អន្តរជាតិ
តើ​វ៉ែនតា​មាន​ប្រវត្តិ និង​ដើមកំណើត​យ៉ាងដូចម្តេច​?
17, Feb 2019 , 8:59 am        
រូបភាព
​តើ​អ្នក​ធ្លាប់មាន​ចម្ងល់​ទេ​ថា មុន​ពេលដែល​វ៉ែនតា​ត្រូវបាន​បង្កើតឡើង អ្នកមាន​បញ្ហា​ភ្នែកមាន​ភាពលំបាក​ខ្លាំង​ដែរឬទេ​? ប្រាកដ​ណាស់ ពួកគេ​ត្រូវ​រស់នៅ​ដោយ​មើលឃើញ​មិន​ច្បាស់​ជានិច្ច​។

 
​យោងតាម​គេហទំព័រ zennioptical.com នៅ​ក្នុងសម័យ​បុរេប្រវត្តិ ដើម្បី​ការពារ​ភ្នែក​ពី​ពន្លឺ​ថ្ងៃ​ដែល​ភ្លឺ​ពេក ជនជាតិភាគតិច​រស់​នៅតាម​តំបន់​ទឹកកក​អាក​ទិ​ក បាន​កែច្នៃ​ធ្មេញ​របស់​សត្វ​តោ​សមុទ្រ (Walrus)
​ដោយ​ចិត​ប្រហោង​តូច​ហើយ​វែង ទំហំ​ប្រហែល​ភ្នែក ហើយ​ចងខ្សែ​ជុំវិញ​ក្បាល​។
 
​ពួកគេ​មិនបាន​ប្រើប្រាស់​កញ្ចក់​ដើម្បី​ការពារ​ពន្លឺ​ដូច​សម័យ​ទំនើប​នេះ​ទេ តែ​ភាព​ច្នៃប្រឌិត​របស់គេ ក៏​អាច​ចាត់ទុកបាន​ថា​ជា​គំនិត​មួយ​ល្អប្រសើរ​ផងដែរ​។ 
 
​ដល់​ក្នុង​អាណាចក្រ​រ៉ូម​បុរាណ អធិរាជ Nero បាន​ប្រើប្រាស់​ត្បូង​ពណ៌​បៃតង Emerald ដើម្បី​ការពារ​ពន្លឺ​ថ្ងៃ នៅពេល​ទ្រង់​ចូល​ទស្សនា​ពិធី​សម្តែង​នានា​។ ពេល​អាន​សៀវភៅ អធិរាជ Nero ប្រើ​កូន​កែវ​ដែលមាន​ទឹក​នៅ​ខាងក្នុង ដើម្បី​ពង្រីក​មើល​អក្សរ​ឲ្យ​ធំ​ជាង​មុន​។ ក្នុងអំឡុង​ឆ្នាំ ១០០០​ក្រោយ​គ្រិស្តសករាជ អ្នក​ផលិត​កញ្ចក់​នៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី បាន​ផលិត​កញ្ចក់​កែវ​ដែល​អាច​ពង្រីក​អក្សរ​បាន​ដោយ​មិនចាំបាច់​ប្រើ​កែវ​ដែល​មានទឹក​។ កញ្ចក់​ពង្រីក​នេះ បាន​ជួយ​ឲ្យ​មនុស្ស​ដែលមាន​វ័យ​ចំណាស់​បន្ត​ការអាន និង​សរសេរ​សៀវភៅ​បាន​យ៉ាង​ងាយស្រួល​។ 
 
​រវាង​ឆ្នាំ​១២៦៨ និង​ឆ្នាំ​១៣០០ អ្នក​ផលិត​កញ្ចក់​ក្នុង​ទីក្រុង​រ៉ូម​បាន​ផលិត​របស់​មួយ​ដែល​គេ​ចាត់ទុកថា​ជា​វ៉ែនតា​កញ្ចក់​ដំបូង​គេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​។ គេ​ផលិត​វា​ដោយ​ប្រើ​កញ្ចក់​ពីរ ត​ភ្ជាប់​ដោយ​ទំ​ពក់​នៅ​កណ្តាល ស្រដៀង​គ្នា​នឹង​វ៉ែនតា​បច្ចុប្បន្ន​ដែរ​។ ក្នុងពេល​ដដែល​នោះ វ៉ែនតា​ត្រូវបាន​គេ​នាំចូល​ទៅកាន់​ទីផ្សារ​សម្រាប់​អ្នក​ដែលមាន​បញ្ហា​ភ្នែក​មើល​មិនសូវ​ច្បាស់​។ 
 
​ក្នុង​សតវត្ស​ន៍ទី​២០ វ៉ែនតា​ថ្មី​ត្រូវបាន​គេ​ផលិតឡើង​ក្នុង​គោលបំណង​ជាច្រើន​ដូចជា ការពារ​ពន្លឺ UV សម្រាប់​ភ្នែក​មើល​ឆ្ងាយ មើល​ជិត ឬ​គ្រាន់តែ​ជា​ម៉ូដ​ជាដើម​។ ក្នុង​ទសវត្ស​ន៍​ឆ្នាំ​៦០ កញ្ចក់​ប្លា​ស្ទិ​ក​ក៏ត្រូវ​បាន​គេ​ផលិតឡើង ដោយ​វា​មាន​ទម្ងន់​ស្រាល និង​មិន​បង្ក​គ្រោះថ្នាក់​ខ្ពស់​នៅពេល​បែក​។ ក្រោយមក ក្រុមហ៊ុន Google ក៏បាន​ផលិត​វ៉ែនតា​ដែលមាន​បច្ចេកវិទ្យា និង​កាមេរ៉ា​នៅ​ពី​ក្នុង​ដែល​គេហ​ថា Google Glasses ។ 
 
​ក្នុង​រយៈពេល​ជិត​១០០០​ឆ្នាំ​មកនេះ គេ​សង្កេតឃើញ​ការផ្លាស់ប្តូរ​ជាច្រើន​ក្នុង​ការមើល​របស់​មនុស្ស​។ វ៉ែនតា​បាន​ក្លាយជា​ឧបករណ៍​មួយ​ដែល​មិនអាច​ខ្វះ​បាន​ដោយ​មនុស្ស​ជាច្រើន​ពេល​សព្វថ្ងៃនេះ​៕  

Tag:
 វ៉ែនតា​
© រក្សាសិទ្ធិដោយ thmeythmey.com