ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ព្រះសង្ឃវត្តលលៃព្រមរើសំណង់ចុះមកក្រោមដើម្បីការអភិរក្សប្រាសាទលលៃ ប្រភពរូបថត៖ អាជ្ញាធរជាតិអប្សរា
× សៀមរាប៖ គណៈកម្មការវត្តលលៃ ដែលស្ថិតនៅស្រុកប្រាសាទបាគង បានសម្រេចព្រមព្រៀងរុះរើសំណង់ មានកុដិជាដើម ចុះពីទួលប្រាសាទលលៃ ដែលជាប្រាសាទបុរាណ សង់នៅចុងស.វទី៩ ដោយព្រះបាទ យសោវរ្ម័នទី១។ នារយៈកាលក្រោយមក ព្រះសង្ឃបានចូលទៅគង់នៅទួលប្រាសាទនេះ ដោយមានការសង់ព្រះវិហារ កុដិ និងសាលាឆាន់ជាដើម ដែលការណ៍នេះជាក្ដីបារម្ភរបស់អ្នកអភិរក្សបេតិកភណ្ឌ។ ដោយសារយល់ពីផលប៉ះពាល់ ក៏ដូចជាតម្លៃបេតិកភណ្ឌ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៩ គណៈកម្មការវត្តលលៃ បានព្រមចុះមកគង់នៅខាងក្រោមប្រាសាទវិញ ដើម្បីឱ្យទួលប្រាសាទនេះ បន្តការអភរិក្សដោយអ្នកបុរាណវិទ្យា។
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយអ្នកស្រី អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖
យោងតាមឯកសារប្រវត្តិសាស្ដ្រ ប្រាសាទលលៃ ជាប្រាសាទបុរាណដែលមានវ័យចំណាស់មួយ។ ប្រាសាទនេះសង់នៅចុងស.វទី៩ ដោយព្រះបាទយសោវរ្ម័នទី១ ឧទ្ទិសថ្វាយដល់ព្រះឥសូរ ក្នុងព្រាហ្មណ៍សាសនា។ ប្រាសាទនេះមានតួប៉មចំនួន៤ សង់ពីដីឥដ្ឋ ថ្មភក់ និងជញ្ជាំងថ្មបាយក្រៀម។ ប្រាសាទលលៃ សង់នៅកណ្ដាលបារាយណ៍ ឥន្ទ្រតដាក ដែលមានបណ្ដោយ ៣៨០០ម៉ែត្រ និងទទឹង ៣០០ម៉ែត្រ។ ពេលវេលាក្រោយមក ទួលប្រាសាទនេះមានព្រះសង្ឃគង់នៅ ដោយមានសង់ជាព្រះវិហារ និងកុដិមួយចំនួន។
ដោយសារកំណើនទេសចរ ក៏ដូចជាព្រះសង្ឃផង អ្នកបុរាណវិទ្យាបង្ហាញកង្វល់ពីផលប៉ះពាល់ដល់ប្រាសាទមួយនេះ។ អ្នកអភិរក្សថា កំណើនសំណង់ និងកំណើនព្រះសង្ឃ បានប៉ះពាល់ទាំងផ្នែកបរិស្ថាន និងតួប្រាសាទ ដែលកំពុងរងសម្ពាធ ហើយអាចញែកតួប្រាសាទផង។ ហេតុដូច្នេះហើយ ទើបជាបន្តបន្ទាប់មន្ត្រីអាជ្ញាធរជាតិអប្សរា បានចុះអប់រំនៅតាមវត្តអារាមក្នុងតំបន់ ដើម្បីឱ្យព្រះសង្ឃយល់ពីគោលបំណង និងចូលរួមក្នុងការងារអភិរក្សបេតិកភណ្ឌមួយនេះ។
នៅថ្ងៃទី១២ កុម្ភៈ គណៈកម្មការវត្តលលៃ បានព្រមព្រៀងជាមួយអាជ្ញាធរ និងបានប្រកាសប្រាប់ពុទ្ធបរិស័ទឱ្យដឹងពីបំណងរុះរើសំណង់នានាពីទួលប្រាសាទលលៃ ទៅនៅខាងក្រោមប្រាសាទនេះវិញ។ ការងារនេះនឹងចាប់ផ្តើមជាជំហានៗ ហើយអាចនឹងបញ្ចប់នារយៈពេលដ៏ខ្លីខាងមុខនេះ។
ធម្មបណ្ឌិត ហេង មណីចិន្តា នាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ ដែលដើរតួជាអ្នកសម្របសម្រួលក្នុងគម្រោងខាងលើ បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា បានធ្វើការយ៉ាងជិតស្និទ្ធជាមួយព្រះសង្ឃ ដើម្បីជួយសម្រួលក្នុងការងារដោះស្រាយសំណង់ថ្មីៗចេញពីទួលប្រាសាទបុរាណ។ លោកបន្ថែមថា ក្នុងករណីវត្តលលៃនេះ ក្រោយបានធ្វើការមួយរយៈ ព្រះសង្ឃ និងគណៈកម្មការវត្តបានសម្រេចព្រះទ័យរុះរើដោយព្រះអង្គឯង ដោយព្រមចុះទៅគង់នៅខាងក្រោមប្រាសាទវិញ។
