ជាតិ
សេដ្ឋកិច្ច
ក្រសួង​អភិវឌ្ឍន៍ជនបទ ត្រៀម​ថវិកា​ជិត​៩០០​លាន​ដុល្លារ លើកកម្ពស់​ទឹកស្អាត​និង​អនាម័យ ពី​ឆ្នាំ​២០១៩-២០២៣
15, Feb 2019 , 8:59 pm        
រូបភាព
​កំពង់ឆ្នាំង​៖ ក្រសួង​អភិវឌ្ឍន៍ជនបទ គ្រោង​ចំណាយ​ថវិកា​៨៩៨,៤​លាន​ដុល្លារ សម្រាប់​លើកកម្ពស់​ទឹកស្អាត និង​អនាម័យ​ជនបទ​នៅ​ទូទាំងប្រទេស​ឲ្យ​បាន​៩០​ភាគរយ​។ គម្រោង​ថវិកា​នេះ មាន​រយៈពេល​៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៩-២០២៣​។ នេះ​ជាការ​លើកឡើង​របស់លោក ស្រ៊ិ​ន ពុ​ទ្ធី ប្រធាន​នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ​។ 

 
​ថ្លែង​ក្នុង​ពិធី​អង្គ​វិបស្សនា នៅ​សណ្ឋាគារ​នាង​ពួន នា​ថ្ងៃទី​១៤ កុម្ភៈ  លោក ស្រ៊ិ​ន ពុ​ទ្ធី បាន​និយាយថា ចំនួន​ថវិកា​នេះ ត្រូវបាន​រដ្ឋាភិបាល​បែង​ចែក​ចំណាយ​ជា​មធ្យម​ជិត​១៨០​លាន​ដុល្លារ ក្នុង​មួយឆ្នាំ​។  ថវិកា​សរុប​ខាងលើនេះ រាជរដ្ឋាភិបាល នឹង​អនុវត្ត​យុទ្ធសាស្ត្រ​ព្រមទាំង​កែតម្រូវ​នូវ​ប្រព័ន្ធ​បច្ចេកទេស​ឲ្យ​ប្រសើរ​ផងដែរ​។​


 
​យុទ្ធសាស្ត្រ​និង​កែតម្រូវ​ប​ច្ចេ​ទេស​ទាំងនោះ មាន​បួន​ជា​អាទិភាព​បំផុត​ក្នុង​ផែនការ​អនុវត្ត​ទឹកស្អាត និង​អនាម័យ​ជនបទ នៅ​ឆ្នាំ​២០១៩-២០២៣​។ ទីមួយ គឺ​ទឹក ដែល​រដ្ឋាភិបាល បាននិងកំពុង​ធ្វើជា​មួយ​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល (NGO) ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។ ទី​២ គឺ ការពង្រឹង​សមត្ថភាព​របស់​ស្ថាប័ន​ពាក់ព័ន្ធ​ទៅនឹង​ការបណ្តុះបណ្តាល​បច្ចេកទេស​។ ទី​៣ គឺ​ដំណើរការ​ការងារ​រប​ស់ម​ន្ទីរ​អភិវឌ្ឍន៍ជនបទ​ទាំង​២៥​រាជធានី​-​ខេត្ត ដោយ​តម្រូវ​ឲ្យ​មាន​ភាពជា​ម្ចាស់ការ​លើ​ខ្លូន​ឯង នៃ​ការគ្រប់គ្រង​ប្រព័ន្ធ​ទឹកស្អាត និង​អនាម័យ ដើម្បី​ឲ្យ​សម្រេច​តាម​គោលដៅ​ថ្នាក់ជាតិ​បានកំណត់​។ ទី​៤ គឺពាក់ព័ន្ធ​ទៅនឹង​ការិយាល័យ​ថា្នក់​ស្រុក​-​ខេត្ត ក្នុងការ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​កាន់តែច្បាស់​ពី​អនាម័យ និង​ការប្រើប្រាស់​ទឹកស្អាត​។ 


 
​សូម​រម្លឹកថា កាល​ឆ្នាំ​២០១៨ ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ចំណាយ​ថវិកា​ជិត​៧៣​លាន​ដុល្លារ តែប៉ុណ្ណោះ​។ ក្នុងនោះ ចំណាយ​ចរន្ត មាន​ជាង​៣០,៤៣​លាន​ដុ​លា្ល​រ និង​ចំណាយ​មូលធន មាន​ជិត​៤២,៤៩​លាន​ដុល្លារ​។ ស្រប​ពេលនេះ កម្ពុជា បាន​ប្រើប្រាស់​ទឹកស្អាត និង​អនុវត្ត​អនាម័យ​ទូទាំងប្រទេស បាន​៦០​ភាគរយ និង អនុវត្ត​ទិសដៅ​ប្រើប្រាស់​ទឹកស្អាត និង​អនាម័យ​ជនបទ​ឲ្យ​បាន​១០០​ភាគរយ  នៅត្រឹម​ឆ្នាំ​២០២៥៕


លោក  ស្រុិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើបទបង្ហាញពីផែនការចំណាយទៅលើទឹកស្អាត និងអនាម័យពី ឆ្នាំ២០១៩_២០២៣ នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៩។
 

Tag:
 អនាម័យ​
  ទឹកស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com