ចប់​អនុបណ្ឌិត​ពី​ហូ​ឡង់ កញ្ញា វន ថា​រី ច្នៃ​ស្រកីដូង​ទៅជា​ឧបករណ៍​ចម្រោះ​ទឹក​កខ្វក់​
ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
ចប់​អនុបណ្ឌិត​ពី​ហូ​ឡង់ កញ្ញា វន ថា​រី ច្នៃ​ស្រកីដូង​ទៅជា​ឧបករណ៍​ចម្រោះ​ទឹក​កខ្វក់​
17, Feb 2019 , 9:59 am        
រូបភាព
SUDrain ជា​គម្រោង​អាជីវកម្ម​ដែល​ផលិត​ឧបករណ៍​ចម្រោះ​ទឹក​កខ្វក់ ដោយ​ប្រើប្រាស់​ស្រកីដូង ដែល​ធ្វើការ​ស្រាវជ្រាវ​រកឃើញ​ដោយ​សហគ្រិន​វ័យក្មេង​កម្ពុជា​មួយក្រុម ដើម្បី​ជួយ​សម្អាត​ប្រភព​ទឹកសាប​ក្នុងប្រទេស​កម្ពុជា​។ ឧបករណ៍​ចម្រោះ​ទឹក​កខ្វក់​នេះ​បង្កើតឡើង​សម្រាប់​ប្រើប្រាស់​ក្នុង​សហគ្រាស​ធន​តូច និង​មធ្យម ដើម្បី​ចម្រោះ​ទឹក​ឲ្យ​ស្អាត​មុននឹង​បង្ហូរ​ចូលទៅក្នុង​ប្រភព​ទឹកសាប ដូចជា​បឹង ប្រឡាយ និង​ទន្លេ​វិញ​។


​គម្រោង​អាជីវកម្ម SUDrain មួយ​នេះ បង្កើតឡើង​ដោយ​និស្សិត​សាកលវិទ្យាល័យ​ពីររូប ដើម្បី​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​គ​ម្រោ​ង​អាជីវកម្ម​របស់ Smart Spark និង Impact Hub Phnom Penh នាពេល​ថ្មីៗ​នេះ ហើយ​គម្រោង​អាជីវ​កម្មនេះ​ក៏​ទទួលបាន​ជ័យលាភី​លេខ​១ ផងដែរ​។​



 
​កញ្ញា វន ថា​រី ស្ថាបនិក SUDrain និង​ជា​អ្នកស្រាវជ្រាវ​ផលិត​ឧបករណ៍​ចម្រោះ​ទឹក​កខ្វក់​នេះ បាន​ប្រាប់​មូលហេតុ​ដែល​ជំរុញ​ឲ្យ​កញ្ញា និង​ក្រុមការងារ​សម្រេចចិត្ត​ជ្រើស​រើសយក​គម្រោង​អាជីវ​កម្មនេះ ព្រោះ​ចង់​ជួយ​ដោះស្រាយ​បញ្ហា​បំពុល​ទឹក​ក្នុងប្រទេស​កម្ពុជា​។ កញ្ញា ថា​រី បាន​រកឃើញថា ការបំពុល​ទឹក​នៅ​កម្ពុជា ជាពិសេស​ក្នុង​រាជធានី​ភ្នំពេញ កំពុង​ប្រឈម​ខ្លាំង ព្រោះ​សហគ្រាស​ធុន​តូច និង​មធ្យម និង​ក្រុមហ៊ុន​សាងសង់ បាន​បង្ហូរទឹក​កង្វក់ ឬ​ទឹក​ដែលមាន​សារជាតិ​ពុល​ផ្សេងៗ ចូលទៅ​កាន់​ប្រភពទឹក​ដោយ​មិនបាន​ឆ្លងកាត់​ការសម្អាត​ត្រឹមត្រូវ ដូច្នេះ​បើ​មិន​រួមគ្នា​ដោះស្រាយ​ទេ វា​នឹងមាន​បញ្ហា​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​អនាគត​។ 
 
​សហគ្រិន​វ័យក្មេង​ដែល​ទើប​បញ្ចប់​ថ្នាក់អនុបណ្ឌិត​ផ្នែក​បរិស្ថាន​ពី​ប្រទេស​ហូ​ឡង់​រូបនេះ បាន​អះអាងថា ឧបករណ៍ ឬ​ហៅ​អាង​ចម្រោះ​ទឹក​កង្វក់​ដែល​ធ្វើ​ពី​ស្រកីដូង​នេះ មាន​សមត្ថភាព​អាច​ច្រោះ​ទឹក​កខ្វក់​បាន​ស្ទើ​តែ​១០០​ភាគរយ​។ សហគ្រិន​វ័យក្មេង​រូបនោះ បន្ថែមទៀតថា គម្រោង​នេះ​ពិតជា​សាក​សម​សម្រាប់​សហគ្រាស​ធន​តូច និង​មធ្យម ព្រោះ​មានតម្លៃ​ធូរ​ថ្លៃ និង​អាច​ប្រើបាស​បាន​រយៈពេល​យូរ (​អាយុ​៥​ឆ្នាំ​) រួមទាំង​មាន​ទំហំ​សម​នឹង​តម្រូវការ​របស់​សហគ្រាស​។ បច្ចុប្បន្ន​ក្រុមហ៊ុន​ដែល​ផ្គត់ផ្គង់​សម្ភារ​ចម្រោះ​ទឹក​កខ្វក់​នៅ​កម្ពុជា ដែលមាន​ទំហំ​ធំ​លើស​តម្រូវការ​របស់​ស​ហ​គ្រាស និង​មានតម្លៃ​ថ្លៃ​។ 
 
