អន្តរជាតិ
អាមេរិក និងសម្ព័ន្ធមិត្តបើកសន្និសីទអន្តរជាតិប្រឆាំងអ៊ីរ៉ង់នៅប៉ូឡូញ រូបភាព AFP
× អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានប្រមូលផ្ដុំគ្នានៅទឹកដីប៉ូឡូញក្នុងសន្និសីទអន្តរជាតិស្ដីពីអ៊ីរ៉ង់។ អាមេរិក នឹងប្រើជំនួបអន្តរជាតិនេះដើម្បីប្រមូលកម្លាំងរួមដើម្បីប្រឆាំងឥទ្ធិពលអ៊ីរ៉ង់។ អ្វីគួរឲ្យកត់សម្គាល់ ប្រទេសអឺរ៉ុបបញ្ជូនមន្ត្រីថ្នាក់ទាបចូលរួមក្នុងសន្និសីទនេះ ព្រោះកំពុងមានជំហរផ្ទុយគ្នានឹងអាមេរិកជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលអាមេរិកដើរចេញកាលពីឆ្នាំមុន។ អ៊ីរ៉ង់ដែលជាគោលដៅរបស់អាមេរិក ចាត់ទុកជំនួបនេះជារោងសៀកប៉ុណ្ណោះ។
អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ជាឥស្សរជនសំខាន់ជាងគេ ក្នុងសន្និសីទអន្តរជាតិស្ដីពីអ៊ីរ៉ង់នៅរដ្ឋធានីវ៉ាសូវីរបស់ប៉ូឡូញ។ សន្នសីទដែលមានប្រទេស៦០ចូលរួមនេះ ចាប់ផ្ដើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ដោយអាមេរិកនឹងបង្កើនការដាក់សម្ពាធលើអ៊ីរ៉ង់ជុំវិញកម្មវិធីនុយក្លេអ៊ែរ និងតួនាទីរបស់អ៊ីរ៉ង់នៅមជ្ឈបូព៌ាដែលធ្វើឲ្យអាមេរិក និងសម្ព័ន្ធមិត្តមិនសប្បាយចិត្ត។
ប្រទេសអឺរ៉ុបធំៗជាច្រើន មិនបានបញ្ជូនមន្ត្រីជាន់ខ្ពស់ដូចជារដ្ឋមន្ត្រីការបរទេសអ្វីឡើយ ព្រោះកំពុងមិនពេញចិត្តនឹងនយោបាយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ និងដាក់ទណ្ឌកម្មអ្នករកស៊ីជាមួយអ៊ីរ៉ង់ទៅទៀត។ អឺរ៉ុបដែលជម្នះរកស៊ីជាមួយក្រុងតេហេរ៉ង់ បានបង្កើតប្រតិបត្តិការហិរញ្ញវត្ថុថ្មីដើម្បីការពារក្រុមហ៊ុនរបស់ពួកគេពីការដាក់ទណ្ឌកម្មហិរញ្ញវត្ថុរបស់អាមេរិក។
លោក ណេតាន់យ៉ាហ៊ូ ឯណេះវិញ ក៏ឆ្លៀតកេងចំណេញពីជំនួបអន្តរជាតិនេះ ដើម្បីបង្ហាញពីការរួបរួមគ្នារវាងអ៊ីស្រាអែល និងប្រទេសតំបន់អារ៉ាប់ដែលមើលមុខគ្នាមិនត្រូវតាំងពីដើម។ បើតាមទីភ្នាក់ងារព័ត៌មាន AFP នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះបញ្ជាក់ថា ក្នុងបន្ទប់ដែលមានរដ្ឋមន្ត្រីការបរទេសតំណាងឲ្យប្រទេស៦០ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងរដ្ឋមន្ត្រីការបរទេអារ៉ាប៊ឈរជាមួយគ្នា និងនិយាយជាសំឡេងតែមួយ ប្រឆាំងការគំរាមកំហែងរួមរបស់អ៊ីរ៉ង់។
ជំនួបនៅប៉ូឡូញ ចាប់ផ្ដើមក្រោយហេតុការណ៍បំផ្ទុះគ្រាប់បែកនៅអ៊ីរ៉ង់សម្លាប់កងឆ្មាំបដិវត្តន៍២៧នាក់នៅថ្ងៃទី១៣ ខែកុម្ភៈ។ ក្រុងតេហេរ៉ង់ក៏បានភ្ជាប់ករណីបំផ្ទុះគ្រាប់បែកអត្តឃាតនេះទៅនឹងសន្និសីទនៅនៅអឺរ៉ុបដែលរៀបចំដោយអាមេរិក។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif ចាត់ទុកកិច្ចប្រជុំនេះជាវង់សៀកនៅវ៉ាសូវី និងថា វាមិនមែនជារឿងចៃដន្យឡើយដែលអ៊ីរ៉ង់រងការវាយប្រហារនៅថ្ងៃដំបូងនៃជំនួបនេះ។
លោក ត្រាំ ដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ងឆ្នាំ២០១៥ ដែលចរចាដោយអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដោយលោកចាត់ទុកជាកិច្ចព្រមព្រៀងដ៏អាក្រក់បំផុត។ លោក ត្រាំ ចោទអ៊ីរ៉ង់ថា មិនគោរពតាមកិច្ចព្រមព្រៀងនេះ ហើយកិច្ចព្រមព្រៀងដដែលនេះបើកផ្លូវឲ្យអ៊ីរ៉ង់អភិវឌ្ឍកម្មវិធីមីស៊ីលរបស់ខ្លួន។ អឺរ៉ុប និងហត្ថលេខីផ្សេងទៀតសុទ្ធតែប្រឆាំងគំនិតអាមេរិក និងបន្តរកផ្លូវដើម្បីបន្តការធ្វើពាណិជ្ជកម្មជាមួយប្រទេសនេះដដែល៕
Tag:
អាមេរិក
អ៊ីរ៉ង់
ប៉ូឡូញ
© រក្សាសិទ្ធិដោយ thmeythmey.com