យ៉ាងហោចណាស់កុមារចំនួន១០ម៉ឺននាក់ស្លាប់ជារៀងរាល់ឆ្នាំ ស្មើនឹងប្រមាណ២៧១នាក់ក្នុងមួយថ្ងៃ ដោយសារតែជម្លោះប្រដាប់អាវុធនិងឥទ្ធិពលរបស់វា ពោលគឺរាប់ចាប់ពីភាពអត់ឃ្លាន និងកង្វះការឧបត្ថម្ភជាដើម។ នេះបើតាមការប្រកាសរបស់មូលនិធិសង្គ្រោះកុមារអន្តរជាតិ (Save the Children International) នៅថ្ងៃទី១៥ ខែកុម្ភៈ។
នៅក្នុងប្រទេសរងគ្រោះខ្លាំងបំផុតចំនួន ១០ អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិនេះ ប៉ាន់ស្មានថា កុមារចំនួន៥៥ម៉ឺននាក់បានស្លាប់ដោយសារតែសង្គ្រាមចន្លោះពីឆ្នាំ ២០១៣ និង ២០១៧។ ពួកគេបាត់បង់ជីវិតដោយសារសង្គ្រាមនិងឥទ្ធិពលរបស់វា ក្នុងចំណោមនោះរួមមាន ភាពអត់ឃ្លាន, ការបំផ្លិចបំផ្លាញដល់មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធ, កង្វះខាតការថែទាំសុខភាព និងអនាម័យ, និងកង្វះខាតការឧបត្ថម្ភជាដើម។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោកស្រី Helle Thorning-Schmidt នាយកប្រតិបត្តិការមូលនិធិសង្គ្រោះកុមារអន្តរជាតិ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ស្ទើតែម្នាក់ក្នុងចំណោមកុមារ៥នាក់កំពុងរស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះ។ ចំនួននេះគឺច្រើនជាងពេលណាៗទាំងអស់ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ»។
«ចំនួនកុមារដែលត្រូវបានសម្លាប់ ឬធ្វើឲ្យរងរបួសបានកើនឡើងជាង៣ដង ហើយយើងមើលឃើញបញ្ហាគួរឲ្យភ្ញាក់ផ្អើលមួយទៀតគឺ កំណើននៃការប្រើប្រាស់ជំនួយទៅជាអាវុធនៃសង្គ្រាម»។ លោកស្រី Helle និយាយបែបនេះនៅឯសន្និសីទសន្តិសុខ Munich ប្រទេសអាល្លឺម៉ង់ ក្រោយពីបញ្ចេញរបាយការណ៍ខាងលើរួច។
បើតាមសារព័ត៌មានដដែល មូលនិធិ Save the Children បានបញ្ជាក់ថា ការសិក្សាមួយដែលខ្លួនបានទទួលការអនុញ្ញាតពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាព Oslo រកឃើញថា កុមារប្រមាណ៤២០លាននាក់រស់នៅតំបន់ដែលទទួលរងផលប៉ះពាល់ពីជម្លោះក្នុងឆ្នាំ២០១៧។ តួលេខនេះគឺស្មើនឹង១៨ភាគរយនៃកុមារទាំងអស់នៅទូទាំងពិភពលោក និងកើនឡើងចំនួន៣០លាននាក់ពីឆ្នាំ២០១៦។
ប្រទេសដែលរងគ្រោះខ្លាំងបំផុតដោយសារសង្គ្រាមគឺមានដូចជា អាហ្វហ្គានីស្ថាន, អាហ្វ្រិកកណ្តាល, សាធារណៈរដ្ឋប្រជាធិបេតេយ្យកុងហ្កោ, អ៊ីរ៉ង់, ម៉ាលី, នីហ្សេរីយ៉ា, សូម៉ាលី, ស៊ូដង់ខាងត្បូង, ស៊ីរី និងយេម៉ែន។
មូលនិធិដដែលនេះ ក៏បានដាក់ចេញនូវដំណោះស្រាយមួយចំនួនដើម្បីជួយការពារកុមារ រួមមាន ការកំណត់អាយុតិចបំផុតត្រឹម១៨ឆ្នាំសម្រាប់ការជ្រើសរើសយោធា ដើម្បីបញ្ចៀសការប្រើប្រាស់អាវុធជាតិផ្ទុះនៅក្នុងតំបន់ទីប្រជុំជននានា៕