ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ព្រះសង្ឃ​វត្ត​លលៃ​ព្រម​រើ​សំណង់​ចុះមក​ក្រោម​ដើម្បី​ការអភិរក្ស​ប្រាសាទលលៃ​
17, Feb 2019 , 5:59 pm        
រូបភាព
ប្រភពរូបថត៖ អាជ្ញាធរជាតិអប្សរា
ប្រភពរូបថត៖ អាជ្ញាធរជាតិអប្សរា
សៀមរាប​៖ គណៈកម្មការ​វត្ត​លលៃ ដែល​ស្ថិតនៅ​ស្រុក​ប្រាសាទបាគង បានសម្រេច​ព្រមព្រៀង​រុះរើ​សំណង់ មាន​កុដិ​ជាដើម ចុះ​ពី​ទួលប្រាសាទ​លលៃ ដែលជា​ប្រាសាទបុរាណ សង់​នៅ​ចុង​ស​.​វ​ទី​៩ ដោយ​ព្រះបាទ យ​សោ​វរ្ម័នទី​១​។ នា​រយៈកាល​ក្រោយមក ព្រះសង្ឃ​បាន​ចូលទៅ​គង់នៅ​ទួលប្រាសាទ​នេះ ដោយមាន​ការសង់​ព្រះវិហារ កុដិ និង​សាលាឆាន់​ជាដើម ដែល​ការណ៍​នេះ​ជា​ក្ដីបារម្ភ​របស់​អ្នក​អភិរក្ស​បេតិកភណ្ឌ​។ ដោយសារ​យល់​ពី​ផលប៉ះពាល់ ក៏ដូចជា​តម្លៃ​បេតិកភណ្ឌ នៅក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៩ គណៈកម្មការ​វត្ត​លលៃ បាន​ព្រម​ចុះមក​គង់នៅ​ខាងក្រោម​ប្រាសាទ​វិញ ដើម្បីឱ្យ​ទួលប្រាសាទ​នេះ បន្ត​ការ​អ​ភ​រិ​ក្ស​ដោយ​អ្នក​បុរាណវិទ្យា​។​



​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖



យោងតាម​ឯកសារ​ប្រវត្តិសាស្ដ្រ ប្រាសាទលលៃ ជា​ប្រាសាទបុរាណ​ដែលមាន​វ័យ​ចំណាស់​មួយ​។ ប្រាសាទ​នេះ​សង់​នៅ​ចុង​ស​.​វ​ទី​៩ ដោយ​ព្រះបាទ​យ​សោ​វរ្ម័នទី​១ ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​ឥសូរ ក្នុង​ព្រាហ្មណ៍​សាសនា​។ ប្រាសាទ​នេះ​មាន​តួ​ប៉ម​ចំនួន​៤ សង់​ពី​ដីឥដ្ឋ ថ្មភក់ និង​ជញ្ជាំង​ថ្មបាយក្រៀម​។ ប្រាសាទលលៃ សង់​នៅ​កណ្ដាល​បារាយណ៍ ឥន្ទ្រ​ត​ដាក ដែលមាន​បណ្ដោយ ៣៨០០​ម៉ែត្រ និង​ទទឹង ៣០០​ម៉ែត្រ​។ ពេលវេលា​ក្រោយមក ទួលប្រាសាទ​នេះ​មាន​ព្រះសង្ឃ​គង់នៅ ដោយមាន​សង់​ជា​ព្រះវិហារ និង​កុដិ​មួយចំនួន​។​
 
​ដោយសារ​កំណើន​ទេសចរ ក៏ដូចជា​ព្រះសង្ឃ​ផង អ្នក​បុរាណវិទ្យា​បង្ហាញ​កង្វល់​ពី​ផលប៉ះពាល់​ដល់​ប្រាសាទ​មួយ​នេះ​។ អ្នក​អភិរក្ស​ថា កំណើន​សំណង់ និង​កំណើន​ព្រះសង្ឃ បាន​ប៉ះពាល់​ទាំង​ផ្នែក​បរិស្ថាន និង​តួ​ប្រាសាទ ដែល​កំពុង​រង​សម្ពាធ ហើយ​អាច​ញែក​តួ​ប្រាសាទ​ផង​។ ហេតុ​ដូច្នេះហើយ ទើប​ជា​បន្តបន្ទាប់​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​អប់រំ​នៅតាម​វត្ត​អារាម​ក្នុង​តំបន់ ដើម្បីឱ្យ​ព្រះសង្ឃ​យល់​ពី​គោលបំណង និង​ចូលរួម​ក្នុង​ការងារ​អភិរក្ស​បេតិកភណ្ឌ​មួយ​នេះ​។​

