អន្តរជាតិ
វៀតណាម​ត្រៀម​ចែក​បទពិសោធន៍​កសាង​ជាតិ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ដើម្បី​ជួយ​«​កូរ៉េខាងជើង​»​ឲ្យ​រីកចម្រើន​
14, Feb 2019 , 5:59 pm        
រូបភាព
ជំនួបរវាងរដ្ឋមន្ត្រីការបរទេសវៀតណាម និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងកាលពីឆ្នាំ ២០១៨ (រូបភាព៖ VTC News)
ជំនួបរវាងរដ្ឋមន្ត្រីការបរទេសវៀតណាម និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងកាលពីឆ្នាំ ២០១៨ (រូបភាព៖ VTC News)
​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាមេរិក​-​កូរ៉េខាងជើង «​វៀតណាម​»​ប្រកាសថា ខ្លួន​ត្រៀមលក្ខណៈ​រួចជាស្រេច​ហើយ​ដើម្បី​ចែកបទ​ពិសោធន៍​នានា​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ជំរុញ​ការធ្វើសមាហរណកម្ម​ចូលក្នុង​សហគមន៍​អន្តរជាតិ​ដល់​កូរ៉េខាងជើង​។ រដ្ឋ​សង្គមនិយម​មួយ​នេះ​ក៏​រំពឹង​ពង្រឹង​ចំណងមិត្តភាព​ទ្វេភាគី​ជាមួយ​កូរ៉េខាងជើង និង​បន្ត​គាំទ្រ​ដល់​ការកសាង​សន្តិភាព និង​ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ​នៅពេល​ខាងមុខ​ដែរ​។​


 
​ក្នុងជំនួប​ទ្វេភាគី​នា​រដ្ឋធានី​ព្យុងយ៉ាង​ថ្ងៃ​ពុធ​ទី ១៣​ខែកុម្ភៈ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស​វៀតណាម​លោក ផាម ប៊ិន​មិញ បាន​ថ្លែង​ដោយ​ចំហ​ប្រាប់​សម​ភាគី​កូរ៉េខាងជើង​ថា វៀតណាម​ត្រៀមខ្លួន​ជាស្រេច​ហើយ​ដើម្បី​ចែករម្លែក​រាល់​បទពិសោធ​ន៍​ល្អៗ​ទាំង​ការកសាង​ជាតិ​, កសាង​សេដ្ឋកិច្ចសង្គម និង​ចូល​រួមរស់​ជាមួយ​សហគមន៍​អន្តរជាតិ​ដល់​មិត្ត​កូរ៉េខាងជើង​ដើម្បី​រីកចម្រើន​ទាំងអស់គ្នា​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន KCNA បាន​ផ្សាយ​ថា  ក្រៅពី​ប​ង្កើ​ប​ពី​បំណង​ចែករម្លែក​បទពិសោធន៍ លោក ផាម ប៊ិន​មិញ  ក៏បាន​បញ្ជាក់​ផងដែរ​ថា វៀតណាម​ក៏​នឹង​បន្ត​គាំទ្រ​រាល់​កិច្ចសន្ទនា​នារ​វាង​អាមេរិក​និង​កូរ៉េខាងជើង​ដើម្បី​រក្សា​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ​ដែរ​ជាពិសេស​ការឈាន​ទៅ​រំសាយ​អាវុធ​។ 
 
​ដោយឡែក​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង រី យ៉ុង​ហូ វិញ រំពឹងថា កូរ៉េខាងជើង និង​វៀតណាម​នឹង​អាច​ពង្រឹង​ចំណងមិត្តភាព​ទ្វេភាគី​ឲ្យ​រឹងមាំ​លើ​វិស័យ​ជាច្រើន​ផ្សេងទៀត មុន​ខួប​លើក​ទី ៧០​នៃ​ការបង្កើត​ចំណង​ការទូត​មកដល់​។ ប្រមុខ​ការទូត​រូបនេះ​ក៏​ឆ្លៀតឱកាស​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ភាគី​វៀតណាម​ដែល​តែងតែ​យកចិត្តទុកដាក់​បន្ត​ជ្រោមជ្រែង​ដល់​ដំណើរ​ការកសាង​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​ដូចគ្នា​។​
 
​តាមពិតទៅ ឧបនាយករដ្ឋមន្ត្រី ផាម ប៊ិ​ញ​មិញ បាន​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​ក្នុង​រយៈពេល​បី​ថ្ងៃ តប​តាម​ការអញ្ជើញ​របស់​ស​ម​ភាគី​កូរ៉េខាងជើង រី យ៉ុង​ហូ ដោយសារ​ភាគី​ទាំងពីរ​ត្រូវ​ពិភាក្សាគ្នា​ពី​បញ្ហា​ពិធីការ​ដើម្បី​ទទួល​ស្វាគមន៍​ប្រតិភូ និង​មេដឹកនាំ​កូរ៉េខាងជើង​មក​ចូលប្រជុំ​កំពូល​អាមេរិក និង​កូរ៉េខាងជើង ចុងខែ​កុម្ភៈ​នេះ​។​
 
