អន្តរជាតិ
របបដឹកនាំ ម៉ាឌុយរ៉ូ ប្រមូលប្រទេសគាំទ្រខ្លួននៅ UN ដើម្បីទប់ទល់អាមេរិក រដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា Jorge Arreaza ឈរអមដោយតំណាងប្រទេសគាំទ្ររបបដឹកនាំលោក នីកូឡាស់ ម៉ាឌុយរ៉ូ (រូបភាព AFP)
× វ៉េណេស៊ុយអេឡា នៅថ្ងៃទី១៤ ខែកុម្ភៈ បានបង្កើតបញ្ជីក្រុមប្រទេសសមាជិកអង្គការសហប្រជាជាតិដែលគាំទ្ររបបដឹកនាំលោក នីកូឡាស់ ម៉ាឌុយរ៉ូ ដែលកំពុងរងសម្ពាធពីអាមេរិក។ រុស្ស៊ី ចិន គុយបា តួកគី អ៊ីរ៉ង់ និងប្រទេសមួយចំនួនទៀត សុទ្ធតែចូលរួមក្នុងក្រុមនេះ ដើម្បីបង្ហាញការគាំទ្ររបស់ខ្លួនលើលោក ម៉ាឌុយរ៉ូ ។ មិននិយាយចំសកម្មភាពអាមេរិកប្រឆាំងមេដឹកនាំខ្លួន ប្រមុខការទូតវ៉េណេស៊ុយអេឡានិយាយថា សម្ព័ន្ធភាពថ្មី នឹងជំរុញការការពារច្បាប់អន្តរជាតិ។
ជាសរុប ប្រទេសច្រើនជាង៥០ បានចូលរួមក្នុងបញ្ជីប្រទេសដែលគាំទ្រវ៉េណេស៊ុយអេឡា។ រដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា Jorge Arreaza និយាយថា ក្រុមប្រទេសដែលគាំទ្ររដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌុយរ៉ូ ទើបបង្កើតថ្មីនេះ នឹងធ្វើសកម្មភាពនៅពេលខាងមុខដើម្បីលើកកម្ពស់ការយល់ដឹងពីគ្រោះថ្នាក់ដែលពិភពលោកប្រឈមមុខសព្វថ្ងៃ។ ប៉ុន្តែលោកមិននិយាយចំពីយុទ្ធនាការរបស់អាមេរិកប្រឆាំងប្រទេសលោកឡើយ។
លោក Arreaza ប្រកាសពីការបង្កើតក្រុមប្រទេសនេះក្នុងសន្និសីទសារព័ត៌មាននៅអង្គការសហប្រជាជាតិ។ ប្រមុខការទូតវ៉េណេស៊ុយអេឡារូបនេះ ត្រូវបានឈរអមដោយប្រមុខបេសកកម្មប្រទេសធំៗប្រចាំអង្គការពិភពលោកមួយនេះមានតំណាងចិន រុស្ស៊ី តួកគី កូរ៉េខាងជើង ស៊ីរី និងប្រេសិតនៅប្រទេសតំបន់ការ៉ាអ៊ីប។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
តាមពិតទៅ ការប្រកាសបង្កើតសម្ព័ន្ធភាពនេះ ក៏ជាការឆ្លើយតបទៅនឹងការបង្កើតក្រុមប្រទេសគាំទ្រមេដឹកនាំប្រឆាំង ហ័ន ក្វៃដូ ដែលតាំងខ្លួនជាប្រធានាធិបតីបណ្ដោះអាសន្នកាលពីថ្ងៃទី២៣ ខែមករាកន្លងមក។ ប្រទេសគាំទ្រមេដឹកនាំប្រឆាំងរូបនេះក៏មានច្រើនជាង៥០ ហើយសុទ្ធសឹងជាប្រទេសមហអំណាចដូចជាអាមេរិក អឺរ៉ុប កាណាដា និងប្រទេសសមាជិកអង្គការរដ្ឋអាមេរិក ក៏ដូចជាប្រទេសសមាជិកលីម៉ាផង។
ជុំវិញការដាក់សម្ពាធ និងការគំរាមប្រើយោធាពីសំណាក់អាមេរិក ប្រមុខការទូតក្រុងការ៉ាកាស់ Arreaza និយាយថា វ៉េណេស៊ុយអេឡាមានសិទ្ធិរស់នៅដោយគ្មាការគំរាមកំហែងប្រើកម្លាំង និងដោយគ្មានការចាត់វិធានការគំរាមដោយយន្តការឯកតោភាគី។ លោកមិននិយាយឲ្យច្បាស់ពីវិធានការដែលសម្ព័ន្ធភាពអនុវត្ត តែបានស្នើឲ្យប្រទេសសមាជិកអង្គការសហប្រជាជាតិទាំងអស់ចូលរួមជាមួយក្រុមប្រទេសទើបបង្កើតថ្មីក្នុងការការពារច្បាប់អន្តរជាតិ។
ដោយឡែក អគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ Vassily Nebenzia បានប្រាប់អ្នកសារព័ត៌មានដែរថា វ៉េណេស៊ុយអេឡា គ្រោងរៀបចំសន្និសីទអន្តរជាតិមួយដើម្បីបង្ហាញការគាំទ្រដល់រដ្ឋាភិបាលស្របច្បាប់របស់លោក ម៉ាឌុយរ៉ូ ។ តំណាងរុស្ស៊ីរូបនេះក៏និយាយដល់ការគំរាមរបស់អាមេរិកដែលចង់ប្រើយោធាដោះស្រាយវិបត្តិនៅរដ្ឋតំបន់អាមេរិកខាងត្បូងមួយនេះផងដែរ៕
Tag:
អាមេរិក
វ៉េណេស៊ុយអេឡា
UN
នីកូឡាស់ ម៉ាឌុយរ៉ូ
© រក្សាសិទ្ធិដោយ thmeythmey.com