ជាតិ
សង្គមជាតិ
លោក យា ថុង ដែល​ធ្លាប់​ជាប់ឃុំ​ជាមួយ​លោក មា​ជ សុវណ្ណារ៉ា ទទួលមរណភាព ដោយ​ជំងឺមហារីក​
15, Feb 2019 , 11:59 am        
រូបភាព
រូបពីហ្វេសបុក
រូបពីហ្វេសបុក
ដោយ: ថ្មីៗ
​លោក យា ថុង សកម្ម​ម្នាក់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានទទួល​មរណភាព នៅ​ម៉ោង​៧​យប់ នា​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្នុង​វ័យ​៤៥​ឆ្នាំ ដោយ​ជំងឺមហារីក​សួត​។ សព​របស់លោក កម្ក​ល់​ធ្វើបុណ្យ​នៅ​ភូមិ​ស្រី​ជ័យ ឃុំ​បឹង​ក្រាញ់ ស្រុក​សំរោង ខេត្តតាកែវ​។


 
​លោក យា ថុង ជា​សកម្មជន​ម្នាក់ ដែល​ធ្លាប់​ជាប់ពន្ធនាគារ​ជាង​៣​ឆ្នាំ ជាមួយ​សកម្មជន​និង​មន្ត្រី​ទ​១៤​នាក់​ផ្សេងទៀត​នៃ​អតីត​គណបក្សប្រឆាំង រួមមាន លោក អ៊ុំ សំអាន​, លោក មា​ជ សុវណ្ណារ៉ា​, លោក រឿន ចិ​ត្រា​, លោក អឿ ណារិន​, លោក ឃិន រឿន​, លោក នាង សុ​ឃុន​, លោក សាន គឹម​ហេង​, លោក ស៊ុំ ពុ​ទ្ធី​, លោក កែ ឃីម​, លោក ទេព ណារិន​, លោក អាន បឋម​, លោក សាន សីហៈ​, លោក អ៊ុក ពេជ្រ​សំណាង​, និង លោក យន់ គឹម​ហួរ​។​
 
​កញ្ញា គាង ស្រីមុំ ដែលជា​ក្មួយ​របស់លោក យាង ថុង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា សព​លោក យា ថុង នឹងត្រូវ​បញ្ចុះ តែ​កញ្ញា មិនទាន់​ដឹង​ច្បាស់​ទេ ថា​នឹង​បញ្ចុះ​នៅថ្ងៃនេះ​ឬ​ថ្ងៃស្អែក​។ កញ្ញា អះអាងថា ពូ​របស់​កញ្ញា មាន​ជំងឺ​តាំងពី​នៅក្នុង​ពន្ធនាគារ​មកម្ល៉េះ​។ 
 
​គេ ឃើញ​សកម្មជន​និង​មន្ត្រី​មួយចំនួន​នៃ​អតីត​គណបក្សប្រឆាំង បាននាំគ្នា​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់លោក យា ថុង​។  
 
​លោក អ៊ុំ សំអាន បានសរសេរថា​៖«​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​ក្រុមគ្រួសារ​សព​លោក យា ថុង ដែល​តស៊ូ​ដើម្បី​សេរីភាព និង ត្រូវ​ជាប់គុក​ជាង​៣​ឆ្នាំ ដល់ពេល​មាន​សេរីភាព​ធ្លាក់ខ្លួន​ឈឺ កើត​មហារីក​រហូត​បា​ត់​បង់ជីវិត​។ សូម​ឲ្យ​វិញ្ញាណក្ខន្ធ​របស់គាត់ បាន​ទៅកាន់​សុគតិភព​។ លោក យា ថុង ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​អតីត​អ្នកទោស​មនសិការ ដែល​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់​ដោយ​ជំងឺមហារីក បន្ទាប់ពី​ចេញពី​ពន្ធនាគារ​។ លោក យា ថុង ធ្លាប់​សុំ​មន្ត្រី​ពន្ធនាគារ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្សី​ជាច្រើន​ដង ប៉ុន្តែ​ត្រូវគេ​បដិសេធ​កាល​នៅក្នុង​គុក ដោយពេល​នោះ​គាត់​គ្រាន់តែ​ចុក​ចង្កេះ​និង​ខ្នង​យ៉ាងខ្លាំង ហើយ​មិនបាន​ដឹងថា​ជា​ជំងឺមហារីក​នោះទេ ទើបតែ​ចេញពី​គុក​ទៅពិនិត្យ​សុខភាព​នៅ​ប្រទេស​ថៃ ទើប​ដឹងថា​មាន​ជំងឺមហារីក​។ គាត់​ជាប់ពន្ធនាគារ​នៅ​បន្ទប់​ជាមួយ​ខ្ញុំ និង​អតីត​អ្នកទោស​មនសិការ​ដទៃ​ទៀត​នៅ​ពន្ធនាគារ​ព្រៃ​ស​»​។​
 
​លោក សុវណ្ណារ៉ា សរសេរថា​៖«​លោក យា ថុង អតីត​អ្នកទោស​មនសិការ ដែលជា​មិត្ត​ប្រយុទ្ធ​ដើម្បី​សេរីភាព​របស់ខ្ញុំ បាន​លាចាក​លោក​នេះ​ទៅហើយ​។ សូម​ឲ្យ​លោក​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​»​។ 
 
​លោក អ៊ុំ សំអាន អតីត​តំណាងរាស្ត្រ​គណបក្សប្រឆាំង ត្រូវបាន​ចាប់ខ្លួន​កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០១៦ ក្រោយពី​លោក បាន​បញ្ចេញមតិ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ទាក់ទិន​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​។ តុលាការ បាន​កាត់ទោស​លោក ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំកន្លះ ដោយ​ចោទ​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​។ លោក ត្រូវបាន​ព្រះមហាក្សត្រ ប្រោស​ព្រះរាជទាន​លើកលែងទោស កាល​អំឡុង​ខែសីហា ឆ្នាំ​២០១៨​។​
 
​ចំណែក មន្ត្រី​និង​សកម្មជន​១៤​នាក់​ផ្សេងទៀត មាន​៣​នាក់ ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធ​ន​គារ​រយៈពេល​២០​ឆ្នាំ ក្រោម​បទ​ចោទ​ដឹកនាំ​ធ្វើ​កុបកម្ម ហើយ​១១​នាក់ ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ ក្រោម​បទ​ចោទ​ចូលរួម​ក្នុង​ចលនា​កុបកម្ម ដែល​ពួកគេ​បាន​ប្រព្រឹត្ត​ក្រោយ​បោះឆ្នោត​កាលពី​២០១៣ នៅ​ទីលាន​ប្រជាធិបតេយ្យ ម្តុំ​វត្តភ្នំ​។​
 
​អ្នក​ទាំង​១៤​នាក់ ត្រូវបាន​ឃុំខ្លួន​តាំងពី​អំឡុង​ខែកក្កដា ឆ្នាំ​២០១៥​មក​។ ក្រោយ​ជាប់ពន្ធនាគារ​បាន​ជាង​៣​ឆ្នាំ ពួកគេ ក៏បាន​ត្រូវបាន​ព្រះមហាក្សត្រ ប្រោស​ព្រះរាជទាន​លើកលែងទោស កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៨៕ 
 

Tag:
 យា ថុង​
© រក្សាសិទ្ធិដោយ thmeythmey.com