ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញ​៖ ការដាក់​ឈ្មោះ​កូន​តាម​សំនៀង​ខ្មែរ ជាការ​លើកកម្ពស់​អត្តសញ្ញាណ​ជាតិ​
16, Feb 2019 , 6:59 pm        
រូបភាព
លោក ព្រឿង ឈាង លោក វ៉ាយ​ វិបុល និង​លោក​ ទូច គីម​ស្រ៊ាង
លោក ព្រឿង ឈាង លោក វ៉ាយ​ វិបុល និង​លោក​ ទូច គីម​ស្រ៊ាង
​ភ្នំពេញ​៖ អ្នកជំនាញ​ខាង​វប្បធម៌ បាន​គូសបញ្ជាក់ថា ការដាក់​ឈ្មោះ​កូន​ជា​សិទ្ធិសេរីភាព​របស់​បុគ្គ​ល​គ្រប់រូប ប៉ុន្តែ​និន្នាការ​ដាក់ឈ្មោះ​តាម​សំនៀង​បរទេស អាចធ្វើ​ឲ្យ​អត្តសញ្ញាណ​កាន់តែ​បាត់បង់​។ លោក ព្រឿង ឈាង លោក វ៉ា​យ វិបុល និង​លោក​ទូច គីម​ស្រ៊ាង សុទ្ធតែ​បាន​លើកទឹកចិត្ត​ឲ្យ​មាន​ការគិតគូ​ដាក់ឈ្មោះ​កូន​ដែលមាន​អត្ថន័យ​ក្នុង​ភាសា​ខ្មែរ ជាជាង​ការដាក់​តាម​សំនៀង​បរទេស​។​

 
​តទៅ​នេះ​សូម​ស្ដាប់​បទ​យកការណ៍ ស្ដីពី​ការដាក់​ឈ្មោះ​កូន ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖



 
 
​ថ្វី​ដ្បិត​ទំនោរ​នៃ​ការដាក់​ឈ្មោះ​កូន​តាម​សំនៀង​បរទេស នៅ​មិនទាន់​ស្ថិតក្នុង​កម្រិត​ព្រួយបារម្ភ​ខ្លាំង​ក្ដី តែ​រឿងនេះ​ក៏​ត្រូវការ​ការយកចិត្ត​ទុកដាក់​ដែរ​។ ជាការ​ពិត ការដាក់​ឈ្មោះ​កូន​គឺជា​សិទ្ធ​សេរីភាព​របស់​បុគ្គល​គ្រប់រូប​។ តែ​គេ​ក៏​គួរ​គិតពិចារណា​ដែរ​ថា ការដាក់​ឈ្មោះ​នោះបាន​ផ្ដល់​ផល​ល្អ ឬ​មិនល្អ​យ៉ាងណា សម្រាប់​ការបញ្ជាក់​អត្តសញ្ញាណ​ជាតិ​។ ចុះ​តើ​ហេតុអ្វី​បានជា​គេ​ត្រូវ​ព្រួយបារម្ភ​ចំពោះ​ការបញ្ជាក់​ពី​អត្តសញ្ញាណ​ខ្លួន​? 
 
​អ្នកជំនាញ​ខាង​វប្បធម៌​ព្រមាន​ថា ការដាក់​ឈ្មោះ​យក​សំនៀង​បរទេស អាច​បង្ហាញ​ពី​ការ​មិនឱ្យ​តម្លៃ​ឈ្មោះ​ខ្មែរ និង​ប៉ះពាល់​ការ​សំគាល់​អត្តសញ្ញាណ​ជាតិ​។ ក្នុងសង្គម​សកលភាវូបនីយកម្ម ដែលមាន​លំហូរ​វប្បធម៌ និង​ឥទ្ធិពល​បរទេស​ចូលទៅក្នុង​ប្រទេសមួយ​កាន់តែច្រើន បាន​ព្រមាន​ដល់​ម្ចាស់​ស្រុក ឱ្យ​កាន់តែ​មានការ​ប្រុងប្រយ័ត្ន​ពី​វប្បធម៌​ខ្លួន​កាន់តែខ្លាំង​។ នេះ​មិនមែនជា​ការរើសអើង​ឈ្មោះ ឬ​ប្រកាន់ពូជសាសន៍​អ្វី​ឡើយ តែ​ជាការ​បង្ហាញឱ្យឃើញ​ពណ៌​សម្បុរ​ជា​ខ្មែរ​តែប៉ុណ្ណោះ​។ 
 
