៉ុណ្ណោះ​។ «​ខ្ញុំ​នៅតែ​សង្ឃឹម​ពី​ការបាត់​ខ្លួន​របស់គាត់​ព្រោះ​អ្វីៗ​ក៏​អាច​កើតឡើង​បានដែរ រហូតដល់​ពេលដែល​ខាង​ក្រុម​អ្នកស្វែងរក​ប្រកាសថា​ពួកគេ​បាន​រកឃើញ​សាកសព​ហើយ​នោះ​គឺជា​គាត់​»​។​
 
​បន្ទាប់ពី​ដឹង​ដំណឹង​ច្បាស់លាស់ នាង​បាន​និយាយ​លា​ទៅកាន់ Sala តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដោយ​សរសេរថា «​ដូច​អ្នក​តែងតែ​និយាយ​មក​ខ្ញុំ​ថា អរគុណ​ចំពោះ​ការធ្វើជា​អ្នក គឺ​ខ្ញុំ​នឹង​ស្រឡាញ់​អ្នកជា​រៀងរហូត​!»​។​


 
​កីឡាការិនី​បាល់ទះ​រូបនេះ​បញ្ជាក់ប្រាប់ Globo ទៀតថា ឥឡូវនេះ​នាង​ត្រូវតែ​សប្បាយរីករាយ​ចំពោះ​ខ្លួនឯង​និង​សម្រាប់ Sala ហើយ​នាង​នឹង​ព្យាយាម​រស់នៅ​សម្រាប់​ខ្លួនឯង និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​នាង​។ «​ខ្ញុំ​នឹង​ព្យាយាម ហើយ​រីករាយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន​ព្រោះ​នោះ​ជា​អ្វីដែល​គាត់​ចង់បាន​ដូចគ្នា​»​។​
 
​សូមបញ្ជាក់ថា បើតាម​សម្តី​លោក Julio Muller អភិបាលក្រុង Progreso សាកសព​របស់​កីឡាករ​បាល់ទាត់ Emiliano Sala ដែល​ស្រង់​ចេញពី​បាតសមុទ្រ​នឹង​ត្រូវយក​ទៅកាន់​ប្រទេស​អា​ហ្ស​ង់​ទីន​វិញ​នៅ​ចុង​សប្តាហ៍​នេះ​៕

Tag:
 Emiliano Sala
  Luiza Ungerer
© រក្សាសិទ្ធិដោយ thmeythmey.com