ជំនក់ចិត្ត ការអត់ធ្មត់ ការច្នៃប្រឌិត ឯករាជ្យភាព ... សម្រាប់ឱសថបណ្ឌិត ហៃ លីអ៊ាង ស្ថាបនិកសហគ្រាសផលិតឱសថ ប៉េប៉េអឹម និងក្រុមហ៊ុនខនហ្វីរេល ចំណុចទាំងនេះសុទ្ធសឹងតែជាពាក្យគន្លឹះដែលបានដឹកនាំជីវិតរបស់លោក ក្នុងនាមជាសហគ្រិនមួយរូប។
សូមអានបទសម្ភាសន៍ដូចខាងក្រោម៖
តើមនុស្សគ្រប់រូបសុទ្ធតែអាចក្លាយជាសហគ្រិនមួយរូបមែនទេ?
លោក ហៃ លីអ៊ាង៖ ទេ! មិនមែនគ្រប់គ្នាទេ។ ការបង្កើតអាជីវកម្មមួយ ចាំបាច់ត្រូវមានជំនក់ចិត្តចំពោះអាជីវកម្មនោះ។ មានមធ្យោបាយច្រើនណាស់ក្នុងការប្រកបការងារចិញ្ចឹមជីវិត។ យើងអាចយកសមត្ថភាពដែលយើងមាន ទៅធ្វើការឲ្យអ្នកដទៃ បណ្តាក់ទុនលើដីធ្លី ឬបណ្តាក់ទុនក្នុងគម្រោងរបស់អ្នកដទៃជាដើម។ ការបង្កើតមុខជំនួញមួយដើម្បីបង្កើតផលិតផល បង្កើតការងារ និងតង្កើតតម្លៃនៃអាជីវកម្មនោះ គឺជារឿងមួយផ្សេងទៀតដែលទាមទារនូវលក្ខណៈសម្បត្តិដែល មិនមែនមនុស្សគ្រប់រូបសុទ្ធតែមាននោះទេ។ មានគំនិតឯករាជ្យ គំនិតច្នៃប្រឌិត ចេះដឹកនាំក្រុម យល់ពីតម្រូវការរបស់អតិថិជន និងតម្រូវការទីផ្សារ ទាំងនេះគឺជាគុណសម្បត្តិដ៏សំខាន់សម្រាប់សហគ្រិន។ បើសិនជាធ្វើ ដោយគ្មានជំនក់ចិត្តចំពោះអាជីវកម្ម និងផលិតផលរបស់ខ្លួន គ្មានចំណូលចិត្តចំពោះការផ្សងព្រេងក្នុងអាជីវកម្មទេនោះ យើងមិនអាចទៅបានឆ្ងាយនោះទេ។
ដើម្បីជួយស្ថាបនាប្រទេសជាតិឡើងវិញ លោកបានជ្រើសរើសយកផ្លូវធ្វើអាជីវកម្មកាលពីដើមទសវត្សរ៍ឆ្នាំ ៩០។ ហេតុអ្វី?
លោក ហៃ លីអ៊ាង៖ ខ្ញុំគិតថា អ្វីដែលសំខាន់បំផុតសម្រាប់ប្រទេសជាតិនាពេលនោះ គឺជំរុញការបង្កើតឲ្យមានបណ្តាញសហគ្រាសដ៏រឹងមាំមួយ និងគាំទ្រចំពោះអ្នកផ្តួចផ្តើមគំនិតអាជីវកម្ម។ ខ្ញុំមានហេតុផលពីរយ៉ាង។ ទីមួយ មានតែអាជីវកម្មដែលមានតម្លៃប៉ុណ្ណោះទេ ដែលអាចបង្កើតការងារដល់ប្រជាជន។ ទីពីរ វាជាមធ្យោបាយតែមួយគត់ដែលអាចឲ្យកម្ពុជាមិនទទួលរងឥទ្ធិពលនៃសកលភាវូបនីយកម្ម។ ប្រសិនបើខ្មែរមិនជឿជាក់លើខ្លួនឯង វិនិយោគិនបរទេសនឹងធ្វើជាម្ចាស់នៅប្រទេសយើង ដល់ពេលនោះ យើងនឹងលែងមានឯករាជ្យជាតិទៀតហើយ។ ដោយសារហេតុផលទាំងពីរនេះហើយ ទើបខ្ញុំបង្កើតសហគ្រាសប៉េប៉េអឹម និងខនហ្វីរែល។
មុនការបង្កើតសហគ្រាសប៉េប៉េអឹម និងខនហ្វីរែល តើលោកធ្លាប់មានបទពិសោធន៍ក្នុងការបង្កើតអាជីវកម្មពីមុនមកដែរឬទេ?
