ជាតិ
ពលរដ្ឋ​ដែល​ទើប​តាំង​លំនៅ​ក្នុង​ដី​ចំណី​អាង​ស្តុក​ទឹក​វា​រី​អគ្គិសនី​សេ​សាន​២ ត្រូវបាន​អាជ្ញាធរ​តម្រូវ​ឲ្យ​ចាកចេញ​
15, Feb 2019 , 2:45 pm        
រូបភាព
​រូបភាព​ផ្ទះ​របស់​អ្នក​មក​តាំង​ទីលំនៅ​ថ្មី ក្នុង​ដី​ចំណី​វារិ​អគ្គិសនី​សេសា​ន​២
​រូបភាព​ផ្ទះ​របស់​អ្នក​មក​តាំង​ទីលំនៅ​ថ្មី ក្នុង​ដី​ចំណី​វារិ​អគ្គិសនី​សេសា​ន​២
ដោយ: ថ្មីៗ
​ប្រជា​នេសាទ​មួយក្រុម ភាគច្រើន​ជា​ខ្មែរឥស្លាម ដែល​ទើប​តាំងទី​លំនៅ​ថ្មី នៅក្នុង​ដី​ចំណី​អាងទឹក​វា​រី​អគ្គិសនី​សេ​សាន​២ ស្ថិតនៅ​ក្នុងភូមិ​តា​ចាន់ ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ត្រូវបាន​អាជ្ញាធរ​តម្រូវ​ឲ្យ​ចាកចេញ​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ​។ នេះ​បើតាម​តំណាង​ពលរដ្ឋ ដែល​បាន​ប្រាប់​ពី​កង្វល់​របស់ខ្លួន​មកកាន់​សារព័ត៌មាន​ថ្មីៗ ។​

 
​លោក សាន សេត អាយុ​៤០​ឆ្នាំ មកពី​ភូមិ​ព្រែក​តូច ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ជា​តំណាង​ឲ្យ​ប្រជាជន​ដែល​មក​តាំង​ទីលំនៅ​ថ្មី​ចំនួន ៦១​គ្រួសារ ស្មើ​ផ្ទះ​៦១​ខ្នង អ្នករស់នៅ​ក្នុង​ទឹក​៨០​គ្រួសារ ស្មើ​ទូក​៨០ ដែល​សុទ្ធតែជា​ប្រជា​នេសាទ​ពនេចរ មកពី​ខេត្ត​ផ្សេងៗ ដូចជា ខេត្តកំពង់ចាម ខេត្ត​ត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្ត​រតនគីរី​។​
 

​ប្រជា​នេសាទ​ដែល​មក​តាំង​ទីលំនៅ​ថ្មី ក្នុង​ដី​ចំណី​វារិ​អគ្គិសនី​សេសា​ន​២
 
​ប្រជា​នេសាទ​ទាំងអស់ បាន​សំណូមពរ​ដល់​អាជ្ញាធរ​បន្ត​អនុញ្ញាត​ឲ្យ​ពួកគាត់​ស្នាក់នៅ​បណ្តោះអាសន្ន​ដើម្បី​ប្រក​បរបរ​នេសាទ នៅក្នុង​អាង​ស្តុក​ទឹក​វារិ​អគ្គិសនី​សេសា​ន​២​។ ពួកគាត់​អះអាងថា ស្នាក់នៅ​មួយរយៈ​ពេល​ប៉ុណ្ណោះ ពុំមាន​គំនិត​ចង់​ចាប់យក​ដី​ធ្វើជា​កម្មសិទ្ធិ​នោះឡើយ​។ 
 
