ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកភូមិតំបន់អង្គរធ្វើពិធីឡើងអ្នកតានៅខែមាឃ ក្រោយរដូវប្រមូលផល
17, Feb 2019 ,
11:00 am
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ជារៀងរាល់ឆ្នាំ ឱ្យតែដល់ខែមាឃ អ្នកភូមិនៅតំបន់អង្គរ តែងប្រារព្ធពិធីប្រពៃណីតាមទំនៀមបុរាណតរាងមករបស់អ្នកស្រុក នោះគឺពីធីឡើងអ្នកតា។ ការប្រារព្ធពិធីនេះ គឺធ្វើឡើងនៅតាមទីសក្ការៈបូជាសំខាន់របស់អ្នកស្រុក តាមប្រាសាទ និងតាមរោងអ្នកតាដែលធំជាងគេរបស់ក្នុងស្រុក។ អ្នកស្រាវជ្រាវពន្យល់ថា ពិធីនេះធ្វើឡើងក្នុងបំណងដើម្បីកិច្ចលៀងជូនអ្នកតាដែលបានផ្តល់ទឹកភ្លៀងតាមរដូវ និងផ្តល់ដីមានជីជាតិ ព្រមទាំងថែរក្សាអ្នកស្រុកពេញមួយឆ្នាំឱ្យជួបតែសេចក្ដីសុខជារហូតមក។ កាលពីសម័យបុរាណ ពិធីនេះមានធ្វើជាទូទៅក្នុងប្រទេសកម្ពុជា ដែលតំបន់ខ្លះរៀបចំនៅក្នុងខែមាឃ តំបន់ខ្លះនៅខែចែត្រ និងតំបន់កណ្តលនៅខែពិសាខ។ បច្ចុប្បន្នពិធីនេះ អ្នកស្រុកនៅបន្តធ្វើតាមតំបន់មួយៗ តែខ្លះក៏នៅសកម្ម ខ្លះក៏ស្បើយ ទៅតាមពេលវេលា និងសម័យកាល។
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកស្រី អ៊ីសា រ៉ហានី ដែលចុះទៅយកព័ត៌មានផ្ទាល់នៅកន្លែងប្រារព្ធពិធីឡើងអ្នកតា ដូចតទៅ៖
ឡើងអ្នកតា ជាពិធីប្រពៃណីដែលអ្នកស្រុកអង្គរបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន មិនដែលរំលងឡើយ។ អ្នកស្រុកមានជំនឿ មានទម្លាប់រៀបចំពិធីនេះ មិនហ៊ានរំលងឡើយ ដ្បិតបារម្ភនៅមិនសុខមិនស្រួល បើមិនបានរៀបចំតាមទម្លាប់ដែលធ្លាប់ធ្វើកន្លងមក។ បើមិនធ្វើដូចមានអ្វីនៅចន្លោះ។ រាល់ថ្ងៃ៣កើត ខែមាឃ អ្នកភូមិរស់នៅតំបន់អង្គរ បានរៀបចំពិធីនេះតាមបែបបទនៅក្នុងតំបន់រៀងៗខ្លួន ដែលខ្លះរៀបចំតូច និងខ្លះធំទៅតាមលទ្ធភាព។