លោក ហៃ លីអ៊ាង៖ ខ្ញុំគឺជាសហគ្រិនមួយរូបរួចទៅហើយ មុនពេលបង្កើតសហគ្រាសទាំងពីរនេះ។ នៅប្រទេសបារាំង ទីដែលខ្ញុំបានសិក្សាផ្នែកឱសថសាស្ត្រនោះ ខ្ញុំបានផលិត និងលក់ផលិតផលថ្នាំពេទ្យ។ នៅពេលនោះហើយ ដែលខ្ញុំចាប់ផ្តើមមានចំណូលចិត្តធ្វើអាជីវកម្ម។ ការស្តាប់ពីតម្រូវការរបស់អតិថិជន ការបង្កើតផលិតផលដែលឆ្លើយតបនឹងតម្រូវការរបស់ពួកគាត់ និងការព្យាយាមទៅឲ្យហួសពីការរំពឹងទុករបស់អតិថិជនថែមទៀត ការប្រឹងប្រែងធ្វើយ៉ាងណាឲ្យការលក់ផលិតផលទាំងនោះទទួលបានភាពជោគជ័យ ការខំពង្រីកទីផ្សារផលិតផល សម្រាប់ខ្ញុំ ទាំងនេះគឺសុទ្ធតែជាល្បែងដ៏ជក់ចិត្តមួយ។ ខ្ញុំយល់ថា ការបើកអាជីវកម្មមួយគឺជាការងារដែលយើងត្រូវធ្វើឲ្យវារីកចម្រើនទៅមុខរហូត។
សហគ្រាសប៉េប៉េអឹម និងខនហ្វីរែល គឺជាសហគ្រាសដែលលក់ផលិតផលពីរខុសគ្នា មានវត្ថុបំណងខុសគ្នា គោលដៅអតិថិជនក៏ខុសគ្នាដែរ។ ប៉ុន្តែ សហគ្រាសទាំងពីរនេះនៅតែមានចំណុចដូចគ្នា នោះគឺដើម្បីផលិតឱសថ និងផលិតផលម្ហូបអាហារ យើងត្រូវមានចំណេះដឹងក្នុងផ្នែកជីវវិទ្យា គីមីវិទ្យា និងសុខភាព។ បើសិនជាគ្មានចំណេះដឹង និងចំណូលចិត្តធ្វើការស្រាវជ្រាវដែលខ្ញុំទទួលបានពីការសិក្សារបស់ខ្ញុំក្នុងវិស័យទាំងនេះទេ ខ្ញុំក៏មិនអាចបង្កើតសហគ្រាស និងពង្រីកមុខរបរទាំងនេះបានដែរ។ ជោគជ័យនៃអាជីវកម្មផ្សារភ្ជាប់នឹងសមត្ថភាពដែលយើងមាន។
ដើម្បីទទួលបានជោគជ័យក្នុងអាជីវកម្ម ក៏ទាមទារឲ្យមានជំនក់ចិត្តផងដែរ។ ហេតុអ្វី?
