ជាតិ
ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ថវិកា​៦០​លាន​ដុល្លារ​ពី​ធនាគារពិភពលោក ធ្វើ​ផ្លូវ​កៅស៊ូ​ក្នុង​ខេត្ត​៦ នៅ​ឆ្នាំ​២០១៩
16, Feb 2019 , 1:59 pm        
រូបភាព
រូបបានពីទំព័រហ្វេសប៊ុក ក្រសួងអភិវឌ្ឍន៍ជនបទ
រូបបានពីទំព័រហ្វេសប៊ុក ក្រសួងអភិវឌ្ឍន៍ជនបទ
​ភ្នំពេញ​៖ គម្រោង​ធ្វើ​ផ្លូវ​កៅស៊ូ​កម្រាស​ពីរ​ជាន់​ប្រភេទ​DBST ផ្លូវ​បេតុង និង​ស្ពាន ព្រមទាំង​ធ្វើ​សំណង់​ផ្សេងៗ​ទៀត នៅ​តំបន់​ទឹក​លិច ក្នុង​ខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្តាល និង​ខេត្តសៀមរាប នឹង​អនុវត្ត​ការសាងសង់ ក្នុងអំឡុង​ខែកញ្ញា ឆ្នាំ​២០១៩​។ គម្រោង​នេះ មាន​ទំហំ​ទឹកប្រាក់​៦០​លាន​ដុល្លារ ដែល​ក្រសួង​អភិវឌ្ឍន៍ជនបទ ទទួល​បានជា​ជំនួយឥតសំណង​ពី​ធនាគារពិភពលោក (World Bank) ដើម្បី​ឆ្លើយតប និង​គ្រប់គ្រង​គ្រោះមហន្តរាយ នៅ​កម្ពុជា​។

 
​យោងតាម​របាយ​ការ​រណ៍​បូកសរុប​ប្រចាំឆ្នាំ​២០១៨ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ គម្រោង​នេះ នឹង​រៀបចំ​ដាក់​ដេញថ្លៃ និង​ជ្រើសរើស​ក្រុមហ៊ុន​ស្ថាបនា​ឱ្យបាន​រួចរាល់ នៅ​ខែមីនា និង​ចាប់ផ្តើម​សាងសង់​ផ្លូវ និង​សំណង់​សិល្បការ ក្នុង​ខែកញ្ញា ឆ្នាំ​២០១៩​។  គម្រោង​នេះ នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២២​។ 
 
​ប្រភព​ដដែល បាន​បញ្ជាក់ថា នៅពេល​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​ត្រូវបាន​បញ្ចប់ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​គោលដៅ​ទាំង​៦​នេះ  នឹង​ងាយស្រួល​ក្នុងការ​ស្វែងរក​ការងារ​ធ្វើ  ងាយស្រួល​ទទួលបាន​សេវា​សង្គម ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ រួច​ចំណែក​ការកាត់បន្ថយ​ភាពក្រីក្រ នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​លក្ខខណ្ឌ​រស់នៅ​សម្រាប់​គ្រួសារ​នីមួយៗ​នៅ​ជនបទ ពិសេស​នឹង​ក្លាយជា​វិសាលភាព​កសិកម្ម​ខ្ពស់ តាមរយៈ​ការអភិវឌ្ឍន​ផ្លូវ​ជនបទ​ទាំងនេះ​៕ 
 
 

Tag:
 ជាតិ​
  សេដ្ឋកិច្ច​
  ថវិកា​
  WB
  ស្ទឹងត្រែង​
  ក្រចេះ​
  ត្បូងឃ្មុំ​
  កំពង់ចាម​
  កណ្តាល​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com