​មនុស្ស​មួយចំនួន​អាច​យល់ឃើញថា ការដាក់​ឈ្មោះ​កូន​គ្រាន់​ជា​រឿង​តូចតាច តែ​អ្នកជំនាញ​ខាង​វប្បធម៌ ថា​នេះ​ជា​រឿង​គួរឱ្យ​ព្រួយបារម្ភ និង​ទាមទារ​ការគិត​ពិចារណា​។​
​លោក ព្រឿង ឈាង ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​មើលឃើញថា ការដាក់​ឈ្មោះ​កូន​ជា​សំនៀង​ភាសាបរទេស​ច្រើន​កើតមាន​ក្នុង​ត្រកូល​អភិជន ឬ​អ្នកមាន​មួយចំនួន​។



ហើយ​ការណ៍​នេះ​ត្រូវបាន​លោក ឈាង សន្និដ្ឋានថា អាចមកពី​ការឱ្យ​តម្លៃ​ឈ្មោះ​បរទេស​ជាង​ឈ្មោះ​ខ្មែរ ឬ​ការដាក់​ឈ្មោះ​ដោយ​អ​ចេតនា ដោយ​មិនបាន​គិតដល់​តម្លៃ​ជាតិ​។ ម្យ៉ាងវិញទៀត​អាចមកពី​ឥទ្ធិពល​ឱ្យ​តម្លៃ​ឈ្មោះ​បរទេស ត​ពី​សម័យ​បារាំង ដែល​លោក​ប្រៀប​យ៉ាង​ដូច្នេះ​៖
 
 «​ជំងឺ​នេះ​តតាំង​ពី​សម័យ​យើង​មិនទាន់បាន​ឯករាជ នៅ​សម័យ​អាណានិគមនិយម​បារាំង​។ រឿង​ហ្នឹង​ធ្វើឱ្យមាន​ជំងឺ​បាក់ស្បាត ហើយ​យើង​អស់សង្ឃឹម មិនមាន​ជំនឿ​លើ​ខ្លួនឯង ចឹ​ង​ឥទ្ធិពល​ហ្នឹង​វា​រីកសាយ​តម​ករ​ហូត​។ ជាពិសេស​នៅក្នុង​ត្រ​កូន​អភិជន និង​អ្នកមាន ភាគច្រើន គេ​ដាក់ឈ្មោះ​កូន​តាម​សំនៀង​បរទេស​។ បើ​យើង​និយាយ​ភាសា​ខ្មែរ​ខ្លាច​ថោក ដល់​មាន​ពាក្យ​បរទេស​ចូល​ខ្លះទៅ​បានឃើញ​អស្ចារ្យ​។ ដូច្នេះ​ឈ្មោះ​លែងមាន ម៉ុក ម៉ែន ម៉ៅ អី​ទៀតហើយ ស្ដាប់ទៅ​ដូចជា​ទាប បើ ច​ន​នី អីហ្នឹង​ដូចជា​ល្អ​ណាស់ ដូចជា​អស្ចារ្យ​ណាស់​។ តែមាន​អ្នកខ្លះ​គ្នា​ដាក់ឈ្មោះ​នេះ ដោយ​មិន​ចាប់អារម្មណ៍​ទេ​។ ប៉ុន្តែ​អ្នកខ្លះ​គេ​ដាក់​ព្រោះ​បង្កប់ន័យ​នៅក្នុង​នោះ ឱ្យមើល​ឃើញថា​ឈ្មោះ​បរទេស​ប្រសើរ​ជាង​ខ្មែរ​»​។ 
 