ស្ថាបនិក SUDrain ដែលកំណើតនៅខេត្តក្រចេះ​រូបនេះ បាន​និយាយថា​៖« នៅ​ស្រុក​គេ គេ​ប្រើប្រាស់​បច្ចេកទេស​ទំនើប​ក្នុងការ​សម្អាត​ទឹក​កខ្វក់ ដូច្នេះ​វា​មានតម្លៃ​ថ្លៃ និង​ត្រូវការ​អ្នកជំនាញ​។ គំនិត​របស់ខ្ញុំ ខ្ញុំ​ចង់​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់​ដែរ ដោយ​ប្រើប្រាស់​សម្ភារ​ដែលមាន​នៅ​ក្នុងស្រុក ដោយ​មិនចាំបាច់​ប្រើប្រាស់​របស់ទំនើប ម៉ាស៊ីន​ធំៗ ដែល​ចំណាយ​ថាមពល​ច្រើន និង​មានតម្លៃ​ថ្លៃ​ផងដែរ​។ ខ្ញុំ​ក៏បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ច្រើន​ក៏​រកឃើញថា​អត្ថប្រយោជន៍​នៃ​ស្រកីដូង ដែល​អាច​សម្អាត​ទឹក​កខ្វក់​បានល្អ​»​។​
 
​ចំពោះ​សហគ្រាស​ដែលមាន​បំណង​ចង់​ប្រើប្រាស់​ឧបករណ៍​ចម្រោះ​ទឹក​កង្វក់​នេះ គឺ​ជំហាន​ដំបូង​ក្រុមការងារ​របស់​កញ្ញា​នឹង​ចុះទៅពិនិត្យ​បរិមាណ​ទឹក​កខ្វក់​ដែល​សហគ្រាស​បញ្ចេញ​ក្នុង​មួយថ្ងៃ​, ជំហាន​បន្ទាប់​សិក្សា​ប្រភេទ​នៃ​ទឹក​កខ្វក់​នោះ​, ការដំឡើង​ឧបករណ៍​, និង​ការចុះទៅ​ពិនិត្យ​រៀងរាល់ខែ​។ គម្រោង​អាជីវកម្ម SUDrain ក៏​កំពុងរ​កដៃ​គូរ​សហកា​រណ៍​លើ​ការពង្រីក​ប្រតិបត្តិការ​អាជីវកម្ម និង​គាំទ្រ​ប​ន្តែ​ម​ផងដែរ​។​រីឯ​តម្លៃ​ឧបករណ៍​នេះ គឺ​ប្រែប្រួល​ទៅតាម​ទំហំ​នៃ​បរិមាណ​ទឹក​កខ្វក់ ដែល​សហគ្រាស​ផលិត​ក្នុង​មួយថ្ងៃ​។​
 
«​ឥឡូវនេះ​ពួកយើង​កំពុង​ស្វែងរក​ដៃគូរ​សហការ​លើ​ការវិនិយោគ ក៏ដូចជា​អ្នកគាំទ្រ​ទាំងអស់ ព្រោះថា​ពិតជា​ត្រូវការ​ពួកគាត់ ដើម្បី​ឲ្យ​អាជីវកម្ម​មួយ​នេះ ដើរទៅ​មុខ ដើម្បី​ដោះស្រាយ​បញ្ហា​បរិស្ថាន ជាពិសេស​ទឹក​កខ្វក់ នៅក្នុង​ប្រទេស​កម្ពុជារ​បស់​យើង​»​។ នេះ​ជាការ​រៀបរាប់​របស់ កញ្ញា ថា​រី ដែល​បច្ចុប្បន្ន​កញ្ញា​បាន​បង្កើត​កន្លែង​ពិសោធន៍​មួយ​នៅ វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា (Institute of Technology of Cambodia) ដើម្បី​សិក្សារ​ទៅលើ​លក្ខណៈ​នៃ​សារធាតុពុល​ផ្សេងៗ​ក្នុង​ទឹក​កខ្វក់​៕



© រក្សាសិទ្ធិដោយ thmeythmey.com