ជាតិ
ជប៉ុនជួយខេត្តសៀមរាបរៀបចំកម្រាល និងចិញ្ចើមផ្លូវនៅផាប់ស្ទ្រីតដើម្បីកាត់បន្ថយទឹកដក់
× សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប តាមរយៈកិច្ចព្រមព្រៀងរវាង JICA និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចាប់ផ្តើមគម្រោងសាងសង់កម្រាល និងចិញ្ចើមផ្លូវ ដោយប្រើបច្ចេកទេសបេតុងជ្រាបទឹក ក្នុងបំណងដើម្បីកាត់បន្ថយទឹកជំនន់ និងទឹកដក់ ដែលតែងកើតមានជាញឹកញាប់នៅក្នុងក្រុងសៀមរាប។
លោក សុខ ថុល នាយករដ្ឋបាលខេត្តសៀមរាប បានប្រាប់សារព័ត៌មានថ្មីៗថា ក្នុងជំនួបនារសៀលថ្ងៃទី១២ កុម្ភៈ ភាគីពាក់ព័ន្ធបានឯកភាពអនុវត្តន៍គម្រោងសាកល្បង សាងសង់កម្រាល និងចិញ្ចើមផ្លូវជ្រាបទឹកតាមបណ្ដោយផ្លូវ២ធ្នូ ប្រវែង៩៣ម៉ែត្រ ចាប់ពីចំណុចប្រសព្វផាប់ស្ទ្រីត ដល់មុខខ្លោងទ្វារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
តាមការបញ្ជាក់របស់នាយករដ្ឋបាលខេត្តសៀមរាប ក្នុងនោះដែរ លោក ទៀ សីហា អភិបាលខេត្តបានពិនិត្យអំពីបច្ចេកទេសខាងលើ ដែលបង្ហាញដោយក្រុមហ៊ុន Omura Ceratec Co.,Ltd និងបានចាត់ទុកគម្រោងនេះថាមានសារសំខាន់ណាស់សម្រាប់ខេត្តទេសចរណ៍មួយនេះ។ លោកបន្ថែមថា ក្រៅពីរៀបចំកម្រាល និងចិញ្ចើមផ្លូវតាមបច្ចេកទេស និងស្ដង់ដាជប៉ុននេះហើយនោះ គម្រោងនេះក៏នឹងរៀបំបែងចែកគន្លងគំនូសផ្លូវសម្រាប់អ្នកថ្មើរជើង ជនពិការ និងយានយន្ត តាមពណ៌កំណត់សម្គាល់ដាច់ដោយឡែកផងដែរ។ គម្រោងនេះនឹងចាប់ផ្តើមពីថ្ងៃទី១៣ កុម្ភៈតទៅ ដោយរំពឹងថានឹងរួចរាល់ទាំងស្រុងនៅអំឡុងខែ មិថុនា។
លោក សុខ ថុល ពន្យល់ថា ប្រសិនណាគម្រោងនេះបានជោគជ័យ រដ្ឋបាលខេត្តនឹងពិនិត្យពីលទ្ធភាពដើម្បីរៀបចំតាមផ្លូវសំខាន់ៗក្នុងក្រុងបន្ថែម តែលោកថា គម្រោងរបស់ JICA នេះ ត្រូវចាយលុយច្រើន ដូច្នេះខេត្តនឹងរៀបចំកែច្នៃរបៀបដូចគម្រោងនេះ ដែលនឹងអនុវត្តន៍ជាជំហានៗ៕
© រក្សាសិទ្ធិដោយ thmeythmey.com