អន្តរជាតិ
ត្រាំ ត្រៀម​ប្រកាស «​រដ្ឋ​ក្នុង​ភាពអាសន្ន​» ដើម្បី​សង់​ជញ្ជាំង ឯ​បក្ស​ប្រជាធិបតេយ្យ​ចាត់ទុកថា រំលោភ​អំណាច​
15, Feb 2019 , 10:45 am        
រូបភាព
​ប្រធានាធិបតី អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ត្រៀម​ប្រកាស​រដ្ឋ​ក្នុង​ភាពអាសន្ន​ដើម្បី​ប្រើប្រាស់​អំណាច​របស់ខ្លួន​បញ្ជា​ឲ្យ​មានការ​សាងសង់​ជញ្ជាំង​តាម​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​តាម​ការសន្យា​។ មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​បាន​ព្រមាន​ជាមុន​ថា ការដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​ជា​កំហុស​ផ្លូវច្បាប់​ដ៏​ធំ​មួយ​ដ្បិត​ភាពអាសន្ន​មិនមាន​កើតឡើង​នៅ​ព្រំដែន​ឡើយ ហើយ​ទង្វើ​របស់លោក ត្រាំ នឹង​ជំរុញ​ឲ្យ​ប្រធានាធិបតី​ដទៃ​ធ្វើបែបនេះ​ដូចគ្នា​ក្នុង​កាលៈទេសៈ​ផ្សេងទៀត​។ បក្ស​ប្រជាធិបតេយ្យ​អាច​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំងនឹង​ការប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​ដូចគ្នា​ដែរ​។​


 
​មេដឹកនាំ​ក្រុម​ភាគច្រើន​នៃ​ព្រឹទ្ធសភា​តំណាង​បក្ស​សាធារណរដ្ឋ​លោក Mitch McConnell បានប្រកាស​នៅ​ព្រហស្បតិ៍​ទី ១៤ ខែកុម្ភៈ​ថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ព្រម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួម​ដែល​ផ្តល់​កញ្ចប់​ថវិកា ១,៣ ពាន់​លាន​ដុល្លារ​សម្រាប់​សង់​របង​ព្រំដែន និង​កញ្ចប់​ថវិកា​ប្រចាំឆ្នាំ​សម្រាប់​ទី​ដំណើរការ​ភ្នាក់ងារ​រដ្ឋាភិបាល​ដល់​ចុងខែ​កញ្ញា​។​
 
 វា​នឹង​ជួយ​បញ្ចៀស​ការបិទ​រដ្ឋាភិបាល​ដោយ​ផ្នែក​ជាថ្មី​ដែល​ត្រូវ​ចាប់ផ្តើម​សុក្រ​ទី ១៥ ខែកុម្ភៈ​នេះដែរ ប៉ុន្តែ​គ្មាន​ថវិកា ៥,៧​ពាន់​លាន​ដុល្លារ​សម្រាប់​សង់​ជញ្ជាំង​ទេ​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា សមាជិក​ព្រឹទ្ធសភា​ខាងលើ​បន្ថែមថា ប្រធានាធិបតី ត្រាំ ក៏​នឹង​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​ដែរ​ដើម្បី​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការប្រើប្រាស់​អំណាច​ប្រតិបត្តិ​សាងសង់​ជញ្ជាំង​ព្រំដែន​តាម​ការចង់បាន​របស់ខ្លួន​។​
 
​លោក  McConnel ក៏​ព្រលយ​ផងដែរ​ថា លោក​និង​បណ្តា​អ្នក​សាធារណរដ្ឋ​ផ្សេងទៀត​នឹង​គាំទ្រ​ចំណាត់ការ​របស់​ប្រធានាធិបតី ដ្បិត​លោក ត្រាំ កំពុង​ចាត់វិធានការ​គ្រប់យ៉ាង​ដែល​ខ្លួន​អាចធ្វើ​បាន​ដោយ​ស្របតាម​ច្បាប់​ដើម្បី​ការពារ​សន្តិសុខ​ព្រំដែន​។ 
 
​តាមពិតទៅ ក្រោម​ច្បាប់​គ្រាអាសន្ន​ជាតិ ប្រធានាធិបតី​អាច​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​បាន​ក្រោម​ហេតុផល​ច្បាស់លាស​មួយចំនួន​។ ការប្រើប្រាស់​វិធានការ​នេះ​នឹង​អនុញ្ញាត​ឲ្យ​សេត​វិមាន​ប្រកាស​ប្រើ​ច្បាប់អាជ្ញាសឹក ព្យួរ​សិទ្ធិ​ស៊ីវិល​របស់​ប្រជាពលរដ្ឋ បង្កើន​ការប្រើប្រាស់​យោធា រឹបអូស​ទ្រព្យសម្បត្តិ និង​រឹតបន្តឹង​សកម្មភាព​នានា​រួមទាំង​ពាណិជ្ជកម្ម និង​ចរាចរណ៍​លុយកាក់​ជាដើម​។​
 