​លោក សាន សេត បាន​សំណូមពរ​ថា​៖«​ខ្ញុំបាទ​តំណាង​ឲ្យ​ប្រជាជន​ដែល​មក​តាំង​ទីលំនៅ​ថ្មី ក្នុង​ដី​ចំណី​អាង​ស្តុក​ទឹក​ទាំងអស់ សូម​សំណូម​ដល់​អាជ្ញាធរ ភូមិ​តា​ចាន់ ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង មេត្តា​អនុញ្ញាតិ​ឲ្យ​ពួកយើង​បន្ត​ស្នាក់នៅ​បណ្តោះអាសន្ន​បន្តទៀត ដើម្បី​ងាយស្រួល​ប្រកប​របរ​នេសាទ​នៅទីនេះ​។ ពួកយើងខ្ញុំ​អស់​គ្នា អាចធ្វើ​លិខិតសន្យា​ជា​លាយ​លក្ខ​អក្សរ ថា​នឹង​ពុំមាន​បំណង​មក​ចាប់យក​ដី ឬ​មក​ស្នាក់​នៅទីនេះ ជា​អចិន្ត្រៃយ៍​ឡើយ​»​។​
 
«​កន្លងមក អាជ្ញាធ​មូលដ្ឋាន​បាន​ប្រាប់​ពួកយើង​ថា មូលហេតុ​ដែល​គេ​ឲ្យ​ពួកយើង​ចាកចេញ​នោះ ទីមួយ គឺ​ដោយសារ​ពួកយើង​បានមក​រស់នៅ​ទីនេះ មិន​ឲ្យ​ដំណឹង​ទៅ​អាជ្ញាធរ​។ ទី​ពីរ ដោយ​ពួកយើង​ធ្វើ​ឲ្យ​ខូច​បរិស្ថាន​នៅទីនេះ​។ ក្នុងនោះ អាជ្ញាធរ​បាន​ណែនាំ​ឲ្យ​ពួកយើង​ឡើងគោក ទៅ​ទិញ​ដី​ដែល​គេ​បានរៀបចំ​ទុកជា​ស្រេច តែ​មិនដឹង​ខាង​ណា​គេ​រៀបចំ​ដី​នោះ​លក់​ឲ្យ​ពួកយើង​នោះទេ​។ ទីតាំង​ដី​នោះ ស្ថិតនៅ​ចំណាយ​ប្រហែល​ពីរ​គីឡូម៉ែត្រ ពី​ទីតាំង​ដែល​ពួកយើង​កំពុងស្នាក់នៅ​នេះ​។ ប៉ុន្តែ ពួកយើង​ពុំមាន​លទ្ធភាព មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ទិញ​ដី​នោះទេ​។ ពួកយើង​មានផ្ទះ​ហើយ​។ ពួកយើង​មក​ទីនេះ គ្រាន់តែ​ស្នាក់​បណ្តោះអាសន្ន​ប៉ុណ្ណោះ​»​។ នេះ​ជាការ​បន្ថែម​របស់ សាន សេត​។​
 

​ត្រី​ដែល​ប្រជា​នេសាទ​ចាប់បាន​ក្នុង​អាង​ស្តុក​ទឹក​វារិ​អគ្គិសនី​សេ​សាន​២
 
​សូមបញ្ជាក់ថា នៅក្នុង​អាង​ស្តុក​ទឹក​វារិ​អគ្គិសនី​២​នេះ ចាប់តាំងពី​បាន​បើក​ឲ្យ​ដំណើរការ​ក្នុង​ឆ្នាំ​២០១៨​មក គេ​សង្កេតឃើញថា បរិមាណ​ត្រី​គ្រប់​ប្រភេទ​កើនឡើង​គួរ​ឲ្យ​ចាប់អារម្មណ៍​។ ប្រជា​នេសាទ​មកពី​គ្រប់ទិសទី បានមក​ទីនេះ​ដើម្បី​ធ្វើការ​នេសាទ​។ ក្នុងនោះ​ផងដែរ ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ បាន​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ ដោយ​ពុំមាន​ការទប់ស្កាត់ ក៏​កើតមាន​ច្រើន​ផងដែរ​។ ជាពិសេស ឧបករណ៍​នេសាទ​ដោយ​ប្រើប្រាស់​ចរន្តអគ្គិសនី​ឆក់​៕
 

Tag:
 វា​រី​អគ្គិសនី​
  សេ​សាន​២
© រក្សាសិទ្ធិដោយ thmeythmey.com