ជាតិ
បារាំង​បន្ត​ជួយ​ជួសជុល​ប្រាសាទមេបុណ្យខាងលិច​
17, Feb 2019 , 9:29 am        
រូបភាព
រូបភាព៖អាជ្ញាធរអប្សរា
រូបភាព៖អាជ្ញាធរអប្សរា
​សៀមរាប​៖ ប្រាសាទមេបុណ្យខាងលិច ត្រូវបាន​ចាប់ផ្តើម​ជួសជុល​កាលពី​ឆ្នាំ​២០១២ ដោយ​វិទ្យាស្ថាន​បារាំង​ចុង​បូព៌ា ហៅ​កាត់​ថា EFEO និង​អាជ្ញាធរ​ជាតិ​អប្សរា​។ ក្នុងអំឡុង​ពាក់កណ្ដាល​ឆ្នាំ ២០១៨​កន្លងទៅ ដោយសារ​បញ្ហា​កង្វះ​ថវិកា ជំ​រុញឱ្យ​វិទ្យាស្ថាន​បារាំង​ចុង​បូព៌ា ផ្អាក​គម្រោង​ជួសជុល​បណ្ដុះ​អាសន្ន​។ កាលពីដើម​ខែមករា ឆ្នាំ​២០១៩ ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​បានសម្រេច​ចូលរួម​ក្នុង​កិច្ចសហប្រតិបត្តិការ​ជួស​ជុល​ប្រាសាទមេបុណ្យខាងលិច ដែល​នេះ​សបញ្ជាក់​ថា បារាំង​នៅតែ​បន្ត​ការដ្ឋាន​ជួយ​ជុល​ប្រាសាទ​នេះ​រហូតដល់​បញ្ចប់​។​

 
​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រាសាទមេបុណ្យខាងលិច​នៅ​ថ្ងៃទី​១១ កុម្ភៈ អគ្គនាយក​ស្ដីទី​អាជ្ញាធរ​ជាតិ​អប្សរា លោក ហង់ ពៅ លើកឡើងថា ការដ្ឋាន​នេះ​បានចាប់ផ្តើម​ដំណើរ​ឡើងវិញ​ចាប់ពី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៩​មក តាមរយៈ​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថានទូត​បារាំង និង​អាជ្ញាធរ​ជាតិ​អប្សរា​។ ក្រៅពីនេះ ស្ថានទូត​បារាំង​ក៏បាន​ប្រគល់​នូវ​រថយន្ត​ចំនួន​២​គ្រឿង​ដល់​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ប្រើប្រាស់​ក្នុង​ការដ្ឋាន​នេះ​ផងដែរ​។​


 
​លោក គី​យូ​ម ណាក​ហ្សឺ​ឡេ (Guillaume NARJOLLET) ទីប្រឹក្សា​សហប្រតិបត្តិការ និង​កិច្ចការ​វប្បធម៌ នៃ​ស្ថានទូត​បារាំង និង​ជា​សហប្រធាន​ក្នុង​គម្រោង​ជួសជុល​ប្រាសាទមេបុណ្យខាងលិច បានឱ្យដឹងថា លោក​រំពឹងថា ការដ្ឋាន​នេះ​អាច​នឹង​បញ្ចប់​ក្នុង​រយៈពេល​៣​ឆ្នាំ​ទៀត​។ យ៉ាងណា លោ​កថា​ការដ្ឋាន​នេះ​មាន​បញ្ហា​ប្រឈម​ខ្លាំង​ជាង​កន្លែង​ដទៃ ដ្បិត​នៅ​កណ្ដាល​បារាយណ៍​ខាងលិច ដែល​ពន្យឺត​ដល់​ដំណើរការ​ជួសជុល​នេះ​។​


 
​ប្រាសាទ​មេបុណ្យ​ដែល​ស្ថិតនៅ​ចំ​កណ្ដាល​បារាយណ៍ទឹកថ្លា បានចាប់ផ្តើម​ជួសជុល​ឡើងវិញ​ចាប់ពី​ឆ្នាំ ២០១២​មក ដោយ​វិទ្យាស្ថាន​បារាំង​ចុង​បូព៌ា បន្ទាប់ពី​ស្ថាប័ន​នេះ​បញ្ចប់​គម្រោង​ជួសជុល​ប្រាសាទបាពួន​។ ការដ្ឋាន​នេះ​មាន​ភាពស្មុគស្មាញ ដោយសារ​វា​ស្ថិតនៅ​ចំ​កណ្ដាល​បារាយណ៍ទឹកថ្លា ឬ​បារាយណ៍​ខាងលិច ដែល​ត្រូវបាន​លិច​ទឹក​ព័ទ្ធជុំវិញ​ស្ទើរតែ​ពេញ​មួយឆ្នាំ បង្កឱ្យមាន​ការលំបាក​ក្នុងការ​ដឹកជញ្ជូន​សម្ភា​រ ក៏ដូចជា​តំឡើង​ឧបករណ៍ប្រើប្រាស់​ផ្សេងៗ​ទៀត​។ បញ្ហា​នេះ​ត្រូវបាន​ដោះស្រាយ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ដោយបាន​ជួយ​បច្ចេកទេស​ទឹក​នៅក្នុង​ការងារ​នេះ ដើម្បី​អនុញ្ញាតឱ្យ​ដំណើរការ​១២​ខែ​ក្នុង​មួយឆ្នាំ​៕





Tag:
 វប្បធម៌ សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com