​ការដាក់​ឈ្មោះ​នេះដែរ​លោក ឈាង យល់ឃើញថា​ក៏​អាច​បណ្ដាលមកពី​ខ្មែរ​មួយចំនួន​អស់សង្ឃឹម​ចំពោះ​ជាតិ​ខ្លួនឯង ដោយ​ប្រការ​ណាមួយ​ដែរ​។ មិន​ត្រឹមតែ​ការដាក់​ឈ្មោះ​នោះទេ មន្ត្រី​ក្រសួង​វប្បធម៌​រូបនេះ ថែមទាំង​ចាប់អារម្មណ៍​ទៅដល់​ការឱ្យ​តម្លៃ​ភាសាបរទេស ក្នុង​លក្ខ​ខ័​ណ្ឌ​ជ្រើសរើស​បុគ្គលិក​ថែមទៀត​ផង ដែល​នេះ​សបញ្ជាក់​ឱ្យឃើញថា គេ​មិនសូវ​គិតពី​ភាសាជាតិ​។ «​ខ្មែរ​នៅ​កន្លែង​ខ្លះ​គេ​សើច​ថា​យើង​អន់ ដូច្នេះ​បានជា​ម្នាក់ៗ​ខំ​បញ្ចេញ​ភាសាបរទេស​។ សម័យ​អាណានិគម​បារាំង​គេ​ច្រើន​ប្រើ​ភាសា​បារាំង ដល់​សម័យ​ឥឡូវ​អង់គ្លេស​។ ខ្ញុំ​ច្រើន​ឃើញ​ពេល​គេ​ទៅរក​ការងារ​ធ្វើ គេ​មិន​សួររក​អ្នកចេះ​ភាសា​ខ្មែរ​ឬ​អត់​ទេ តែ​គេ​សួរថា​តើ​ចេះ​អង់គ្លេស ចេះ​ចិន ចេះ​ថៃ ទៅវិញ​។ នេះ​គេ​ឱ្យ​បរទេស​ថ្ងៃ​ជាង​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក ព្រឿង ឈាង​។​
 
​ទោះជា​យ៉ាងណា​អ្នកជំនាញ​ខាង​វប្បធម៌​រូបនេះ​ពន្យល់ថា ការឱ្យ​តម្លៃ​ឈ្មោះ​សំនៀង​ខ្មែរ មិនមែន​បង្ហាញថា មានគំនិត​ជាតិនិយម​ចង្អៀតចង្អល់​នោះទេ តែ​គ្រាន់​ជា​ស្មារតី​ឱ្យ​តម្លៃ​ខ្មែរ​ជាធំ​ប៉ុណ្ណោះ​។ លោក​ឧទាហរណ៍​ពី​គុណ​ម្លៃ​នៃ​ការដាក់​ឈ្មោះ​ជា​សំនៀង​ខ្មែរ លើ​ឆាក​អន្តរជាតិ​យ៉ាង​ដូច្នេះ ៖ «​យើង​មិនមែន​ជាតិនិយម​ចង្អៀតចង្អល់​ទេ ប៉ុន្តែ​ខ្មែរ​ត្រូវតែ​ស្គាល់​ខ្មែរ​ឱ្យ​ច្បាស់ ហើយ​យើង​ចេះ​បរទេស​ទៀត​កាន់តែ​ល្អ​។ កាលណា​យើង​ចេះ​ពាក្យ​ខ្មែរ គឺ​បណ្ដុះ​មនសិការ​ស្នេហា​ជាតិ​ដោយ​មិនដឹង​ខ្លួន​។ តែ​កាលណា​យើង​បណ្ដុះ​បែប​បរទេស​នៅក្នុង​ខ្លួន​ច្រើនពេក​ទៅ វា​អាច​មើលស្រាល​ដល់​ខ្មែរ នេះ​តាម​ទស្សនៈ​ខ្ញុំ​។ ជា​ឧទាហរណ៍ ខ្ញុំ​ចូលប្រជុំ​នៅ​ឆាក​អន្តរជាតិ និង​ជាតិ​ក៏ដោយ គ្រាន់តែ​ថា​លោក ដា​វីត អញ្ជើញ​ឡើង​វេទិកា គេ​ស្មានតែ​បរទេស​ទេ គេ​មិនដឹងថា​ខ្មែរ​ទេ​»​។​
 
