កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ី​លី រួមជាមួយ អា​ហ្ស​ង់​ទីន ប៉ា​រ៉ា​ហ្គា​យ និង​អ៊ុយ​រូ​ហ្គា​យ ដេញថ្លៃ​រៀប World Cup 2030
16, Feb 2019 , 5:29 pm        
រូបភាព
​ស៊ី​លី​នឹងចូលរួម​ជាមួយ​អា​ហ្ស​ង់​ទីន ប៉ា​រ៉ា​ហ្គា​យ និង​អ៊ុយ​រូ​ហ្គា​យ ដើម្បី​ដេញថ្លៃ​សុំ​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត FIFA World Cup ឆ្នាំ ២០៣០​។​



​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក​បានករ​កើតឡើង​កាលពី​ឆ្នាំ​១៩៣០ ដែល​កាលនោះ អ៊ុយ​រូ​ហ្គា​យ​ជា​អ្នកដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ​និង​ជា​ជើងឯក​ផងដែរ​។ ប្រសិនបើ​ក្រុម​ទាំង​៤ ឈ្នះ​ការដេញថ្លៃ​សម្រាប់​ឆ្នាំ​២០៣០​មែន​នោះ មានន័យថា​អ៊ុយ​រូ​ហ្គា​យ​នឹង​ក្លាយជា​ម្ចាស់ផ្ទះ World Cup នេះ​ជា​លើក​ទី​២ នៅ​រយៈពេល​១០០​ឆ្នាំក្រោយ​។​
 
​ការប្រកាស​ពី​ការដេញថ្លៃ​រួមគ្នា​របស់​ប្រទេស​ទាំង​៤​នៅ​តំបន់​អាមេរិក​ឡាទីន​នេះ គឺ​ក្រោយ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​កិច្ចប្រជុំ​ពី​គំរោង​ដេញថ្លៃ​របស់​ចក្រភព​អង់គ្លេស និង​អៀរ​ឡង់​សម្រាប់​ដឹកនាំ​ការប្រកួត​នេះដែរ​។​


 
​សូមបញ្ជាក់ថា​ព្រឹត្តិការណ៍ World Cup ចាប់ពី​ឆ្នាំ ២០២៦ តទៅ​នឹង​ត្រូវមាន​ក្រុម​ប្រកួតប្រជែង​កើនឡើង​ពី​៣២ រហូតដល់ ៤៨​ក្រុម​ជា​ផ្លូវការ​។ យ៉ាងណា សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) កំពុង​សម្រេចចិត្ត​បន្ថែម​៤៨​ក្រុម​នេះ​នៅ​ឆ្នាំ​២០២០ នៅ​កាតា​តែម្តង​។​
 
​ដំបូង​ឡើយ​មានតែ អា​ហ្ស​ង់​ទីន អ៊ុយ​រូ​ហ្គា​យ និង​ប៉ា​រ៉ា​ហ្គា​យ​ទេ ដែល​ប្រកាស​ផែនការ​របស់ខ្លួន​សម្រាប់​ការដេញថ្លៃ​រួមគ្នា​កាលពី​ឆ្នាំ ២០១៧ ប៉ុន្តែ​ប្រធានាធិបតី​ស៊ី​លី​លោក Sebastian Pinera បានប្រកាស​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​ថា ប្រទេស​របស់លោក​នឹងចូលរួម​ជាមួយ​ប្រទេស​៣​ខាងលើ​នេះដែរ​។​
 
​ក្នុងចំណោម​ប្រទេស​ទាំង​៤​នេះ មានតែ ប៉ា​រ៉ា​ហ្គា​យ​ប៉ុណ្ណោះ​ដែល​មិន​ធ្លាប់បាន​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ World Cup ខណៈ​ប្រទេស​៣​ធ្លាប់បាន​ដឹកនាំ​ម្នាក់​មួយ​លើក​រួចហើយ​ក្នុងនោះ អ៊ុយ​រូ​ហ្គា​យ ឆ្នាំ​១៩៣០ ស៊ី​លី ឆ្នាំ​១៩៦២ និង​អា​ហ្ស​ង់​ទីន ឆ្នាំ​១៩៧៨៕

Tag:
 បាល់ទាត់​
  FIFA World Cup
  ស៊ី​លី
© រក្សាសិទ្ធិដោយ thmeythmey.com