ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ រកឃើញ​រថយន្ត Maserati ៤០​គ្រឿង ប៉ុន្តែ​ច្រើន​រយ​គ្រឿង​ទៀត​បន្ត​បាត់
អន្តរជាតិ
ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ រកឃើញ​រថយន្ត Maserati ៤០​គ្រឿង ប៉ុន្តែ​ច្រើន​រយ​គ្រឿង​ទៀត​បន្ត​បាត់
14, Feb 2019 , 9:59 pm        
រូបភាព
រថយន្ត Maserati ដែលរកឃើញវិញ (រូបភាព៖ Reuters)
រថយន្ត Maserati ដែលរកឃើញវិញ (រូបភាព៖ Reuters)
ដោយ: ថ្មីៗ
​អាជ្ញាធរ​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ បាន​រកឃើញ​រថយន្ត​ស៊េរី​ទំនើប Maserati ៤០​គ្រឿង​ដែល​ខ្លួន​បាន​ទិញ​ពី​អ៊ីតាលី​សម្រាប់​ដឹក​ប្រតិភូ​កិច្ចប្រជុំ APEC ចុងឆ្នាំ​មុន ក្រោយ​បាត់អស់​មួយរយៈ​ដោយ​មិនដឹង​មូលហេតុ​។ ប៉ុន្តែ​រថយន្ត​ប្រភេទ​ផ្សេង​ជាច្រើន​រយ​គ្រឿង​ទៀត​នៅតែ​បន្ត​បាត់​នៅឡើយ ហើយ​គេ​បារម្ភ​ថា រថយន្ត​ទាំងនោះ​ត្រូវបាន​គេ​យកទៅ​ប្រើប្រាស់​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ផង​។


 
​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Maserati ចំនួន ៤០​គ្រឿង​ដ៏​ចម្រូងចម្រាស​នេះ​ត្រូវបាន​ប៉ូលិស​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ ប្រទះឃើញ​នៅក្នុង​ទីកន្លែង​ដាក់​រថយន្ត​មួយ​នៅ​កំពង់ផែ​នា​រដ្ឋធានី Port Mosby​។ គេ​មិនដឹង​ច្បាស់​ថា រថយន្ត​ទាំងអស់នេះ​បាត់​ដោយ​របៀប​ណា​ឡើយ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​អា​ស៊ី​ប៉ាស៊ីហ្វិក​ខែវិច្ឆិកា​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP រថយន្ត Maserati ដែល​បាត់​ហើយ​រកឃើញ​វិញ​នេះ មាន​សរុប ៤០​គ្រឿង ហើយ​វា​ត្រូវបាន​នាំចូល​ពី​អ៊ីតាលី​ដើម្បី​យកមក​ដឹក​ប្រតិភូ​មក​ចូលរួម​កិច្ចប្រជុំ​កន្លងមក​។ ជារួម​ក្នុង​មួយគ្រឿង រថយន្ត​នេះ​មានតម្លៃ​យ៉ាងតិច ១៣៥០០០​ដុល្លារ​អាមេរិក​ក្នុង​មួយគ្រឿង​ឯណោះ​។ 
 
​ក្រោយ​រកឃើញ​រថយន្ត​ទាំង ៤០​គ្រឿង​នេះ មន្ត្រី​រដ្ឋាភិបាល​បាន​បញ្ជាក់ថា រថយន្ត​ទាំងអស់​នឹងត្រូវ​លក់​ចេញ​នៅ​ថ្ងៃ ១៨ ខែកុម្ភៈ​ខាងមុខនេះ ខណៈដែល​រថយន្ត​ប្រាំបួន​គ្រឿងក្នុង​ចំណោម​នោះ​ខូចខាត​យ៉ាងដំណំ និង​បាត់អស់​គ្រឿង​ខ្លះៗ​ផង​។ ឯ​រថយន្ត​ស៊េរី​ខ្ពស់ Bentley Flying Spur បី​គ្រឿង​ទៀត​ដែលមាន​តម្លៃ​មួយគ្រឿង​មិនតិចជាង ៤១​ម៉ឺន​ដុល្លារ​នោះ​ក៏​នឹងត្រូវ​លក់​ចេញ​ដែរ​។ កន្លងមក រដ្ឋាភិបាល​ធ្លាប់​សន្យា​ដែរ​ថា ក្រោយ​ចប់​ប្រជុំ​រថយន្ត​ទាំងនេះ​នឹងត្រូវ​ដាក់​ឲ្យ​ដេញថ្លៃ ដើម្បី​បានទទួល​លុយ​ដែល​រដ្ឋ​ចំណាយ​មកវិញ​ដែរ​។​
 