​មន្ត្រី​ក្រសួង​វប្បធម៌​លោក ព្រឿង ឈាង សំណូមពរ​ចំពោះ​ការដាក់​ឈ្មោះ​កូន ក្នុងន័យ​ឱ្យ​ពិចារណា​ថា ៖ ឈ្មោះ​គួរ​ពិចារណា ខ្ញុំ​មិន​បន្ទោស​អ្វី​ទេ ព្រោះ​ជួនកាល​គេ​អស់សង្ឃឹម​នឹង​ខ្មែរ ជួនកាល​គេ​ធ្វើ​ដោយ​អ​ចេតនា ដោយសារតែ​មិនបាន​គិតពិចារណា​បាន​វែងឆ្ងាយ​។ តែ​សុំឱ្យ​គិតពិចារណា​ម្ដងទៀត នេះ​គ្រាន់តែ​ជា​សំណូមពរ​ទេ គ្រាន់តែ​សុំ​ថា​យើង​នាំគ្នា​ថែរក្សា​អត្តសញ្ញាណ​ជាតិ​។

អត្តសញ្ញាណ​ជាតិ​ហ្នឹង​មាន​ច្រើនណាស់ ភាសា ឈ្មោះ សិល្បៈ ប្រពៃណី ទំនៀមទម្លាប់ សម្លៀកបំពាក់ ម្ហូប ច្រើនណាស់​។ បើ​យើង​រក្សាបាន​ច្រើន​កាលណា ល្អ​កាល​ហ្នឹង ហើយ​បរទេស​ក៏​យើង​មិន​ចង្អៀត​ដែរ​»​។ 
 
​មិន​ខុសពី​មន្ត្រី​ក្រសួង​វប្បធម៌​នោះទេ លោក​សាស្ត្រាចារ្យ ទូច គីម​ស្រ៊ាង សមាជិក​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ បាន​លើកឡើងថា ជនជាតិខ្មែរ​គួរ​ណាស់​តែ​ដាក់ឈ្មោះ​កូន​យកតាម​សំនៀង​ខ្មែរ ព្រោះ​បង្ហាញ​ពី​ការឱ្យ​តម្លៃ​ខ្លួនឯង​និង​ជាតិ​។ លោ​កថា​ការ​ប្រកាន់ខ្ជាប់​ជាតិ​កំណើត​របស់ខ្លួន បានធ្វើឱ្យ​បរទេស​ឱ្យ​តម្លៃ​ខ្មែរ​។ លោក​ពន្យល់ ៖« យើង​គិតពី​មនសិការ ឧ​ត្ត​ម​គតិ​ជាតិ យើង​ត្រូវយក​ឃ្លា​ណា ពាក្យ​ណា សូរសៀង​ណា​ជា​របស់​ខ្មែរ ទើប​ជាការ​ឱ្យ​តម្លៃ​ជាតិ​របស់ខ្លួន​។ កាលណា​ឱ្យ​តម្លៃ​ជាតិ​ខ្លួន ក៏មាន​ន័យ​ថាឱ្យ​តម្លៃ​ខ្លួនឯង​ដែរ ហើយ​កាលណា​ឱ្យ​តម្លៃ​ខ្លួន ក៏ដូចជា​ឱ្យ​តម្លៃ​ជាតិ​ដែរ​។ បើ​យើង​គិត​បាន​វែងឆ្ងាយ គិត​បាន​ល្អិតល្អន់​ហ្មត់ចត់ គួរតែ​យើង​ដាក់ឈ្មោះ​ជា​សំនៀង​ខ្មែរ​ទើប​ល្អ​»​។ 


