ជាតិ
សេដ្ឋកិច្ច
មន្ត្រី​ក្រសួងពាណិជ្ជកម្ម​៖ ភាគរយមិន​ដក EBA ពី​កម្ពុជា ច្រើនជាង​ដក
15, Feb 2019 , 4:27 pm        
រូបភាព
លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចូលរួមប្រជុំក្នុងគណៈកម្មាធិការចម្រុះផ្នែកពាណិជ្ជកម្មកម្ពុជា-ថៃ កាលពីអំឡុងខែមីនា ឆ្នាំ២០១៧។ រូបពីក្រសួងពាណិជ្ជកម្ម
លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចូលរួមប្រជុំក្នុងគណៈកម្មាធិការចម្រុះផ្នែកពាណិជ្ជកម្មកម្ពុជា-ថៃ កាលពីអំឡុងខែមីនា ឆ្នាំ២០១៧។ រូបពីក្រសួងពាណិជ្ជកម្ម
ដោយ: ថ្មីៗ
១៨​ខែក្រោយ ទើប​គណៈកម្មការ​អឺរ៉ុប អាច​សម្រេចបាន ថា​ដក EBA ចេញពី​កម្ពុជា​ជា​បណ្តោះអាសន្ន ឬ​មិន​ដក​។ ប៉ុន្តែ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម សន្និដ្ឋាន​ជាមុន​ថា គណៈកម្មការ​អឺរ៉ុប នឹងមិន​ដក EBA ពី​កម្ពុជា​នោះទេ​។


 
​លោក សុខ សុភ័ក្ត្រ លើកឡើងថា នីតិវិធី​នៃ​ការដក EBA មាន​រយៈពេល​វែងឆ្ងាយ​និង​ច្រើន​ដំណាក់​កាល​។ លោក បន្ថែមថា ក្នុង​រយៈពេល​១៨​ខែ​នេះ បើ​គណៈកម្មការ​អឺរ៉ុប ពិតជា​សម្រេច​ដក EBA ចេញ​កម្ពុជា​មែន​នោះ សេចក្តីសម្រេច​នេះ នឹងត្រូវ​ឆ្លងកាត់​ការបោះឆ្នោត​ពីស​ភា​អឺរ៉ុប​ថែមទៀត​។ លោក មានប្រសាសន៍​បែបនេះ​ថា​៖«​សួរថា គេ ដក​ឬ​មិន​ដក​? ខ្ញុំ​ថា​អត់​ច្រើនជាង​»​។ 
 
​ការ​ថ្លែង​របស់លោក សុខ សុភ័ក្ត្រ គឺធ្វើឡើង​ក្នុង​វេទិកា​របស់​រាជបណ្ឌិត្យ​សភា​កម្ពុជា នៅ​រសៀល​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ស្តីពី​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប ដែល​ចាប់ផ្តើម​នីតិវិធី​ដក EBA ពី​កម្ពុជា​ជា​បណ្តោះអាសន្ន​។ 
 
​មានការ​ព្រួយបារម្ភ​ថា កម្ពុជា អាច​នឹងរង​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​និង​វិស័យ​ពាណិជ្ជកម្ម ជាពិសេស​វិស័យ​កាត់ដេរ ប្រសិនបើ​គណៈកម្មការ​អឺរ៉ុប សម្រេច​ដក EBA ពី​កម្ពុជា​។ ប៉ុន្តែ ដើម្បី​ជម្រះ​ក្តីកង្វល់​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញមក​ប្រកាស​ផ្ទាល់មាត់​ថា កម្ពុជា នឹងមិន​ស្លាប់​នោះទេ បើ​អត់​មាន EBA ហើយ​កម្ពុជា ក៏​មិន​មានបាន ដោយសារតែ EBA នេះដែរ​។ 
 
​ប្រមុខ​រដ្ឋាភិបាល ប្រាប់​មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ កម្មករ​-​កម្មការិនី និង​ប្រជាពលរដ្ឋ​ទូទៅ ឲ្យ​កុំ​ឲ្យ​ខ្វល់​នឹង​អ្នកដទៃ ដែល​និយាយ​បំភ័យ​ពី​រឿង EBA នេះ​។ ប្រមុខ​រដ្ឋាភិបាល សង្កត់ធ្ងន់ថា EBA គង់តែ​បាត់​ទេ នៅពេល​កំណើនសេដ្ឋកិច្ច​កម្ពុជា កើនឡើង​កាន់តែខ្លាំង​។​
 
EBA (Everything but Arms) គឺ​សំដៅលើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ដែល​អនុញ្ញាត​ឲ្យ​កម្ពុជា នាំ​ទំនិញ​និង​ផលិតផល​សព្វបែបយ៉ាង ដូចជា សម្លៀកបំពាក់ និង អង្ករ ជាដើម ដែល​កម្ពុជា ចូលទៅ​កាន់​ទីផ្សារ​អឺរ៉ុប ដោយ​មិន​បង់ពន្ធ ដោយ​លើកលែងតែ​អាវុធ​ប៉ុណ្ណោះ​៕ 
 
អត្ថបទទាក់ទង
 

Tag:
 សុខ សុភ័ក្ត្រ​
  EU
  EBA
  រាជបណ្ឌិត្យសភា​
© រក្សាសិទ្ធិដោយ thmeythmey.com