ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកភូមិ​តំបន់​អង្គរ​ធ្វើ​ពិធី​ឡើងអ្នកតា​នៅ​ខែមាឃ ក្រោយ​រដូវ​ប្រមូល​ផល​
17, Feb 2019 , 11:00 am        
រូបភាព
សៀមរាប​៖ ជា​រៀងរាល់ឆ្នាំ ឱ្យតែ​ដល់​ខែមាឃ អ្នកភូមិ​នៅ​តំបន់​អង្គរ តែង​ប្រារព្ធ​ពិធី​ប្រពៃណី​តាម​ទំនៀម​បុរាណ​តរាងមក​របស់​អ្នកស្រុក នោះ​គឺ​ពី​ធី​ឡើងអ្នកតា​។ ការ​ប្រារព្ធ​ពិធី​នេះ គឺធ្វើឡើង​នៅតាម​ទីសក្ការៈ​បូជា​សំខាន់​រប​ស់​អ្នកស្រុក តាម​ប្រាសាទ និង​តាម​រោង​អ្នកតា​ដែល​ធំជាងគេ​របស់​ក្នុងស្រុក​។ អ្នកស្រាវជ្រាវ​ពន្យល់ថា ពិធី​នេះ​ធ្វើឡើង​ក្នុង​បំណង​ដើម្បី​កិច្ច​លៀង​ជូន​អ្នកតា​ដែល​បានផ្តល់​ទឹកភ្លៀង​តាម​រដូវ និង​ផ្តល់​ដី​មាន​ជីជាតិ ព្រមទាំង​ថែរក្សា​អ្នកស្រុក​ពេញ​មួយឆ្នាំ​ឱ្យ​ជួបតែ​សេចក្ដីសុខ​ជា​រហូតមក​។ កាលពី​សម័យបុរាណ ពិធី​នេះ​មាន​ធ្វើ​ជាទូទៅ​ក្នុងប្រទេស​កម្ពុ​ជា ដែល​តំបន់​ខ្លះ​រៀបចំ​នៅក្នុង​ខែមាឃ តំបន់​ខ្លះ​នៅ​ខែ​ចែ​ត្រ និង​តំបន់​ក​ណ្ត​ល​នៅ​ខែ​ពិសាខ​។ បច្ចុប្បន្ន​ពិធី​នេះ អ្នកស្រុក​នៅ​បន្ត​ធ្វើតាម​តំបន់​មួយៗ តែ​ខ្លះ​ក៏​នៅ​សកម្ម ខ្លះ​ក៏​ស្បើយ ទៅតាម​ពេលវេលា និង​សម័យកាល​។



​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ដែល​ចុះ​ទៅយក​ព័ត៌មាន​ផ្ទាល់​នៅ​កន្លែង​ប្រារព្ធ​ពិធី​ឡើងអ្នកតា ដូចតទៅ​៖



​ឡើងអ្នកតា ជា​ពិធី​ប្រពៃណី​ដែល​អ្នកស្រុក​អង្គរ​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន មិនដែល​រំលង​ឡើយ​។ អ្នកស្រុក​មាន​ជំនឿ មាន​ទម្លាប់​រៀបចំ​ពិធី​នេះ មិន​ហ៊ាន​រំលង​ឡើយ ដ្បិត​បារម្ភ​នៅ​មិន​សុខ​មិន​ស្រួល បើ​មិនបាន​រៀបចំ​តាម​ទម្លាប់​ដែល​ធ្លាប់ធ្វើ​កន្លងមក​។ បើ​មិន​ធ្វើ​ដូច​មាន​អ្វី​នៅ​ចន្លោះ​។ រាល់ថ្ងៃ​៣​កើត ខែមាឃ អ្នកភូមិ​រស់នៅ​តំបន់​អង្គរ បានរៀបចំ​ពិធី​នេះ​តាម​បែបបទ​នៅក្នុង​តំបន់​រៀងៗ​ខ្លួន ដែល​ខ្លះ​រៀបចំ​តូច និង​ខ្លះ​ធំ​ទៅតាម​លទ្ធភាព​។​

