ជាតិ
២៥ខេត្ត/រាជធានី
ថ្នាក់ដឹកនាំខេត្តរតនគិរី រៀបចំព្រឹត្តិការណ៍អបអរខួបលើកទី៦០ នៃការបង្កើតខេត្ត រូបភាពពីរដ្ឋបាលខេត្តរតនគិរី
× ភ្នំពេញ៖ ដើម្បីអបអរសាទរខួបលើកទី៦០ នៃការបង្កើតខេត្តរតនគិរី អភិបាលខេត្តបានរៀបចំព្រឹត្តិការណ៍សំខាន់ៗដូចជា ការរំលឹកអនុស្សាវរីយ៍នៃប្រវត្តិកសាងខេត្តនេះ និងគោរពវិញ្ញាណក្ខន្ធអតីតថ្នាក់ដឹកនាំជាន់ថ្នាក់ ដែលបានតស៊ូ ខិតខំទាំងកម្លាំងកាយ ចិត្ត សម្រាប់បង្កើតខេត្តនេះឲ្យមានភាពរីកចម្រើនសម្បូរបែប។ កម្មវិធីនេះនឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ។
នៅក្នុងសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោក មួង ប៉ាង អភិបាលរងខេត្តរតនគិរី បានបញ្ជាក់ដូច្នេះថា វេលាម៉ោង៧ព្រឹកតទៅ ថ្ងៃទី១៧ ខែកុម្ភៈ នឹងមានពិធីក្រុងពាលី សូត្រមន្ត និងពិធីរាប់បាត្រព្រះសង្ឃចំនួន៦១អង្គ នៅទីតាំងរង្វង់មូលក្រុងបានលុង។ លុះរាត្រីថ្ងៃដដែល ក៏មានការប្រគុំតន្ត្រីសម័យ ការសម្តែងសិល្បៈរបាំគង និងការបាញ់កាំជ្រួចអបអរសាទរនៃពិធីបុណ្យ ដែលស្ថិតនៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។
អភិបាលរងខេត្តក៏បានអំពាវនាវដល់មហាជនទូទៅដែលរស់នៅខេត្តនោះ ចូលរួមទស្សនាកម្សាន្តក្នុងកម្មវិធីនេះឲ្យច្រើនកុះករ ដើម្បីសាទរនៃការបង្កើតទឹកដីខេត្តរតនគិរី។
សូមបញ្ជាក់ថា ខេត្តរតនគិរី ត្រូវបានគេបង្កើតឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៥៩។ រហូតមកដល់បច្ចុប្បន្នខេត្តនេះមានអាយុកាល៦០ឆ្នាំហើយ។ ខេត្តរតនគិរី ជាខេត្តមួយដែលមានចម្ងាយឆ្ងាយពីខេត្តនានារបស់កម្ពុជា ដែលសម្បូរទៅដល់ជនជាតិភាគតិចរស់នៅច្រើន ហើយជាខេត្តដែលអំណាយផលផ្នែកកសិកម្ម និងជាខេត្តដែលមានរមណីយដ្ឋានសំខាន់ៗដែលទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com