​យ៉ាងណាក៏ដោយ ចំណាត់ការ​របស់លោក ត្រាំ នឹង​បង្ក​ឲ្យ​មានរឿង​ស្មុគស្មាញ​ច្រើន​។ ភ្លាមៗ​ក្រោយ​លោក McConnel ប្រកាសថា លោក ត្រាំ នឹងដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​បាន​ទិតៀន និង​ព្រមាន​ពី​ផលប៉ះពាល់​ដែល​មិន​នឹកស្មាន​ដល់​នៅពេល​អនាគត​ដែរ​។ 
 
«​ការប្រកាស​ភាពអាសន្ន​ជាតិ​នឹង​ក្លាយជា​ទង្វើ​គ្មាន​ច្បាប់ទម្លាប់ ជាការ​បំពាន​អំណាច​របស់​ប្រធានាធិបតី និង​ជាការ​ប៉ុនប៉ង​ទាញ​ការចាប់អារម្មណ៍​បញ្ហា​ពិត​ដែល​កំពុង​កើតឡើង​ជាពិសេស​គឺ​ការបំពាន​ការសន្យា​របស់លោក ត្រាំ ក្នុងការ​ទារលុយ​សង់​ជញ្ជាំង​ពី​ម៉ិ​ក​ស៊ិ​ក​នោះ​»​។ នេះ​ជា​សេចក្តីថ្លែងការណ៍​រួម​រវាង​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី (Nancy Pelosi) ប្រធានរដ្ឋសភា និង មេដឹកនាំ​ភាគតិច​បក្ស​ប្រជាធិបតេយ្យ​ប្រចាំ​ព្រឹទ្ធសភា​លោក Chuck Schumer​។​
 
​ក្រៅពី​ចាត់ទុក​ទង្វើ​លោក ត្រាំ ជា​រឿង​រំលោភ​អំណាច លោកស្រី ផេ​ឡូ​ស៊ី ថែមទាំង​ព្រមាន​ប្រើប្រាស់​វិធានការ​ច្បាប់​ដើម្បី​តតាំង​នឹង​ចំណាត់ការ​លោក ត្រាំ នៅ​តុលាការ បើសិនជា​មានការ​ប្រកាស​ភាពអាសន្ន​មែន​។ 
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោកស្រី បាន​គំរាម​ច្បាស់ៗ​ថា នៅពេល​ខាងមុខ ប្រធានាធិបតី​ពី​បក្ស​ប្រជាធិបតេយ្យ​ក៏​នឹង​អាច​ប្រើ​អំណាចនីតិប្រតិបត្តិ​ដោយ​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​ដើម្បី​ដោះស្រាយ​ធំៗ​ទាំង​បញ្ហា​ប្រព័ន្ធ​សុខាភិបាល និង​ការគ្រប់គ្រង​អាវុធ​ជាដើម​។ លោកស្រី​បន្ថែមថា គោលនយោបាយ​គ្រប់យ៉ាង​នឹងត្រូវ​សម្រេច​ដោយ​សេត​វិមាន ដោយ​មិនចាំបាច់​ឆ្លងកាត់​តាម​សភា​ដូច​រាល់ដង​ឡើយ ក្នុងករណី​ដែល​លោក ត្រាំ ចាញ់ឆ្នោត​ឆ្នាំ ២០២០​។​
 
​ដោយឡែក​សមាជិក​បក្ស​សាធារណរដ្ឋ​មួយចំនួន​បានបង្ហាញ​កង្វល់​ចំពោះ​ការប្រើប្រាស់​អំណាចនីតិប្រតិបត្តិ​ហួសហេតុ​របស់​ប្រធានាធិបតី​ដែរ​។ កន្លងមក​សមាជិក​ព្រឹទ្ធសភា Marco Rubio បាន​ថ្លែងថា លោក​ចង់​ឲ្យ​រាល់​សមាជិកសភា​ឯទៀត​គិត​គួរ​ហ្មត់ចត់​ពី​ផលប៉ះពាល់​រយៈពេល​វែង​។​
 
«​ថ្ងៃស្អែក គ្រោះអាសន្ន​សម្រាប់​សន្តិសុខ​ជាតិ​ប្រហែល​អាចជា​ការប្រែប្រួល​អាកាសធាតុ​។ ដូច្នេះ​យើង​អាច​រឹបអូស​រោងចក្រ​ប្រេង​ជាដើម​។ ប្រហែលជា​អ្វីដែល​ខ្ញុំ​និយាយ​ជាការ​បំប៉ោង​ស្ថានការណ៍​បន្តិច ប៉ុន្តែ​តាម​យោបល់​ខ្ញុំ​គឺ យើង​ត្រូវ​ប្រុងប្រយ័ត្ន​ពេល​និយាយ​ដល់​ការគាំទ្រ​ការប្រើប្រាស់​អំណាចនីតិប្រតិបត្តិ​លើសលុប​ក្នុងប្រទេស​យើង​»​។ លោក Rubio បានបញ្ជាក់​ដូច្នេះ​កាលពី​ខែមករា​កន្លងទៅ​៕
 

Tag:
 ដូ​ណា​ល់ ត្រាំ​
  ជញ្ជាំង​ម៉ិ​ក​ស៊ិ​ក​
 ​ណាន់​ស៊ី ផេ​ឡូ​ស៊ី​
  Mitch McConnell
© រក្សាសិទ្ធិដោយ thmeythmey.com