អន្តរជាតិ
សត្វ​ឆ្កែ​នោម​ច្រើន​កន្លែង​ដើម្បី​ការពារ​ខ្លួន និង​ដែនដី​របស់​វា​
16, Feb 2019 , 6:29 pm        
រូបភាព
​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ពេលខ្លះ​សត្វ​ឆ្កែ ជាពិសេស​ឆ្កែ​ឈ្មោល​តែង​ឧស្សាហ៍​នោម​បន្តិចៗ​ច្រើន​
​កន្លែង​។ វា​ជា​ផ្នែក​មួយ​ក្នុងការ​ការពារ​ខ្លួន និង​គ្រួសារ​របស់​វាពី​សត្វ​ឆ្កែ​ដទៃទៀត​។ មិន​ថាស​ត្វ​ឆ្កែស្រុក ឬ​ឆ្កែព្រៃ​ទេ សត្វ​ប្រភេទ​នេះ​តែង​នោម​នៅទីនេះ​បន្តិច ទីនោះ​បន្តិច ដើម្បី​បង្ហាញ​ពី​ដែនដី​គ្រប់គ្រង​របស់ខ្លួន​។​

 
​បើតាម​គេហទំព័រ yummypets.com សកម្មភាព​មួយ​នេះ​ត្រូវបាន​គេ​ហៅ​ជាទូទៅ​ថា «Urine-marking»​។ នៅក្នុង​ទឹកនោម​របស់​ឆ្កែ​មាន​សារធាតុ​ជីវគីមី ឬ​អ័រម៉ូន​។ ក្លិន​របស់​សារធាតុ​ទាំងនោះ មាន​លក្ខណៈពិសេស​ចំពោះ​សត្វ​ឆ្កែ​នីមួយៗ​ដែរ​។ 
 
​ស្រដៀង​គ្នា​នឹង​ស្នាម​ម្រាមដៃ​របស់​មនុស្ស​ដែរ​។ ដោយ​គ្រាន់តែ​ស្រង់ក្លិន ឆ្កែ​ដទៃ​អាច​ដឹង​ពី​អាយុ ភេទ និង​សុខភាព​បាន​។ វា​មិនមែនជា​រឿង​ភ្ញាក់ផ្អើល​នោះទេ ពីព្រោះ​អ្នក​បានដឹងហើយថា សត្វ​ឆ្កែ​មាន​សមត្ថភាព​ពូកែ​ណាស់​ក្នុងការ​ស្រង់ក្លិន​។ 
 
​បើ​នៅ​ក្នុងព្រៃ​វិញ ក្លិន​របស់​ទឹកនោម​របស់​ឆ្កែ​ទាំងនោះ​អាច​ហើរ​តាម​ខ្យល់​ជាច្រើន​គីឡូម៉ែត្រ​។ ដោយឡែក​ពី​ទីក្រុង សត្វ​ឆ្កែព្រៃ​មិនមាន​ម្ចាស់​មើលថែទាំ​នោះទេ​។ ដូចនេះ ការការពារ​ដែនដី​ពី​សត្វ​ដទៃ​មិនមែនជា​រឿង​សាមញ្ញ​នោះទេ​៕

© រក្សាសិទ្ធិដោយ thmeythmey.com