លោក យា ថុង សកម្មម្នាក់របស់អតីតគណបក្សសង្គ្រោះជាតិ បានទទួលមរណភាព នៅម៉ោង៧យប់ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងវ័យ៤៥ឆ្នាំ ដោយជំងឺមហារីកសួត។ សពរបស់លោក កម្កល់ធ្វើបុណ្យនៅភូមិស្រីជ័យ ឃុំបឹងក្រាញ់ ស្រុកសំរោង ខេត្តតាកែវ។
លោក យា ថុង ជាសកម្មជនម្នាក់ ដែលធ្លាប់ជាប់ពន្ធនាគារជាង៣ឆ្នាំ ជាមួយសកម្មជននិងមន្ត្រីទ១៤នាក់ផ្សេងទៀតនៃអតីតគណបក្សប្រឆាំង រួមមាន លោក អ៊ុំ សំអាន, លោក មាជ សុវណ្ណារ៉ា, លោក រឿន ចិត្រា, លោក អឿ ណារិន, លោក ឃិន រឿន, លោក នាង សុឃុន, លោក សាន គឹមហេង, លោក ស៊ុំ ពុទ្ធី, លោក កែ ឃីម, លោក ទេព ណារិន, លោក អាន បឋម, លោក សាន សីហៈ, លោក អ៊ុក ពេជ្រសំណាង, និង លោក យន់ គឹមហួរ។
កញ្ញា គាង ស្រីមុំ ដែលជាក្មួយរបស់លោក យាង ថុង បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា សពលោក យា ថុង នឹងត្រូវបញ្ចុះ តែកញ្ញា មិនទាន់ដឹងច្បាស់ទេ ថានឹងបញ្ចុះនៅថ្ងៃនេះឬថ្ងៃស្អែក។ កញ្ញា អះអាងថា ពូរបស់កញ្ញា មានជំងឺតាំងពីនៅក្នុងពន្ធនាគារមកម្ល៉េះ។
គេ ឃើញសកម្មជននិងមន្ត្រីមួយចំនួននៃអតីតគណបក្សប្រឆាំង បាននាំគ្នាបង្ហោះសារលើទំព័រហ្វេសប៊ុក ចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោក យា ថុង។
លោក អ៊ុំ សំអាន បានសរសេរថា៖«សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារសពលោក យា ថុង ដែលតស៊ូដើម្បីសេរីភាព និង ត្រូវជាប់គុកជាង៣ឆ្នាំ ដល់ពេលមានសេរីភាពធ្លាក់ខ្លួនឈឺ កើតមហារីករហូតបាត់បង់ជីវិត។ សូមឲ្យវិញ្ញាណក្ខន្ធរបស់គាត់ បានទៅកាន់សុគតិភព។ លោក យា ថុង ជាសកម្មជនគណបក្សសង្គ្រោះជាតិនិងជាអតីតអ្នកទោសមនសិការ ដែលបានធ្លាក់ខ្លួនឈឺជាទម្ងន់ដោយជំងឺមហារីក បន្ទាប់ពីចេញពីពន្ធនាគារ។ លោក យា ថុង ធ្លាប់សុំមន្ត្រីពន្ធនាគារទៅព្យាបាលនៅមន្ទីរពេទ្យរុស្សីជាច្រើនដង ប៉ុន្តែត្រូវគេបដិសេធកាលនៅក្នុងគុក ដោយពេលនោះគាត់គ្រាន់តែចុកចង្កេះនិងខ្នងយ៉ាងខ្លាំង ហើយមិនបានដឹងថាជាជំងឺមហារីកនោះទេ ទើបតែចេញពីគុកទៅពិនិត្យសុខភាពនៅប្រទេសថៃ ទើបដឹងថាមានជំងឺមហារីក។ គាត់ជាប់ពន្ធនាគារនៅបន្ទប់ជាមួយខ្ញុំ និងអតីតអ្នកទោសមនសិការដទៃទៀតនៅពន្ធនាគារព្រៃស»។
លោក សុវណ្ណារ៉ា សរសេរថា៖«លោក យា ថុង អតីតអ្នកទោសមនសិការ ដែលជាមិត្តប្រយុទ្ធដើម្បីសេរីភាពរបស់ខ្ញុំ បានលាចាកលោកនេះទៅហើយ។ សូមឲ្យលោកបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត»។
លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សប្រឆាំង ត្រូវបានចាប់ខ្លួនកាលពីអំឡុងខែមេសា ឆ្នាំ២០១៦ ក្រោយពីលោក បានបញ្ចេញមតិលើបណ្តាញសង្គមហ្វេសបុកទាក់ទិននឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម។ តុលាការ បានកាត់ទោសលោក ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំកន្លះ ដោយចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឲ្យមានការរើសអើង។ លោក ត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជទានលើកលែងទោស កាលអំឡុងខែសីហា ឆ្នាំ២០១៨។
ចំណែក មន្ត្រីនិងសកម្មជន១៤នាក់ផ្សេងទៀត មាន៣នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនគាររយៈពេល២០ឆ្នាំ ក្រោមបទចោទដឹកនាំធ្វើកុបកម្ម ហើយ១១នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ក្រោមបទចោទចូលរួមក្នុងចលនាកុបកម្ម ដែលពួកគេបានប្រព្រឹត្តក្រោយបោះឆ្នោតកាលពី២០១៣ នៅទីលានប្រជាធិបតេយ្យ ម្តុំវត្តភ្នំ។
អ្នកទាំង១៤នាក់ ត្រូវបានឃុំខ្លួនតាំងពីអំឡុងខែកក្កដា ឆ្នាំ២០១៥មក។ ក្រោយជាប់ពន្ធនាគារបានជាង៣ឆ្នាំ ពួកគេ ក៏បានត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជទានលើកលែងទោស កាលពីអំឡុងខែសីហា ឆ្នាំ២០១៨៕