អ្នកភូមិក្រសាំងរលើង សង្កាត់សៀមរាប ក៏បានរៀបចំពិធីនេះដែរ។ ប្រាសាទវត្តអធ្វា ជាគោលដៅសំខាន់ក្នុងការរៀបចំពិធីឡើងអ្នកតារបស់អ្នកភូមិនេះ។ ដូចរាល់ដង ឱ្យតែដល់ថ្ងៃ៣កើត ខែមាឃ ចាស់ទុំក្នុងភូមិហាក់មមាញឹកក្នុងការរៀបចំពិធីពីដូនតាមួយនេះ។ នៅប្រាសាទវត្តអធ្វា អ្នកភូមិមានជំនឿខ្លាំងទៅលើអ្នកតាមហារាជ្យ និងអ្នកតា មហាជម្ជូ។ អ្នកភូមិជឿថា អ្នកតាទាំងនេះ បានជួយថែរក្សា ឃុំគ្រងអ្នកភូមិឱ្យមានអាហារហូបចុកបរិបូណ៌និងជួបតែសេចក្ដីសុខសប្បាយ និងតែងជួយពួកគេរាល់ការបន់ស្រន់ផ្សេងៗ។
នៅម៉ោងប្រមាណ១រសៀល ចាស់ទុំចាប់ផ្តើមជញ្ជូនរបស់របរ និងម្ហូបសែនក្នុងពិធីឡើងអ្នកតាទៅកាន់ទីសក្ការៈអ្នកតាមហារាជ្យ និងអ្នកតាមហាជម្ពូ ដែលស្ថិតនៅក្នុងប្រាសាទវត្តអធ្វាតែម្ដង។ ម៉ោងជាង៣រសៀល ពិធីបានចាប់ផ្តើម ក្រោយរង់ចាំអ្នកចូលរួមមកពីទីជិតឆ្ងាយ ជួបជុំអស់គ្នា។ ពិធីផ្តើមដោយមានវង់ភ្លេងអារក្សរបស់អ្នកស្រុកលេងកំដរ ដែលនោះមានត្រឹមឧបករណ៍ភ្លេង ដូចជាស្គរ និងទ្រ លេងដោយបុរស៣នាក់។ អ្វីដែលជាការកត់សម្គាល់ដែរនោះ ពិធីនេះមានការចូលរួមភាគច្រើនជាស្ដ្រី ឯបុរសមានតិចតួចប៉ុណ្ណោះ។
ក្រោយពិធីចាប់ផ្តើមបានបន្ដិចហើយនោះ សំណឹង ឬអ្នកស្នងរូបក៏ចាប់ផ្តើមអង្គុយ និងអុជធូបដើម្បីរឭកគុណគ្រូ និងម្ចាស់រូបឱ្យចូលមកសណ្ឌិត។ អ្នកស្នងរូបនៅលើកនេះមាន២រូប។ ឯក្រុមអ្នកភ្លេងក៏ចាប់ផ្តើមប្រគុំបទរំឭកគុណគ្រូភ្លេងរបស់គ្រូខ្លួនដែរ មុនលេងភ្លេងហូរហែតាមទម្លាប់ និងការចង់បានរបស់អ្នកតា ដែលបទទាំងអស់សុទ្ធសឹងតែជាបទប្រពៃណីតាមទំនៀម។
នៅពេលគ្រូចូលសណ្ឋិតហើយ រូបនោះក៏ទ្រង់គ្រឿងនូវរបស់ម្ចាស់រូបចូលចិត្ត មានខោអាវ ដំបងជាដើម ហើយរាំរែក ហ៊ោរកញ្ជ្រៀវម្នាក់ឯងផង កេះកៀវ ឌឺដងជាមួយអ្នកភ្លេង ដែលខ្លះមានចរិតលក្ខណៈដូចនាគ ខ្លះសម្តែងជាស្តេចយមរាជ មានឫកពាម៉ឺងម៉ាត់ លេងសើចផង និងខ្លះទៀតដូចកូនក្មេង តាមរូបដែលចូលមកសណ្ឋិត។ ភ្លេងគឺសំខាន់ណាស់សម្រាប់អ្នកចូលរូប បើលេងភ្លេងមិនតាមតម្រូវការរបស់រូបដែលចូលមកទេ រូបនោះនឹងងងក់ មិនរាំរែកឡើយ ហើយខឹងសម្បារទៀតផង។ ពេលអ្នកតាសណ្ឌិតស៊ុប ខ្លះចង់ហូបនំចំណីដែលគេយកមកថ្វាយ ខ្លះចង់បានលុយ និងខ្លះទៀតលាបក្រែមម្សៅជាដើម។
លោកយាយ ប៉ិ មួន អាយុ៦៨ឆ្នាំ ដែលចូលរួមក្នុងពិធីឡើងអ្នកតានេះដែរ បានឱ្យដឹងថា លោកយាយតែងចូលរួមពិធីនេះ មិនដែលខានឡើយ។ ពិធីនេះ គឺធ្វើឡើងដើម្បីសុំអ្នកតាម្ចាស់ស្រុកថែរក្សាក្រុមគ្រួសារ និងអ្នកភូមិឱ្យជួបតែសេចក្ដីសុខ មិនឱ្យមានជំងឺអ្វីមកបៀតបៀនឡើយ។