លោក ហៃ លីអ៊ាង៖ ជាញឹកញាប់ យើងឃើញថា ពាណិជ្ជករក្មេងៗនៅកម្ពុជាធ្វើអាជីវកម្មតាមគ្នា ហើយពួកគេឆាប់ផ្លាស់ប្តូរអាជីវកម្មនោះតាមចិត្តរបស់ខ្លួន។ ឲ្យតែលែងសូវទទួលបានផលកម្រៃពីអាជីវកម្មចាស់ ពួកគេក៏ប្តូរទៅធ្វើអាជីវកម្មថ្មីៗដែលជាអាជីវកម្មកំពុងតែពេញនិយមនាពេលនោះទៅវិញ។ អ្នកទាំងអស់នេះពិតជាក្លាហានមែនហើយ តែខ្ញុំមិនប្រាកដក្នុងចិត្តថា ពួកគេសុទ្ធតែជាសហគ្រិននោះទេ ព្រោះថាសហគ្រិនដ៏ពិតប្រាកដម្នាក់ មិនឈប់គ្រាន់តែជួបឧបសគ្គដំបូងក្នុងអាជីវកម្មរបស់ខ្លួននោះទេ។ យើងត្រូវប្រើពេលជាច្រើនឆ្នាំទម្រាំ ប៉េប៉េអឹម និងខនហ្វីរែលក្លាយជាសហគ្រាសដែលអាចឈរជើងរឹងមាំនៅលើទីផ្សារ មានកេរ្តិ៍ឈ្មោះល្អ និងមានអតិថិនជនគាំទ្រនោះ។ ដំបូង អ្នកត្រូវមានចក្ខុវិស័យដ៏រឹងមាំមួយសម្រាប់បេសកកម្មនៃអាជីវកម្មរបស់អ្នក ហើយត្រូវដើរតាមទិសដៅនោះជានិច្ច។ បន្ទាប់មកទៀត អ្នកត្រូវមានភាពអំណត់ និងមានសមត្ថភាពក្នុងការប្រឈមនឹងឧបសគ្គ ការប្រែប្រួលក្នុងបរិបទអាជីវកម្ម (ការប្រកួតប្រជែង បទប្បញត្តិក្នុងអាជីវកម្ម) និងចលនានៃទីផ្សារ។
ក្រៅពីជំនក់ចិត្ត និងភាពអត់ធ្មត់ តើត្រូវការអ្វីទៀតដើម្បីទទួលបានភាពជោគជ័យ?
លោក ហៃ លីអ៊ាង៖ មិនបាច់ស្ទាក់ស្ទើរទេ ខ្ញុំសូមឆ្លើយថា គឺគំនិតច្នៃប្រឌិតថ្មីៗ។ បទពិសោធន៍ពីខនហ្វីរែល និងប៉េប៉េអឹមអាចជំរុញសហគ្រិនវ័យក្មេងឲ្យខិតខំបង្កើតគំនិតច្នៃប្រឌិតថ្មី។ ភាពរឹងមាំនៃអាជីវកម្ម គួបផ្សំនឹងសមត្ថភាព នឹងអាចបង្កើតផលិតផលថ្មីៗជាហូរហែ។ ប្រសិនបើយើងគ្រាន់តែធ្វើតាមអ្នកដទៃ នោះមិនយូរមិនឆាប់ អាជីវកម្មយើងនឹងដើរថយក្រោយ ហើយយើងនឹងបរាជ័យ។ យើងអាចចម្លងគំនិតពីអ្នកដទៃបាន ប៉ុន្តែត្រូវតែមានគំនិតថា ធ្វើឲ្យបានល្អជាងគេ។ ដើម្បីយល់ពីតម្រូវការរបស់អតិថិជន និងទីផ្សារ ចេះប្រមើមើលពីការវិវត្តនៃទីផ្សារជំនួញ យើងចាំបាច់ត្រូវចេះរកដៃគូសហការដែលពោរពេញដោយគំនិតច្នៃប្រឌិត ដូចជាចេះបង្កើតគម្រោង ផលិតផល និងចេះធ្វើឲ្យគម្រោងនោះចេញជារូបរាង។
ប៉េប៉េអឹម និងខនហ្វីរែល គឺជាសហគ្រាសដែលបណ្តាក់ទុនច្រើនក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍ។ ក្នុងវិស័យជំនួញ មិនថាផ្នែកអ្វីនោះទេ ការប្រកួតប្រជែងគ្នាគឺមានភាពស្វិតស្វាញណាស់។ អ្នកដែលឈ្នះ គឺជាអ្នកដែលប្រឹងប្រែងធ្វើការបង្កើតថ្មី មិនមែនជាអ្នកដែលចាំតែចម្លងតាមគេនោះទេ។ នៅកម្ពុជា គឺនៅមានកន្លែងសម្រាប់អាជីវកម្មថ្មីៗជាច្រើន ប៉ុន្តែប្រសិនបើយើងចង់បង្កើតអ្វីមួយ ត្រូវតែបង្កើតអ្វីដែលថ្មី ទើបអាចឈរជើងបាន។