​នៅ​ថ្ងៃទី​១២ កុម្ភៈ គណៈកម្មការ​វត្ត​លលៃ បាន​ព្រមព្រៀង​ជាមួយ​អាជ្ញាធរ និង​បានប្រកាស​ប្រាប់​ពុទ្ធបរិស័ទ​ឱ្យដឹងពី​បំណង​រុះរើ​សំណង់​នានា​ពី​ទួលប្រាសាទ​លលៃ ទៅ​នៅ​ខាងក្រោម​ប្រាសាទ​នេះ​វិញ​។ ការងារ​នេះ​នឹង​ចាប់ផ្តើម​ជា​ជំហានៗ ហើយ​អាច​នឹង​បញ្ចប់​នា​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​ធម្ម​បណ្ឌិត ហេង មណី​ចិន្តា នាយក​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍ ដែល​ដើរតួ​ជា​អ្នកសម្របសម្រួល​ក្នុង​គម្រោង​ខាងលើ បានឱ្យដឹងថា អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ព្រះសង្ឃ ដើម្បី​ជួយ​សម្រួល​ក្នុង​ការងារ​ដោះស្រាយ​សំណង់​ថ្មីៗ​ចេញពី​ទួលប្រាសាទ​បុរាណ​។ លោក​បន្ថែមថា ក្នុងករណី​វត្ត​លលៃ​នេះ ក្រោយ​បានធ្វើការ​មួយរយៈ ព្រះសង្ឃ និង​គណៈកម្មការ​វត្ត​បានសម្រេច​ព្រះទ័យ​រុះរើ​ដោយ​ព្រះអង្គឯង ដោយ​ព្រម​ចុះទៅ​គង់នៅ​ខាងក្រោម​ប្រាសាទ​វិញ​។​

​លោក ហេង មណី​ចិន្ដា ចាត់ទុក​សកម្មភាព​នេះ​ថា មាន​សារសំខាន់​និង​ជា​ប្រវត្តិសាស្ដ្រ ដ្បិត​បាន​ចូលរួម​ក្នុងការ​អភិរក្ស​បេតិកភណ្ឌ​។ យ៉ាងណា​លោក​ពន្យល់ថា ការរុះរើ​នេះ​គឺ​ធ្វើ​តែ​សំណង់​នានា​ដែល​ទើបនឹង​សង់​ថ្មី តែ​ដោយឡែក ព្រះវិហារ​ដែល​សង់​យូរហើយ​នោះ គឺ​បន្ត​ឱ្យនៅ​ប្រើប្រាស់​ធម្មតា និង​ទទួលបាន​ការអភិរក្ស​ដូច​តួ​ប្រាសាទ​ដែរ​។​

​ជាមួយនឹង​ការងារ​នេះដែរ រយៈពេល​ជាង​៥​ឆ្នាំ​មកហើយ ដែល​អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើការ​ជាមួយ​គណៈសង្ឃ​ខេត្ត ដែលមាន​ព្រះមហា​វិមលធម្ម ពិន សែម ព្រះរាជា​គណៈ​ទោ និង​ជា​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​គណៈសង្ឃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះចៅអធិការ​វត្ត​រាជ​បូព៌ ជា​ប្រធាន បានធ្វើ​កម្មវិធី​អប់រំ និង​ពន្យល់​យ៉ាងណា ឱ្យ​វត្ត​នៅ​ជុំវិញ​រមណីយដ្ឋាន​អង្គរ​ទាំង​៣៥​វត្ត រួមទាំង​វត្ត​លលៃ​ផង យល់​ពី​តម្លៃ​បេតិកភណ្ឌ​។ លោក ហេង មណី​ចិន្ដា បានឱ្យដឹង​ទៀតថា ដោយសារ​កំណើន​ទេសចរ បូករួម​និង​ប្រាសាទកំពុង​ជួសជុល​ផង​នោះ ព្រះសង្ឃ​ក៏​យល់ព្រម​តាម​សំណើរ​ខាងលើ​។​