សម្រាប់អ្នកភូមិក្រសាំងរលើង ពិធីឡើងអ្នកតាធ្វើនៅទីតាំង៣ មាននៅប្រាសាទវត្តអធ្វា ទួលតាមឿង និងទួលយាយប៉ុក។ នៅលើទួលតាមឿង លោកយាយ ស៊ុយ សាវ៉េត អាយុ៦៩ឆ្នាំ កំពុងអង្គុយជុំគ្នាជាមួយយាយៗប្រហែល៦នាក់។ លោកយាយមានប្រសាសន៍ថា លោកយាយចូលរួមក្នុងពិធីនេះរាល់ឆ្នាំ បំណងដើម្បីបន់អ្នកតាឱ្យក្រុមគ្រួសារបានសុខសប្បាយ និងរកស៊ីទទួលមានបាន។
សម្រាប់អ្នកស្រាវជ្រាវ ពិធីឡើងអ្នកតា មានអត្ថន័យច្រើនជាងត្រឹមសុំសេចក្ដីសុខតែមួយមុខ។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាពន្យល់ថា ពិធីឡើងអ្នកតាទាក់ទងនឹងកិច្ចលៀងសងគុណដល់អ្នកតាម្ចាស់ស្រុក ដែលបានផ្តល់ទឹកតាមរដូវ ដីមានជីជាតិ ការដាំដុះបានផលល្អ ព្រមទាំងបានថែរក្សាការពារអ្នកស្រុកពេញមួយឆ្នាំកន្លងមក។ លោកបន្ថែមថា ពិធីនេះតែងធ្វើជាទូទៅ ហើយចំពោះនៅអ្នកភ្នំពេញគេតែងធ្វើនៅក្នុងខែពិសាខ តាមគន្លងដែលព្រះមហាក្សត្រឆ្លាប់រៀបចំតពីបុរាណបូជាអ្នកតាព្រះចៅនៅវត្តភ្នំ។ ឯអ្នកសៀមរាបនិយមធ្វើនៅខែមាឃ តំបន់ខ្លះទៀតនៅខែចែត្រ ពោលគឺពិធីនេះធ្វើមុនរដូវភ្លៀងមកដល់។ លោកពន្យល់យ៉ាងដូច្នេះថា៖« ខែទាំងនេះសុទ្ធសឹងតែនៅចុងរដូវមួយ និងឈានចូលរដូវថ្មីបន្ទាប់មួយទៀត ពោលគឺពីវដ្ដមួយចូលទៅវដ្ដមួយទៀត។ បានសេចក្តីថា យើងធ្វើការងារកសិកម្មចប់ហើយ ដូច្នេះអាចធ្វើកិច្ចពិធីនេះជាការលៀងជូនអ្នកជួយ ហើយស្នើសុំជំនួយនារដូវថ្មីខាងមុខ ពោលគឺត្រៀមរបស់របរធ្វើកសិកម្មឲ្យបានផលដូចឆ្នាំមុនៗបន្តទៀត »។
ទាក់ទងនឹងអ្នកតាវិញ សព្វថ្ងៃរូបអ្នកតា គ្រាន់តែជារូបតំណាងតែប៉ុណ្ណោះដែលគេដាក់នៅតាមខ្ទម។ លោក អ៊ឹម សុខរិទ្ធី ពន្យល់ថា ក្នុងពិធីនេះត្រូវមានរូបមួយទៀតដែលគេហៅថា «សំណឹង» ភាគច្រើនជាស្ដ្រីដូនចាស់។ ក្នុងពិធីនេះត្រូវមានម្នាក់ទៀតដែលគេហៅថា ជើងព្រះ ជាអ្នកប្រែសម្រួលភាសាខ្មោច មកភាសាមនុស្ស ដើម្បីធ្វើស្ពានទំនាក់ទំនងគ្នា។