 
​ប្រធាន​សមាគម​ទ្រទ្រង់​អក្សរសាស្ត្រ​និង​វប្បធម៌​ខ្មែរ លោក ទូច គីម​ស្រ៊ាង ចោទ​ជា​សំនួ​រថា ជនជាតិខ្មែរ​ដែល​ដាក់ឈ្មោះ​បរទេស តើ​អាច​សម្គាល់ថា​ជា​ខ្មែរ​ដោយ​របៀប​ណា​ទៅបាន​? លោក​បញ្ជាក់ថា គួរ​ខ្មែរ​គិតពិចារណា​ឡើងវិញ​។  ចំពោះ​បញ្ហា​កូនកាត់​វិញ លោក គីម​ស្រ៊ាង បានផ្ដល់​ដំណោះស្រាយ​ថា​៖
« បើ​យើង​ដាក់ឈ្មោះ​ជា​បរទេស​ចឹ​ង គេ​សម្គាល់ថា​ជា​ខ្មែរ​យ៉ាងម៉េច​បាន​? តែបើ​យើង​ជា​ខ្មែរ កើត​លើ​ទឹកដី​ខ្មែរ សញ្ជាតិ​ខ្មែរ តែ​យើង​ដាក់ឈ្មោះ​បរទេស វា​ដូចជា​ប្រទាញ​គ្នា វា​មិនល្អ​ទេ​។ ដូច្នេះ​បើ​យើង​ជា​ជនជាតិ​គេ យើង​ដាក់ឈ្មោះ​ជនជាតិ​នោះ​តែម្ដងទៅ តែបើ​យើង​ជា​ខ្មែរ ត្រូវដាក់​ឈ្មោះ​ណា​ជា​ខ្មែរ​យើង​ទៅ ដូច​ឈ្មោះ​បុប្ផា ចរិយា រចនា ទេវី ធា​រី ធីតា យើង​ដាក់​បែប​ហ្នឹង​ទៅ​វា​មានតម្លៃ ហើយ​វា​ពីរោះ​ទៀត​»​។​
 
​លោក​សាស្ត្រាចារ្យ​ក៏បាន​ពន្យល់ ពី​ការដាក់​ឈ្មោះ​ឱ្យ​ត្រូវ​នឹង​កម្រិត​ពាក្យ​ខ្មែរ​ថា ៖« ពេលខ្លះ​កូន​ហ្នឹង​ស្រី​ទេ តែ​ដាក់ឈ្មោះ​ដូច​ប្រុស​។ ហើយ​ពេលខ្លះ​កូន​ហ្នឹង​ប្រុស​ទេ តែ​ដាក់ឈ្មោះ​ដូច​ស្រី​វិញ ទាំងនេះ​សុទ្ធតែ​ត្រូវ​ចៀសវាង​។  ដើម្បី​ដាក់ឈ្មោះ​ឱ្យ​សម គឺ​ដាក់ឱ្យ​ត្រូវ​ទៅតាម​កម្រិត​ពាក្យ​។ បើ​គិត​ទៅតាម​បែបបទ​បាលី បើ​ស្រី​ដាក់ឈ្មោះ​ជាតិ នោះ​ជាតិ​ត្រូវដាក់ (​តិ​)​។ តែបើ​ប្រុស​ឈ្មោះ​ជាត មិនមាន​ស្រៈ (​ិ​) ទេ​»​។​
 