​កាលពី​ថ្ងៃ ៩​ខែកុម្ភៈ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានប្រកាស​ជា​ផ្លូវការ​ថា លោក​នឹង​ជួប​ជាមួយ​លោក គីម ជុង​អ៊ុន ជាថ្មីទៀត​នៅ​រដ្ឋធានី​ហាណូយ​ប្រទេស​វៀតណាម​នៅ​ថ្ងៃ ២៧ និង ២៨ ខែកុម្ភៈ​។ ការសម្រេចចិត្ត​រើស​រដ្ឋធានី​វៀតណាម នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​កិច្ចប្រជុំ​រវាង​អ្នកតំណាង​ពិសេស​របស់​អាមេរិក​ទ​ទួល​បន្ទុក​កូរ៉េខាងជើង Stephen Biegun ជាមួយ​តំណាង​ពិសេស​កូរ៉េខាងជើង​ទទួលបន្ទុក​កិច្ចការ​អាមេរិក​លោក Kim Hyok Chol នា​រដ្ឋធានី​ព្យុងយ៉ាង​ផង​។​
 
​វា​មាន​ហេតុផល​ច្រើន ដែល​ក្រុង​ហាណូយ ត្រូវបាន​ជ្រើសរើស​ជា​កន្លែង​រៀបចំ​កិច្ចប្រជុំ​។ ប៉ុន្តែ​ជារួម​លោក ត្រាំ ចង់​ផ្តល់ឱកាស​ឲ្យ​មេដឹកនាំ​កូរ៉េខាងជើង​បានឃើញ​ការរីកចម្រើន​របស់​វៀ​ត​ណា​ម និង​អាច​ដកស្រង់​ពិសោធន៍ ឬ​អាចឈាន​ទៅយក​គម្រូ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​រដ្ឋ​អាស៊ីអាគ្នេយ៍​នេះ​មក​អនុវត្តតាម​ផង ក្នុងពេល​ខ្លួន​ចាប់ផ្តើម​រំសាយ​សព្វាវុធ​នៅពេល​ខាងមុខ​នោះ​។ អ្វីដែល​សំខាន់​គឺ​របៀប​នៃ​ការចាប់ផ្តើម​សមាហរណកម្ម​ចូល​ជាមួយ​សហគមន៍​អន្តរជាតិ និង​ងាក​មក​ចាប់ដៃ​អាមេរិក​ធ្វើជា​មិត្ត​ដូចដែល​រដ្ឋាភិបាល​វៀត​ណា​ម​កំពុង​ធ្វើ​នោះ​។​
 
​វៀតណាម ដែល​ធ្លាប់ជា​សត្រូវ​ស៊ីសាច់ហុតឈាម​របស់​អា​មេ​រិ​ក ត្រូវបាន​គេ​ចាត់ទុកជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស​បំផុត​មួយ​ក្នុង​តំបន់ ថ្វីបើ​រដ្ឋ​អាស៊ីអាគ្នេយ៍​នេះ​នៅ​បន្ត​រក្សា​ប្រព័ន្ធ​នយោបាយ​បិទ​ក្តី​។ វៀតណាម​ស្គាល់​ការអភិវឌ្ឍ​យ៉ាង​ក្លៀវក្លា​មួយ​ក្រោយ​ការអនុវត្ត​នយោបាយ​កំណែទម្រង់សេដ្ឋកិច្ច «​ដូ​យ​មឺ​យ​» អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ ដោយ​រក្សា​ប្រព័ន្ធ​នយោបាយ​សង្គមនិយម​ដដែល​។ 
 
​ត្រឡប់មកវិញ វៀតណាម​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​នៅក្នុង​តំបន់​មួយ​របស់​កូរ៉េខាងជើង​។ ភាគី​ទាំងពីរ​បាន​បង្កើត​ចំណង​ការទូត​ផ្លូវការ​នៅក្នុង​ឆ្នាំ ១៩៥០ ហើយ​មេដឹកនាំ​កូរ៉េខាងជើង គីម អ៊ី​ល​ស៊ុ​ង បានមក​ទស្សនកិច្ច​នៅ​វៀតណាម​ពីរដង​មាន​ឆ្នាំ ១៩៥៨ និង​ឆ្នាំ ១៩៦៤​។ ចំណែក​មេដឹកនាំ​វៀតណាម ហូ ជី​មិញ ធ្លាប់​ទៅ​ទស្សនកិច្ច​ក្រុង​ព្យុងយ៉ាង​ម្តង​ដែរ​នៅ​ឆ្នាំ ១៩៥៧​។ 
 
​ប៉ុន្តែ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap របស់​កូរ៉េខាងត្បូង ទំនាក់ទំនង​ទ្វេភាគី​រវាង​វៀតណាម និង​កូរ៉េខាងជើង​ល្អក់កករ​នៅ​ខែធ្នូ​ឆ្នាំ ១៩៧៨ នៅពេលដែល​វៀតណាម​លើកទ័ព​ចូល​កម្ពុជា​ដើម្បី​ផ្តួលរំលំ​របប​ដឹកនាំ​ខ្មែរក្រហម​។ កូរ៉េខាងជើង​ខឹងសម្បា​រហើយ​បញ្ជា​ដក​ឯកអគ្គរដ្ឋទូត​ខ្លួន​ពី​វៀតណាម​។ ដល់​ឆ្នាំ ១៩៨៤ ភាគី​ទាំងពីរ​សម្រេច​បញ្ជូន​ឯកអគ្គរដ្ឋទូត​ទៅវិញ​ទៅមក​ឡើងវិញ​ជា​ផ្លូវការ​ដែរ​៕ 

Tag:
 វៀតណាម​
  កូរ៉េខាងជើង​
  ជំនួប​ត្រាំ​-​គីម​
  នុយក្លេអ៊ែរ​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com