តាមការពន្យល់របស់លោក អ៊ឹម សុខរិទ្ធី ពាក្យ «ឡើងអ្នកតា» មានន័យគ្រប់គ្រាន់សម្រាប់ឱ្យយើងយល់ពីពិធីមួយនេះ។ ពាក្យ «ឡើង» មានន័យថា លៀង ឬហូបចុក ឯពាក្យ «អ្នកតា» គឺម្ចាស់ស្រុក ម្ចាស់ដី, ដីដែលយើងរស់នៅបានសេចក្ដីសុខ ដែលផ្តល់ជីជាតិដល់កសិកម្ម។
ដូច្នេះសរុបមកវិញ ពិធីឡើងអ្នកតា ជាកិច្ចពិធីលៀងឱ្យអ្នកតាម្ចាស់ស្រុក ហើយគេតែងធ្វើក្រោយរដូវកសិកម្មចប់សព្វគ្រប់ ដែលអ្នកតាបានថែរក្សា និងធ្វើតាមការបន់ស្រន់របស់អ្នកភូមិ ទើបគេមកលាបំណន់ជូនអ្នកតាវិញ។ ក្នុងពិធីនេះ ក្រៅពីសុំសេចក្ដីសុខហើយ កិច្ចពិធីសំខាន់នៃពិធីនេះគឺសុំទឹកភ្លៀងតាមរដូវ ដើម្បីឱ្យការបង្កបង្កើនកសិកម្ម សមប្រកប។ «ចុងបញ្ចប់នៃកិច្ចពិធីនេះ គឺមានការចាក់ទឹក ឬបាចទឹកឲ្យគ្នា។ បើទំនៀមពីបុរាណ គេជីកអណ្ដូងមួយ ដោយយកក្មេង៤នាក់ជាមហាត ឧបកិច្ចជាសត្វទាក់ទងនឹងភ្លៀង មានហ៊ីងនិងកង្កែបជាដើម។ ពេលកិច្ចពិធីចប់ គេយកទឹកដែលត្រៀមនៅក្នុងពាងនៅក្បែរនោះ ទៅចាក់ស្រោចពីលើក្មេងៗទាំងនោះ ហើយក្មេងៗនោះ ធ្វើត្រាប់យំ ដូចហ៊ីង និងកង្កែបយំ ពេលទឹកភ្លៀងធ្លាក់មកដល់។ នោះមានសេចក្តីថាភ្លៀងមានមកហើយ»។ នេះជាការពន្យល់បន្ថែមរបស់លោក អ៊ឹម សុខរិទ្ធី។
លើសពីនេះទៀត លោក អ៊ឹម សុខរិទ្ធី បានពន្យល់ថា ខ្មែរមានទំនៀមថា យើងមិនមែនរស់នៅតែឯងទេលើលោកនេះ គឺមានក្រុមអរូបមួយក្រុមទៀតរស់ក្បែរៗយើង ហើយមានរចនាសម្ព័ន្ធគ្រប់គ្រងដូចនឹងមនុស្សលោកដូច្នោះដែរ។ ពោលគឹ នៅតាមតំបន់មួយៗសុខតែមានអ្នកតាធំមួយរូប បន្ទាប់មកមានអ្នកតាមានឋានៈធំតូចបន្តបន្ទាប់ តួយ៉ាងនៅសៀមរាបអង្គរ តារាជ្យនៅអង្គរវត្ត ជាអ្នកតាធំជាងគេបំផុត។ តមកមានអ្នកតាតូចធំតាមតំបន់ស្រុកជាហូរហែ។ មនុស្សនិងអមនុស្ស មិនអាចកាត់ផ្តាច់ពីគ្នាបានទេ ប៉ុន្តែក៏មិនអាចចូលលូកលំគ្នាបានដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
4 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
1 សប្តាហ៍
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
2 ថ្ងៃ
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
1 សប្តាហ៍
អត្ថបទពេញនិយមបន្ថែម