​ចំណែក​លោក វ៉ា​យ វិបុល សមាជិក​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ទំនៀមទម្លាប់​ខ្មែរ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​និង​អន្តរជាតិ ពន្យល់ថា ការដាក់​ឈ្មោះ​កូន​តាម​ក្បួន​ទំនៀមទម្លាប់​ខ្មែរ​បាន​នាំ​មង្គល និង​សិរី​សួស្ដី​ដល់​កូន​។ លោក​ពន្យល់​ពី​ការដាក់​ឈ្មោះ​កូន ៖
«​ការដាក់​ឈ្មោះ​កូនលោក​ឱ្យ​ដាក់​ទៅតាម​អក្សរ​។ បើ​កើត​ចំ​ថ្ងៃអាទិត្យ​លោក​ឱ្យ​យក​អក្សរ (​អ​, អា ,​អ៊ិ ,​អ៊ី , អ៊ុ , អ៊ូ , អេ​, អោ​។ បើ​ប្រុស​ឱ្យ​យក​អក្សរ​នោះ​នៅ​ខាងដើម បើ​ស្រី​ឱ្យ​យក​អក្សរ​នោះ​នៅ​ខាងចុង​។ បើ​កើត​ថ្ងៃ​ចន្ទ​ឱ្យ​យក​អក្សរ​( ក​,​ខ​,​គ​,​ឃ​,​ង​)​។ បើ​កើត​ថ្ងៃ​អង្គា​រ៍​ឱ្យ​យក​អក្សរ (​ច​,​ឆ​,​ជ​,​ឈ​,​ញ​)​។ បើ​កើត​ថ្ងៃ​ពុធ ឱ្យ​យក​អក្សរ (​ត​,​ឋ​,​ឌ​,​ឍ​,​ណ​) ។ បើ​កើត​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ​ឱ្យ​យក​អក្សរ (​ត​,​ថ​,​ទ​,​ធ​,​ន​)​។ បើ​កើត​ថ្ងៃ​សុក្រ​ឱ្យ​យក​(​ប​,​ផ​,​ព​,​ភ​,​ម​) បើ​កើត​ថ្ងៃ​សៅរ៍​ឱ្យ​យក (​យ​,​រ​,​ល​,​វ​,​ស​,​ហ​) នេះ​ជាការ​ដាក់ឈ្មោះ​កូន​»​។ 
 
​ពី​សម័យ​ដើម​ម្ដាយ​ឪពុក​បាន​យក​កូន​របស់ខ្លួន​ទើប​សម្រាល​ថ្មីៗ ទៅសុំ​ឈ្មោះ​ពី​ព្រះសង្ឃ ព្រោះ​គេ​ជឿ​ង​ថា ក្មេង​នឹង​ក្លាយជា​មនុស្ស​ប្រកបដោយ​ធម៌ មាន​បញ្ញា និង​ជាម​នុស្ស​ក្លាហាន​ជាដើម​។ លោក វិបុល បញ្ជាក់ថា ការរក​គ្រូអាចារ្យ​ដើម្បី​ដាក់ឈ្មោះ​ឱ្យ​កូន​បាន​ផល​ល្អប្រសើរ លុះត្រា​ណា​អ្នក​ដាក់ឈ្មោះ​នោះ មាន​គុណធម៌​ពិតប្រាកដ​ដែរ​។ លោក​ពន្យល់​បន្ថែម​៖
 «​ព្រះពុទ្ធ​ព្រះធម៌​ព្រះសង្ឃ​ជា​ត្រួយ​បណ្ដូលចិត្ត ជាទី​ពឹង​ទីរឭក នៃ​អ្នកមាន​ជំនឿ​ក្នុង​ព្រះពុទ្ធសាសនា​។ ព្រះសង្ឃ​គឺជា​អ្នកទ្រទ្រង់​សីល​ដ៏​បរិសុទ្ធ បើ​គ្មាន​ព្រះសង្ឃ​ទេ​លោក​អាចារ្យ ដែលមាន​សីល​បរិសុទ្ធ​ក៏បាន​។ ពាក្យពេចន៍​ដែល​គាត់​និយាយ ឬ​ព្រះសង្ឃ​ដាក់​មក​ហ្នឹង​គឺជា​ពាក្យពិត ដូច្នេះ​ការដាក់​ឈ្មោះ​ហ្នឹង ក៏​វា​សុច្ចរិត​ទៅតាម​ពាក្យ​ដែល​គាត់​កាត់​។ ដូច្នេះ​ក្មេង​ដែល​គាត់​ដាក់ឱ្យ​ហ្នឹង​ប្រកបដោយ​បញ្ញា សុភមង្គល សេចក្ដីក្លាហាន ប្រកបដោយ​កតញ្ញូ​»​។ 
 