​យ៉ាងណាក៏ដោយ គេ​បារម្ភ​ថា រថយន្ត Maserati នឹងត្រូវ​លក់​ចេញទៅ​ឲ្យ​ក្រុមហ៊ុន​មួយចំនួន​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​រដ្ឋាភិបាល​ក្នុងតម្លៃ​ថោក​ថែម​ទៀតផង​។ 
 
​ត្រឡប់មកវិញ រដ្ឋាភិបាល​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ បានស្នើ​ឲ្យ​ប៉ូលិស​តាមរក​រថយន្ត​រហូត​ដល់ ១៥០០​គ្រឿង​ដែល​បាន​បាត់ បន្ទាប់ពី​កិច្ចប្រជុំ​កម្រិត​ពិភពលោក​នេះ ហើយ​រថយន្ត​ទាំងនេះ​ត្រូវបាន​ទិញ​ដោយ​ប្រើប្រាស់​កញ្ចប់​លុយ​រដ្ឋ និង​ខ្លះទៀត​ត្រូវបាន​ប្រទេស​ដទៃ​បរិច្ចាគ​ឲ្យ​ផងដែរ​។​
 
​ការបាត់​រថយន្ត​ច្រើន​រយ​គ្រឿង​ដោយ​មិនដឹង​មូលហេតុ​នេះ​កំពុង​ក្លាយជា​រឿង​ឈឺក្បាល​ផ្នែក​នយោបាយ​សម្រាប់​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​លោក Peter O’Neill ដែល​កំពុងតែ​ប្រឈម​នឹង​ការដក​សេចក្តីទុកចិត្ត​ពីស​ភា​ផង​នោះ​។​
 
​ជុំវិញ​បញ្ហា​បាត់​រថយន្ត​នេះ ប្រធាន​អង្គភាព​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​លោក Dennis Corcoran  បាន​បញ្ជាក់ថា រថយន្ត​ប្រហែល ២៨៤​គ្រឿង​ដែល​ត្រូវបាន​រដ្ឋ​ចេញ​លិខិតអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ដោយ​បុគ្គល​ក្នុងអំឡុង​កិច្ចប្រជុំ APEC ប៉ុន្តែ​មកដល់​ឥឡូវ អ្នកប្រើប្រាស់​ទាំងនោះ​មិនបាន​គេ​នាំយក​រថយន្ត​ត្រឡប់មកវិញ​ទេ​។ គេ​វាយតម្លៃ​ដែរ​ថា រថយន្ត​មួយចំនួន កំពុងស្ថិត​ក្រោម​ការប្រើ​ប្រាស់​ដោយ​ភ្នាក់ងាររដ្ឋ ប៉ុន្តែ​គេ​មិន​បានដឹង​ច្បាស់​ថា​មាន​ប៉ុន្មាន​គ្រឿង​ឲ្យ​ប្រាកដ​ឡើយ​។ 
 
 ឡាន​ទាំងនោះ​មាន​ទាំង​ប្រភេទ Land Cruiser, Ford, Mazda និង Pajero ផងដែរ​។  វា​បានន័យថា ទោះជា​រកឃើញ​រថយន្ត​ទំនើប ៤០​គ្រឿង​នោះ​ក៏ដោយ រថយន្ត​រាប់រយ​គ្រឿង​ទៀត​នៅ​បន្ត​បាត់ និង​គ្មាន​តម្រុយ​សោះ​។ ប៉ុន្តែ​លោក Corcran សង្ឃឹមថា ឡាន​ទាំងនោះ​នឹង​ត្រូវគេ​យកមក​ប្រគល់​ឲ្យ​អាជ្ញាធរ​វិញ ព្រោះ​លោក​មាន​បញ្ជី​ឈ្មោះ​បុគ្គល​ទាំងនោះ​៕
 

Tag:
 ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ​
  Maserati
  APEC
© រក្សាសិទ្ធិដោយ thmeythmey.com