ឧទាហរណ៍ អ្នកចង់វិនិយោគក្នុងវិស័យទេសចរណ៍! អ្នកអាចធ្វើវាបាន ដោយបង្កើតផលិតផលថ្មី ប្លែកមិនធ្លាប់មាន។ កុំធ្វើត្រឹមតែជាតំណាងចែកចាយក្នុងតំបន់របស់ផលិតផលបរទេសនោះ។ ខ្ញុំសូមអះអាងថា ការច្រណែនចំពោះភាពជោគជ័យរបស់អ្នកដទៃ មិនមែនជាកត្តានៃជ័យជម្នះសម្រាប់ខ្លួនយើងទេ ហើយការចម្លងពីអ្នកដទៃក៏មិនគ្រប់គ្រាន់នឹងនាំយើងទៅរកភាពជោគជ័យបានដែរ។ ផ្ទុយទៅវិញ អ្នកនឹងរងគ្រោះចំពោះភាពច្រណែននេះទៅវិញ ដោយហេតុថា ពេលដែលយើងចម្លងតាមអ្នកដទៃ នោះយើងគ្មានសិទ្ធិនឹងការពារអាជីវកម្មតាមផ្លូវច្បាប់បានទេ។ ជាក់ស្តែង ខនហ្វីរែល និងប៉េប៉េអឹម បានគេចផុតពីភាពច្រណែនអស់ទាំំងនេះ ដោយការប្រកាន់យកនូវគំនិតនៃបន្តវិនិយោគកាន់តែខ្លាំងថែមទៀតទៅក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍ។
សម្រាប់រូបលោក សហគ្រិនមួយរូបត្រូវគិតគូរពីការរក្សាឯករាជ្យភាពនៃអាជីវកម្មខ្លួន។ តើហេតុអ្វី?
តាមរយៈបទពិសោធន៍នៃជីវិតជាសហគ្រិនរបស់ខ្ញុំ ខ្ញុំយល់ថា យើងមិនអាចតតាំងតែម្នាក់ឯងជាមួយគូប្រជែងគ្រប់គ្នានោះទេ។ អ្នកត្រូវចេះសហការជាមួយដៃគូដែលមានសមត្ថភាព ដែលមានចក្ខុវិស័យអាជីវកម្មស្របជាមួយអ្នក ពោលគឺដៃគូដែលស្តាប់គ្នាទៅវិញទៅមក។ ទន្ទឹមនឹងនោះ អ្នកក៏ត្រូវចេះភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅផងដែរ ដើម្បីប្រឈមនឹងការប្រកួតប្រជែង។ ប៉ុន្តែ អ្នកត្រូវធ្វើរឿងទាំងនេះ ដោយគិតគូរធ្វើយ៉ាងណារក្សានូវឯករាជ្យភាពនៃអាជីវកម្មរបស់ខ្លួន។ នេះជាគោលការណ៍របស់ខ្ញុំសម្រាប់សហគ្រាស ប៉េប៉េអឹម និងខនហ្វីរែល។ តាមរយៈគោលការណ៍នេះ យើងអាចពង្រីកអាជីវកម្មសម្រាប់ការនាំចេញ ក្នុងនាមជាសហគ្រាសខ្មែរ។ ការរក្សាសហគ្រាសឲ្យនៅតែជាសហគ្រាសខ្មែរ គឺជារឿងសំខាន់ណាស់សម្រាប់ខ្ញុំ ព្រោះថាខ្ញុំក៏គិតគូរផងដែរពីឯករាជ្យភាពរបស់ខ្ញុំក្នុងនាមជាមនុស្សប្រុសម្នាក់ និងជាសហគ្រិនម្នាក់ ហើយក៏យកចិត្តទុកដាក់ផងដែរពីឯករាជ្យភាពជាតិ។ ដោយសារតែសហគ្រាសរបស់ខ្ញុំគិតគូរពីហេតុផលនេះហើយ ទើបខ្ញុំនៅតែមានជំនក់ចិត្តបន្តធ្វើវាតែទៅទៀត៕