​ករណី​ដាក់ឈ្មោះ​កូន​តាម​សំនៀង​បរទេស ត្រូវបាន​លោក វ៉ា​យ វិបុល ផ្ដោតលើ​ការលើកតម្កើង​តម្លៃ​ជាតិ និង​តម្លៃ​ដូនតា​។ លោក​បាន​កត់​សម្ភា​ល​ថា លុះត្រា​ណា​តែ​ខ្មែរ​មាន​មនសិកា ក្នុងការ​ដាក់ឈ្មោះ​កូន​ជា​សំនៀង​ខ្មែរ ទើប​ឈ្មោះ​នោះ​អាច​រីកដុះដាល​ពេញ​ផ្ទៃ​ប្រទេស​។ នេះ​ជាការ​បញ្ជាក់​របស់លោក វ៉ា​យ វិបុល ៖« ការដាក់​ឈ្មោះ​នេះ ក្នុង​គោលបំណង​លើកតម្កើង​វប្បធម៌ ប្រពៃណី របស់​ដូនតា​យើង​។ ធ្វើយ៉ាងណា​ឱ្យ​ជាតិ​យើង​មានតម្លៃ ឱ្យគេ​ធ្វើតាម​យើង​វិញ​។ យើង​យកតែ​វប្បធម៌​ដែល​ត្រឹមត្រូវ​មក​ដាក់ មិន​យក​វប្បធម៌​ដែល​បោកប្រាស​មក​ដាក់​ទេ​។ ដើម្បីឱ្យ​សំនៀង​ខ្មែរ​យើង​កើត​កើន​ចម្រើន​ឡើង លុះត្រា​ណា​បុគ្គល​ទាំងអស់​មាន​ឧ​ត្ត​ម​គតិ មនសិកា​ក្នុង​ខ្លួន​។ ទោះ​ខ្មែរ​ធ្លាក់ខ្លួន​ក្រ​ដុនដាប​យ៉ាងណា តែ​ឱ្យមាន​សីលធម៌​គុណធម៌​ក្នុង​ខ្លួន​»​។ 


  
​តាម​ការកត់សម្គាល់ ឈ្មោះ​តារាភាពយន្ត និង​តារាចម្រៀង​ល្បីៗ នៅ​ទសវត្សរ៍​ទី​៦០ ភាគច្រើន​មានឈ្មោះ​ជា​សំនៀង​ភាសា​ខ្មែរ​។ ដោយឡែក​នាពេល​បច្ចុប្បន្ន​នេះ គេ​សង្កេតឃើញថា ការដាក់​ឈ្មោះ​យក​សំនៀង​តាម​បរទេស ត្រូវបាន​ពេញនិយម​ខ្លាំង​ទៅលើ​តារាចម្រៀង និង​តារា​សម្ដែង​ភាពយន្ត​មួយចំនួន ក្នុងចំណោម​តារា​ដែល​នៅ​រក្សា​ឈ្មោះ​ជា​សំនៀង​ខ្មែរ​។ ចំណែក​ក្នុង​ជីវភាព​ប្រជាជន​សាមញ​វិញ គេ​ក៏​សង្កេតឃើញ ការដាក់​ឈ្មោះ​កូន​ជា​សំនៀង​ភាសាបរទេស​នេះ មាន​ភាគច្រើន​ដែរ ដែល​ទាំងអស់នេះ​សបញ្ជាក់​ថា ខ្មែរ​កាន់តែ​មើលរំលង​តម្លៃ​ខ្លួន​៕
  

Tag:
 ភ្នំពេញ​
  ការដាក់​ឈ្មោះ​
 ​ឈ្មោះ​
  វប្បធម៌​
  ទំនៀមទម្លាប់​
  ប្រពៃណី​
  ទូច គីម​ស្រ៊ាង​
  ព្រឿង ឈាង​
  វ៉ា​យ វិបុល​
© រក្សាសិទ្ធិដោយ thmeythmey.com