អន្តរជាតិ
អាមេរិក ទាមទារ​ឲ្យ​សម្ព័ន្ធមិត្ត​តំបន់​អឺរ៉ុប​ដកខ្លួន​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អុីរ៉ង់​
15, Feb 2019 , 7:39 pm        
រូបភាព
អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន ថ្លែងទៅកាន់យោធាអាមេរិកនៅប៉ូឡូញ (រូបភាព AFP)
អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន ថ្លែងទៅកាន់យោធាអាមេរិកនៅប៉ូឡូញ (រូបភាព AFP)
​អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ បានទាមទារ​ឲ្យ​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប​របស់ខ្លួន​ឲ្យ​បោះបង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ជាមួយ​អុីរ៉ង់ ហើយ​ចូលរួម​ជាមួយ​អាមេរិក​ដើម្បី​ប្រឆាំង​មហាអំណាច​មជ្ឈិមបូព៌ា​មួយ​នេះ​។ អឺរ៉ុប ដែល​មិន​ពេញចិត្ត​ការដើរ​ចេញ​រប​ស់​អាមេរិក​ពី​កិច្ចព្រមព្រៀង​នេះ នៅតែ​ប្រឹងរក​ផ្លូវ​រកស៊ី​ជាមួយ​អុីរ៉ង់​ដដែល ដោយ​មិន​ខ្វល់​ទណ្ឌកម្ម​របស់​វ៉ាស៊ីនតោន​ឡើយ​។

 
​ពី​កិច្ចប្រជុំ​អន្តរជាតិ​ប្រឆាំង​អុីរ៉ង់​នៅ​ប៉ូឡូញ អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន បាន​រិះគន់​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប​ដែល​បន្តធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អុីរ៉ង់ មិន​ស្ដាប់​ការព្រមាន​របស់​អាមេរិក​។ លោក ផេ​ន ក៏​រិះគន់​អឺរ៉ុប​ដែល​នៅតែ​មិន​អស់​អាល័យ​នឹង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អុីរ៉ង់​ឆ្នាំ​២០១៥ ដែល​អាមេរិក​បាន​ដកខ្លួន​រួចហើយ​បន្ទាប់ពី​ចោទ​អុីរ៉ង់​ថា បំពាន​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ ហើយ​បន្ត​កម្មវិធី​មី​ស៊ី​ល​បង្ក​ការគំរាមកំហែង​ដាក់​អាមេរិក​។​
 
​អឺរ៉ុប ក៏​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះ ហើយ​សមាជិក​សំខាន់​បី​មាន​អង់គ្លេស បារាំង និង​អាល្លឺម៉ង់​ក៏បាន​ចុះហត្ថលេខា​ជាមួយ​រុស្ស៊ី ចិន អាមេរិក និង​អុីរ៉ង់​។ អឺរ៉ុប​មាន​តួនាទី​សំខាន់​ក្នុងការ​ធានា​ពី​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ និង​តាមដាន​សកម្មភាព​រប​ស់​អុីរ៉ង់​ផង​។ យ៉ាងណាមិញ លោក ផេ​ន បាន​ប្រើពាក្យ​ធ្ងន់ៗ​សំដៅ​សម្ព័ន្ធមិត្ត​ទាំងបី​នៅ​អឺរ៉ុប​ដែល​ផ្ដើមគំនិត​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​ដែល​បើកផ្លូវ​ឲ្យ​ក្រុមហ៊ុន​អឺរ៉ុប​រកស៊ី​នៅ​អុីរ៉ង់​ដោយ​មិន​រង​ទណ្ឌកម្ម​អាមេរិក​។​
 
​អនុ​ប្រធានាធិបតី​អាមេរិក​រូបនេះ​ចាត់ទុក​សកម្មភាព​រប​ស់​អឺរ៉ុប ជំហាន​មិន​ត្រឹមត្រូវ ដែល​នឹង​ជួយ​ឲ្យ​អុីរ៉ង់​កាន់តែខ្លាំង ធ្វើ​ឲ្យ​អឺរ៉ុប​ចុះ​ទន់ខ្សោយ ហើយ​បង្កើន​គម្លាត​រវាង​អាមេរិក និង​អឺរ៉ុប​ទៅទៀត​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ផេ​ន និយាយថា ពេលវេលា​មកដល់​ហើយ​សម្រាប់​ដៃគូ​អាមេរិក​នៅ​អឺរ៉ុប​ក្នុងការ​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អុីរ៉ង់ ហើយ​ចូលរួម​ជាមួយ​អាមេរិក​ក្នុង​ការដាក់​សម្ពាធ​លើ​ប្រទេស​នេះ​វិញ​។​
 
​បន្ថែម​ពីលើ​ទណ្ឌកម្ម​មាន​ស្រាប់ រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ព្រមាន​បង្កើន​ការដាក់​សម្ពាធ​កាន់តែខ្លាំង​លើ​របប​ដឹកនាំ​ក្រុង​តេ​ហេ​រ៉ង់ ព្រោះ​ប្រជាជន​អ៊ីរ៉ង់​ក៏​មិន​ពេញចិត្ត​នឹង​របប​ដឹកនាំ​របស់ខ្លួន នាំគ្នា​តវ៉ា​តាម​ដងផ្លូវ ខណៈ​សេដ្ឋកិច្ច​ក៏​កាន់តែ​ធ្លាក់ចុះ​ផង​។ លោក​អនុ​ប្រធានាធិបតី​អាមេរិក​ក៏​ឆ្លៀត​ចោទ​អ៊ីរ៉ង់​ថា បង្កើត​ការសម្លាប់​រង្គាល​ជាថ្មី​តាមរយៈ​ការអនុវត្ត​នយោបាយ​ប្រឆាំង​អ៊ីរ៉ង និង​មហិច្ឆតា​នៅ​ស៊ី​រី លី​បង់ អ៊ីរ៉ាក់ និង​យេ​ម៉ែន​។​
 
​យ៉ាងណាក្ដី អឺរ៉ុប ទំនង​មិន​ស្ដាប់​តាម​ការទាមទារ​របស់​អាមេរិក​។ ប្រមុខ​ការទូត​អឺរ៉ុប Federica Mogherini ដែល​មិន​ចូលរួម​ជំនួប​នៅ​រដ្ឋធានី​វ៉ា​សូវី​នោះ នៅតែ​ប្រកាន់​ជំហរ​គាំទ្រ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដដែល​។ ប្រាប់​អ្នកព័ត៌មាន​មុន​ការ​ថ្លែង​របស់លោក ផេ​ន បន្តិច លោកស្រី​បញ្ជាក់ថា ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ​ជា​បញ្ហា​នៃ​សន្តិសុខ​អឺរ៉ុប ព្រោះ​វា​កំហិត​អ៊ីរ៉ង់​ពី​ការអភិវឌ្ឍ​នុយក្លេអ៊ែរ ហើយ​អឺរ៉ុប​ក៏​យល់ឃើញថា កិច្ចព្រមព្រៀង​នេះ​មាន​ប្រសិទ្ធភាព​ដែរ​៕
 

Tag:
 អាមេរិក​
  អឺរ៉ុប​
  អុីរ៉ង់​
  ម៉ៃ ផេ​ន
© រក្សាសិទ្ធិដោយ thmeythmey.com