អន្តរជាតិ
វៀតណាម​ទទួលបាន​សិទ្ធិ​បើក​ជើងហោះហើរ​ត្រង់​ទៅ​អាមេរិក​ជា​លើកដំបូង​បំផុត
15, Feb 2019 , 9:19 pm        
រូបភាព
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ថ្មីរបស់វៀតណាម Bamboo (AFP)
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ថ្មីរបស់វៀតណាម Bamboo (AFP)
ដោយ: ថ្មីៗ
​ទីភ្នាក់ងារ​អាកាសចរ​ណ៍​អាមេរិក​បានប្រកាស​ជា​ផ្លូវការ​ថា សុវត្ថិភាព​អាកាសចរណ៍​របស់​វៀត​ណា​ម​អនុវត្ត​ស្របតាម​ស្តង់ដារ​សុវត្ថិភាព​អន្តរជាតិ​ហើយ​។ ក្នុងន័យ​ថា ចាប់ពីពេលនេះ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​អាចមាន​បើក​ដំណើរការ​ជើងហោះហើរ​ត្រង់​ទៅ​អាមេរិក​បានជា​លើកដំបូង​បំផុត​។​


 
​រដ្ឋអាស៊ីអាគ្នេយ៍ វៀតណាម​ទទួលបាន​ការវាយតម្លៃ​ជា​ផ្លូវការ​ពី​អង្គភាព​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​អាមេរិក​ថ្ងៃ​ព្រហស្បតិ៍​ទី ១៤ ខែកុម្ភៈ​នេះថា បាន​អនុវត្តតាម​ស្តង់ដារ​សុវត្ថិភាព​សម្រាប់​ការហោះ​អន្តរជាតិ​ហើយ​។ 
 
​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា ក្រោម​ការវាយតម្លៃ​នេះ ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​បានទទួល​ឱកាស​ក្នុងការ​ចាប់ផ្តើម​សេវា​ហោះហើរ​ទៅកាន់​សហរដ្ឋអាមេរិក​ជា​លើកដំបូង  និង​អាច​ចុះ​កិច្ចព្រមព្រៀង​ជា​ដៃគូ (code sharing) ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​ផង​។​
 
​រដ្ឋបាល​សុវត្ថិភាព​អាកាសចរណ៍​អាមេរិក​បញ្ជាក់​ដូច្នេះ​៖« ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ដែល​អាចបំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​របស់​ស្ថាប័ន​យើង និង​ក្រសួង​ដឹកជញ្ជូន អាច​ចាប់ផ្តើម​បើក​សេវា​ហោះហើរ​មកកាន់​អាមេរិក​បាន និង​អាច​សហការ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​បានដែរ​»​។​
 
​បច្ចុប្បន្ននេះ មិនមាន​ជើង​ហោះ​ត្រង់​រវាង​អាមេរិក​និង​វៀតណាម​ឡើយ ទោះជា​មានការ​ធ្វើដំណើរ​យ៉ាង​មរ​មា​ញឹក​នៃ​ប្រជាជន​ទូទៅ និង​អ្នក​ទេសចរណ៍ ក៏ដូចជា​ការកើនឡើង​នៃ​សកម្មភាព​ពាណិជ្ជកម្មរ​វាង​ភាគី​ទាំងពីរ​ក្តី​។ ចំណែក​ការសម្រេច​របស់​ទីភ្នាក់ងារ​សុវត្ថិភាព​អាកាសចរណ៍​អាមេរិក​នេះ​ធ្វើឡើង បន្ទាប់ពី​ស្ថាប័ន​នេះ​បញ្ជូន​ក្រុមការងារ​របស់ខ្លួន​មក​វាយតម្លៃ​ពី​ការអនុវត្ត​ស្តង់ដា​សុវត្ថិភាព​អាកាសចរណ៍​របស់​វៀត​ណា​ម​កាលពី​ឆ្នាំមុន​។​
 
​យូរ​មកហើយ​ដែរ ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​មាន JSC និង Bamboo សុទ្ធតែ​បានបង្ហាញ​ការចាប់អារម្មណ៍​ក្នុង​ការបើក​ជើងហោះហើរ​ត្រង់​ទៅ​វៀតណាម ប៉ុន្តែ​វៀតណាម​នៅ​មិនទាន់​បានទទួល​ការវាយតម្លៃ​ជា​ផ្លូវការ​ក្នុង​ប្រភេទ​ទី ១ (Category 1) ពី​ទីភ្នាក់ងារ​សុវត្ថិភាព​អាកាសចរណ៍​អាមេរិក​នៅឡើយ​។​
 
​តាមពិតទៅ​វៀតណាម​ស្ថិតក្នុង​ចំណោម​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​រហ័ស​បំផុត​មួយ​លើ​ពិភពលោក ហើយ​ទីផ្សារ​នៃ​ការហោះហើរ​វិញ​នោះ​កើនឡើង​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​រហូតដល់ ១៦​ភាគរយ​ជា​មធ្យម​រៀងរាល់ឆ្នាំ​ចាប់ពី​ឆ្នាំ ២០១០​មកដល់ ២០១៧​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​ដកស្រង់​របាយការណ៍​នៃ​ស្ថាប័ន​គ្រប់គ្រង​អាកាសចរណ៍​ស៊ីវិល​វៀតណាម​៕
 

Tag:
 វៀតណាម​
  អាកាសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com