លោក ហេង មណីចិន្ដា ចាត់ទុកសកម្មភាពនេះថា មានសារសំខាន់និងជាប្រវត្តិសាស្ដ្រ ដ្បិតបានចូលរួមក្នុងការអភិរក្សបេតិកភណ្ឌ។ យ៉ាងណាលោកពន្យល់ថា ការរុះរើនេះគឺធ្វើតែសំណង់នានាដែលទើបនឹងសង់ថ្មី តែដោយឡែក ព្រះវិហារដែលសង់យូរហើយនោះ គឺបន្តឱ្យនៅប្រើប្រាស់ធម្មតា និងទទួលបានការអភិរក្សដូចតួប្រាសាទដែរ។
ជាមួយនឹងការងារនេះដែរ រយៈពេលជាង៥ឆ្នាំមកហើយ ដែលអាជ្ញាធរជាតិអប្សរា បានធ្វើការជាមួយគណៈសង្ឃខេត្ត ដែលមានព្រះមហាវិមលធម្ម ពិន សែម ព្រះរាជាគណៈទោ និងជាឧត្តមក្រុមប្រឹក្សានៃគណៈសង្ឃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូព៌ ជាប្រធាន បានធ្វើកម្មវិធីអប់រំ និងពន្យល់យ៉ាងណា ឱ្យវត្តនៅជុំវិញរមណីយដ្ឋានអង្គរទាំង៣៥វត្ត រួមទាំងវត្តលលៃផង យល់ពីតម្លៃបេតិកភណ្ឌ។ លោក ហេង មណីចិន្ដា បានឱ្យដឹងទៀតថា ដោយសារកំណើនទេសចរ បូករួមនិងប្រាសាទកំពុងជួសជុលផងនោះ ព្រះសង្ឃក៏យល់ព្រមតាមសំណើរខាងលើ។
ព្រះអង្គ ទេព ភឿន ព្រះវិន័យធម៌គុណខេត្ត និងជាគណៈកម្មការគ្រប់គ្រងបណ្ដុះអាសន្នវត្តលលៃ មានសង្ឃដីការថា ហេតុផលដែលមានព្រះសង្ឃគង់នៅទួលប្រាសាទបុរាណនេះ ដ្បិតថាដើមឡើយមិនទាន់មានស្ថាប័នអាជ្ញាធរជាតិអប្សរា ដែលជាអ្នកគ្រប់គ្រងការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរនៅឡើយ។ ព្រះសង្ឃបន្តថា មកដល់បច្ចុប្បន្នទាំងព្រះសង្ឃ និងក្មេងៗ មានចំនួនច្រើន ដែលការណ៍នេះអាចប៉ះពាល់ដល់សោភណ្ឌភាព និងប្រាសាទ។ បន្ទាប់ពីមានការព្រមព្រៀងចុះមកក្រោម ក្នុងនោះក្រុមការងារក៏បានសម្រេចជួយសម្រួលដល់ការរៀបចំទីសាលាសម្រាប់ព្រះសង្ឃគង់បណ្ដុះអាសន្ន រួមនិងបន្ទប់ទឹកឱ្យបានសមរម្យជាមុនសិន។ ព្រះអង្គ ទេព ភឿន មិនគិតថា សកម្មភាពនេះជាគំរូដល់គណៈកម្មការវត្តដទៃទៀតទេ តែព្រះអង្គថា នេះជាកិច្ចសហការមួយដ៏ល្អរបស់អាជ្ញាធរ និងព្រះសង្ឃ ដើម្បីកិច្ចការបេតិកភណ្ឌ។
លោក ហង់ ពៅ តំណាងអាជ្ញាធរជាតិអប្សរា ដែលបានចូលរួមក្នុងកម្មវិធីប្រជុំខាងលើដែរនោះ លើកឡើងថា បញ្ហាវត្តលលៃនេះ គឺអាជ្ញាធរបានធ្វើការយូរហើយ ដោយសារវត្តនេះភាគច្រើនសង់ថ្មីលើទួលប្រាសាទ ដែលមានថ្មបាយក្រៀមព័ទ្ធជុំវិញ ហើយមានតែព្រះវិហារតែប៉ុណ្ណោះ ដែលបានសង់មុនតំបន់អង្គរចូលជាសម្បត្តិបេតិកភណ្ឌក្នុងឆ្នាំ ១៩៩២។ យ៉ាងណាលោក ហង់ ពៅ មើលឃើញបញ្ហា២នៅលើប្រាសាទនេះ ដែលចាប់បាច់ត្រូវដោះស្រាយជាបន្ទាន់ គឺទី១ កំណើនសំណង់ បណ្ដាលឱ្យទួលប្រាសាទមានសំពាធកាន់តែខ្លាំង ទី២ បញ្ហាអនាម័យ បង្កឱ្យមានទឹកស្អុយជាដើម ដែលប៉ះពាល់ដល់ការទស្សនារបស់ភ្ញៀវទេសចរ។
ទាក់ទងនឹងបញ្ហានេះដែរ លោក ហង់ ពៅ រម្លឹកថា ធ្លាប់មានវត្តមួយចំនួនក្នុងឧទ្យានអង្គរក៏បានចុះពីទួលប្រាសាទ មកគង់នៅខាងក្រោមវិញដែរ តួយ៉ាងដូចប្រាសាទវត្តបន្ទាយក្បាលចិនជាដើម។ ហើយថ្មីៗ ក៏មានវត្តមួយចំនួនទៀត ស្នើសុំឱ្យអាជ្ញាធរជាតិអប្សរាជួយសម្រួលក្នុងករណីរើពីទួលប្រាសាទនេះ ដែលការណ៍នេះបង្ហាញពីភាពជោគជ័យនៃការខិតខំប្រឹងប្រែងរបស់ក្រុមការងារអាជ្ញាធរជាតិអប្សរា ដែលបានធ្វើការចុះពន្យល់តាមទីវត្តអារាមនានាឱ្យយល់ពីតម្លៃបេតិកភណ្ឌនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com