​ព្រះអង្គ ទេព ភឿន ព្រះ​វិន័យ​ធម៌​គុណ​ខេត្ត និង​ជា​គណៈកម្មការ​គ្រប់គ្រង​បណ្ដុះ​អាសន្ន​វត្ត​លលៃ មាន​សង្ឃដីកា​រថា ហេតុផល​ដែលមាន​ព្រះសង្ឃ​គង់នៅ​ទួលប្រាសាទ​បុរាណ​នេះ ដ្បិតថា​ដើមឡើយ​មិនទាន់មាន​ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា ដែលជា​អ្នកគ្រប់គ្រង​ការអភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​នៅឡើយ​។ ព្រះសង្ឃ​បន្តថា មកដល់​បច្ចុប្បន្ន​ទាំង​ព្រះសង្ឃ និង​ក្មេងៗ មាន​ចំនួន​ច្រើន ដែល​ការណ៍​នេះ​អាច​ប៉ះពាល់​ដល់​សោ​ភណ្ឌ​ភាព និង​ប្រាសាទ​។ បន្ទាប់ពី​មានការ​ព្រមព្រៀង​ចុះមក​ក្រោម ក្នុងនោះ​ក្រុមការងារ​ក៏បាន​សម្រេច​ជួយ​សម្រួល​ដល់​ការរៀបចំ​ទី​សាលា​សម្រាប់​ព្រះសង្ឃ​គង់​បណ្ដុះ​អាសន្ន រួម​និង​បន្ទប់ទឹក​ឱ្យបាន​សមរម្យ​ជាមុនសិន​។ ព្រះអង្គ ទេព ភឿន មិន​គិតថា សកម្មភាព​នេះ​ជា​គំរូ​ដល់​គណៈកម្មការ​វត្ត​ដទៃទៀត​ទេ តែ​ព្រះអង្គ​ថា នេះ​ជា​កិច្ចសហការ​មួយ​ដ៏​ល្អ​របស់​អាជ្ញាធរ និង​ព្រះសង្ឃ ដើម្បី​កិច្ចការ​បេតិកភណ្ឌ​។​



លោក ហង់ ពៅ តំណាង​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រជុំ​ខាងលើ​ដែរនោះ លើកឡើងថា បញ្ហា​វត្ត​លលៃ​នេះ គឺ​អាជ្ញាធរ​បានធ្វើការ​យូរហើយ ដោយសារ​វត្ត​នេះ​ភាគច្រើន​សង់​ថ្មី​លើ​ទួលប្រាសាទ ដែលមាន​ថ្មបាយក្រៀម​ព័ទ្ធជុំវិញ ហើយ​មានតែ​ព្រះវិហារ​តែប៉ុណ្ណោះ ដែល​បាន​សង់​មុន​តំបន់​អង្គរ​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ក្នុង​ឆ្នាំ ១៩៩២​។ យ៉ាងណា​លោក ហង់ ពៅ មើលឃើញ​បញ្ហា​២​នៅលើ​ប្រាសាទ​នេះ ដែល​ចាប់​បាច់​ត្រូវ​ដោះស្រាយ​ជាបន្ទាន់ គឺ​ទី​១ កំណើន​សំណង់ បណ្ដាលឱ្យ​ទួលប្រាសាទ​មាន​សំពាធ​កាន់តែខ្លាំង ទី​២ បញ្ហា​អនាម័យ បង្កឱ្យមាន​ទឹកស្អុយ​ជាដើម ដែល​ប៉ះពាល់​ដល់​ការ​ទស្សនា​របស់​ភ្ញៀវទេសចរ​។​

ទាក់ទង​នឹង​បញ្ហា​នេះដែរ លោក ហង់ ពៅ រម្លឹកថា ធ្លាប់មាន​វត្ត​មួយចំនួន​ក្នុង​ឧទ្យាន​អង្គរ​ក៏បាន​ចុះ​ពី​ទួលប្រាសាទ មក​គង់នៅ​ខាងក្រោម​វិញ​ដែរ តួ​យ៉ាងដូច​ប្រាសាទ​វត្ត​បន្ទាយ​ក្បាល​ចិន​ជាដើម​។ ហើយ​ថ្មីៗ ក៏មាន​វត្ត​មួយចំនួនទៀត ស្នើ​សុំឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​ជួយ​សម្រួល​ក្នុងករណី​រើ​ពី​ទួលប្រាសាទ​នេះ ដែល​ការណ៍​នេះ​បង្ហាញ​ពី​ភាពជោគជ័យ​នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បានធ្វើ​ការចុះ​ពន្យល់​តាម​ទីវ​ត្ត​អារាម​នានា​ឱ្យ​យល់​ពី​តម្លៃ​បេតិកភណ្ឌ​នេះ​៕



© រក្សាសិទ្ធិដោយ thmeythmey.com