ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
នៅ​រមណីយដ្ឋាន​«​ជី​ផាត​»​និង​«​អា​រ៉ែ​ង​» មាន​ផ្នូរ​បុរាណ​ជនជាតិ«​ជង»​អាយុ​៥០០​ឆ្នាំ​
15, Feb 2019 , 5:21 pm        
រូបភាព
រូបភាពផ្តល់សិទ្ធិដោយសហគមន៍អេកូទេសចរណ៍ជីផាត
រូបភាពផ្តល់សិទ្ធិដោយសហគមន៍អេកូទេសចរណ៍ជីផាត
ភ្នំពេញ​៖ «​នៅក្នុង​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត និង​អា​រ៉ែ​ង មាន​ផ្នូរ​បុរាណ​ជនជាតិដើម​ភាគតិច​ជង ដែលមាន​អាយុកាល​៥០០​ឆ្នាំ​។ ការកំណត់​ថា​មាន​អាយុ​៥០០​ឆ្នាំនេះ គឺ​ផ្អែក​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដែល​បាន​វាយតម្លៃ​ពី​អាយុកាល​របស់​ផ្នូរ​បុរាណ​ជនជាតិដើម​ភាគតិច​នៅ​ប្រទេស​កម្ពុជា​ទាំងពីរ​កន្លែង​នេះ​»​។ នេះ​ជា​ខ្លឹមសារ​រួម​ដែល​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ថោង ខុន បាន​មានប្រសាសន៍​នៅក្នុង​បទ​សម្ភាស​ជាមួយ​ក្រុមការងារ​កម្ម​វិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​»​កាលពី​ថ្ងៃទី​១៤ កុម្ភៈ ម្សិលមិញ​។ លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹង​ទៀតថា ក្រៅពី​មាន​ផ្នូរ​បុរាណ នៅ​ជី​ផាត មាន​សក្តានុពល​ទេសចរណ៍​ជាច្រើន​ទៀត ដូចជា ទឹកជ្រោះ​ដ៏​ស្រស់ស្អាត​, ជិះទូក​មើល​ថ្ងៃ​លិច​, អំពិលអំពែក​, ចាក់​បង្កង​នាពេល​រាត្រី​តាម​ដងព្រែក​សមុទ្រ​។​ល​។

 

សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខ្លី ដែល​លោក​រដ្ឋមន្ត្រីក្រសួង​ទេ​ចរណ៍​បានផ្តល់​បទ​សម្ភាស​ដល់​ក្រុមការងារ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ដែល​ក្រុមការងារ​នឹងធ្វើ​ដំណើរ​ទៅ​ស្វែងរក និង​គាស់កកាយ​កំណប់​ទេសចរណ៍​នៅ​តំបន់​អេកូ​ទេសចរណ៍​ជី​ផាត​បន្ថែមទៀត នៅ​ថ្ងៃទី​១៨-២០ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាងមុខនេះ ដូចតទៅ​៖



«​ជី​ផាត​» ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​ល្អ​មួយ​ដែល​ស្ថិតនៅក្នុង​ខេត្តកោះកុង​។ សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត ជាទី​កម្សាន្ត​បែប​ធម្មជាតិ​ស្ថិតនៅ​ទិសនិរតី​នៃ​ប្រទេស​កម្ពុជា ដែល​អមដោយ​សម្រស់​ទឹកជ្រោះ​, ជិះទូក​គយគន់​ថ្ងៃ​លិច​, អំពិលអំពែក និង​សត្វ​ស្លាប​តាម​ដងព្រែក​សមុទ្រ​, ល្អាង​ប្រចៀ​ង​, ទី​ឈ្វេងយល់​ពាង​បុរាណ និង​ផ្នូរ​បុរាណ​ដែលមាន​អាយុកាល​ជាង​៥០០​ឆ្នាំ​។​ល​។ ទាំងនេះ គឺជា​គោលដៅ​នៃ​បេសកកម្ម​លើក​ទី​៤ ដែល​ក្រុមការងារ​ត្រៀម​ទៅ​ផ្តិត​យក​ទស្សនីយភាព​នៃ​សក្តានុពល​អេកូ​ទេសចរណ៍​ជី​ផាត​ដ៏​ល្អ​ឯក នេះ ផ្សព្វផ្សាយ​ជូន​ប្រិយមិត្ត​ដែល​តាមដាន​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» នៅ​ថ្ងៃទី​១៨-២០ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាងមុខនេះ​។​


 
​សូម​រម្លឹកថា កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើមឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង Fresh News និង​គាំទ្រ​ដោយ​ក្រសួង​ទេ​ចរណ៍ ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំង​កម្ពុជា ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍ ដែល​គេ​មិនសូវ​ស្គាល់​តំបន់​ទេសចរណ៍​សក្តានុពល ដែល​ត្រូវគេ​មើលរំលង​, ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក និង​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ទាំងនោះ​ឲ្យ​កាត់​តែ​ល្បីល្បាញ​មួយកម្រិត​ទៀត​៕


© រក្សាសិទ្ធិដោយ thmeythmey.com