Mourinho និង​បុគ្គលិក បាន​សំណង​២៥​លាន​ដុល្លារ​ពី Man Utd ក្រោយ​ការបណ្តេញចេញ​
កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho និង​បុគ្គលិក បាន​សំណង​២៥​លាន​ដុល្លារ​ពី Man Utd ក្រោយ​ការបណ្តេញចេញ​
15, Feb 2019 , 3:05 pm        
រូបភាព
​ទឹកប្រាក់ ២៥ លាន​ដុល្លារ​អាមេរិក ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​លោក Jose Mourinho និង​បុគ្គលិក​របស់គាត់​រួចហើយ សម្រាប់​សំណង​ដែល Manchester United សម្រេច​បញ្ចប់​តំណែង​លោក​ពី​អ្នកចាត់ការ​ទូទៅ​មុនពេល​កំណត់​កិច្ចសន្យា​។​

 
​ក្លិប​បិសាច​ក្រហម​បានប្រកាស​ចែកផ្លូវ​ជាមួយ​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​កាលពី​ថ្ងៃទី​១៨ ខែធ្នូ​កន្លងទៅ បន្ទាប់ពី​ដឹកនាំ​ក្រុម​មិនបាន​ល្អ​រដូវ​កាល​នេះ ដោយ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៦ និង​តាម​ពីក្រោយ​ពិន្ទុ​ក្រុម​កំពូល​តារាង Liverpool រហូត​១៩​ពិន្ទុ​ឯនោះ​។​
 
​មុន​ការបញ្ចប់​តំណែង​នេះ នៅ​ដើមរដូវ​កាល​ក្លិប​មាន​មូលដ្ឋាន​ក្នុង​ក្រុង Manchester ខាងលើ​បានសម្រេច​បន្ត​កិច្ចសន្យា​ដល់​លោក Mourinho រហូតដល់​ឆ្នាំ​២០២០ ដោយ​ទទួលបាន​ប្រាក់​ឈ្នួល​ច្រើន​បំផុត​លំដាប់​ទី​ពីរ​បន្ទាប់ពី Pep Gardiola គ្រូ​របស់ Manchester City​។​


លោក Ed Woodward និងលោក Jose Mourinho អំឡុងបន្តកិច្ចសន្យាជាមួយគ្នានៅដើមរដូវកាលនេះ
 
​ការបន្ត​កិច្ចសន្យា​ដល់​ទៅ​២​ឆ្នាំនេះ នឹងធ្វើ​ឲ្យ Man Utd អស់ប្រាក់​ថ្លៃ​សំណង​ទៅ​ឲ្យ​អតីត​អ្នកចាត់ការ Chelsea និង Real Madrid ក្នុង​ចំនួន​ទឹកប្រាក់​ដ៏​ច្រើន​។​
 
​នៅក្នុង​លទ្ធផល​ហិរញ្ញវត្ថុ​ដែល​បានចេញ​ផ្សាយ​នៅ​ផ្សារ​ហ៊ុន​ក្រុង​ញូវយ៉ក​នោះ Man Utd ត្រូវ​ផ្តល់​សំណង ១៩,៦ លាន​ផោន (២៥​លាន​ដុល្លារ​អាមេរិក​) សម្រាប់​លោក Mourinho ព្រមទាំង​សមាជិក​បុគ្គលិក និង​ជំនួយការ​គ្រូបង្វឹក​របស់លោក​។​
 
​លោក Ole Gunnar Solskjaer ដែល​ឡើង​ជំនួស​តំណែង​បណ្តោះអាសន្ន​ពី​អ្នកចាត់ការ​រហស្សនាម Special One ដែល​គេ​ជឿជាក់ថា​មាន Sir Alex Ferguson នៅ​ពីក្រោយ​នោះ បាន​ជួយ​ក្រុម​ឈ្នះ​១០​ប្រកួត និង​ចាញ់​មួយ​លើក​ប៉ុណ្ណោះ​ក្នុង​ក្របខណ្ឌ Champions League ក្រោម​ថ្វី​ជើង​ក្រុម Paris St-Germain​។​
 
​សម្រាប់​ក្របខណ្ឌ Premier League លោក Solskjaer បាន​នាំ​ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​២០​សម័យ ឈាន​ពី​ចំណាត់ថ្នាក់​ទី​៦ ទៅ​ទី​៤​វិញ​គិត​ត្រឹម​សប្តាហ៍​ទី​២៦៕
 

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com