​អ្នកភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប ក៏បាន​រៀបចំ​ពិធី​នេះដែរ​។ ប្រាសាទ​វត្ត​អធ្វា ជា​គោលដៅ​សំខាន់​ក្នុង​ការរៀបចំ​ពិធី​ឡើងអ្នកតា​របស់​អ្នកភូមិ​នេះ​។ ដូច​រាល់ដង ឱ្យតែ​ដល់​ថ្ងៃ​៣​កើត ខែមាឃ ចាស់ទុំ​ក្នុងភូមិ​ហាក់​មមាញឹក​ក្នុងការ​រៀបចំ​ពិធី​ពី​ដូនតា​មួយ​នេះ​។ នៅ​ប្រាសាទ​វត្ត​អធ្វា អ្នកភូមិ​មាន​ជំនឿ​ខ្លាំង​ទៅលើ​អ្នកតា​មហា​រាជ្យ និង​អ្នកតា មហា​ជ​ម្ជូ​។ អ្នកភូមិ​ជឿថា អ្នកតា​ទាំងនេះ បាន​ជួយ​ថែរក្សា ឃុំគ្រង​អ្នកភូមិ​ឱ្យមាន​អាហារ​ហូបចុក​បរិបូណ៌​និង​ជួបតែ​សេចក្ដីសុខ​សប្បាយ និង​តែង​ជួយ​ពួកគេ​រាល់​ការ​បន់ស្រន់​ផ្សេងៗ​។​

​នៅ​ម៉ោង​ប្រមាណ​១​រសៀល ចាស់ទុំ​ចាប់ផ្តើម​ជញ្ជូន​របស់របរ និង​ម្ហូប​សែន​ក្នុង​ពិធី​ឡើងអ្នកតា​ទៅកាន់​ទីសក្ការៈ​អ្នកតា​មហា​រាជ្យ និង​អ្នកតា​មហាជម្ពូ ដែល​ស្ថិតនៅក្នុង​ប្រាសាទ​វត្ត​អធ្វា​តែម្ដង​។ ម៉ោងជាង​៣​រសៀល ពិធី​បានចាប់ផ្តើម ក្រោយ​រង់ចាំ​អ្នកចូលរួម​មកពី​ទីជិត​ឆ្ងាយ ជួបជុំ​អស់​គ្នា​។ ពិធី​ផ្តើម​ដោយមាន​វង់ភ្លេង​អារក្ស​របស់​អ្នកស្រុក​លេង​កំដរ ដែល​នោះ​មាន​ត្រឹម​ឧបករណ៍​ភ្លេង ដូចជា​ស្គរ និង​ទ្រ លេង​ដោយ​បុរស​៣​នាក់​។ អ្វីដែល​ជាការ​កត់សម្គាល់​ដែរនោះ ពិធី​នេះ​មានការ​ចូលរួម​ភាគច្រើន​ជា​ស្ដ្រី ឯ​បុរស​មាន​តិចតួច​ប៉ុណ្ណោះ​។​


​ក្រោយ​ពិធី​ចាប់ផ្តើមបាន​បន្ដិច​ហើយ​នោះ សំ​ណឹ​ង ឬ​អ្នក​ស្នង​រូប​ក៏​ចាប់ផ្តើម​អង្គុយ និង​អុជ​ធូប​ដើម្បី​រឭកគុណ​គ្រូ និង​ម្ចាស់​រូប​ឱ្យចូល​មក​ស​ណ្ឌិ​ត​។ អ្នក​ស្នង​រូប​នៅ​លើក​នេះ​មាន​២​រូប​។ ឯ​ក្រុម​អ្នកភ្លេង​ក៏​ចាប់ផ្តើម​ប្រគុំ​បទ​រំឭក​គុណគ្រូ​ភ្លេង​របស់​គ្រូ​ខ្លួន​ដែរ មុន​លេងភ្លេង​ហូរហែ​តាម​ទម្លាប់ និង​ការចង់បាន​របស់​អ្នកតា ដែល​បទ​ទាំងអស់​សុទ្ធសឹងតែ​ជា​បទ​ប្រពៃណី​តាម​ទំនៀម​។

​នៅពេល​គ្រូ​ចូល​សណ្ឋិត​ហើយ រូបនោះ​ក៏​ទ្រង់គ្រឿង​នូវ​របស់​ម្ចាស់​រូប​ចូលចិត្ត មាន​ខោអាវ ដំបង​ជាដើម ហើយ​រាំរែក ហ៊ោរ​កញ្ជ្រៀវ​ម្នាក់ឯង​ផង កេះកៀវ ឌឺដង​ជាមួយ​អ្នកភ្លេង ដែល​ខ្លះ​មាន​ចរិតលក្ខណៈ​ដូច​នាគ ខ្លះ​សម្តែង​ជា​ស្តេចយមរាជ មាន​ឫកពា​ម៉ឺងម៉ាត់ លេងសើច​ផង និង​ខ្លះទៀត​ដូច​កូនក្មេង តាម​រូប​ដែល​ចូលមកសណ្ឋិត​។ ភ្លេង​គឺ​សំខាន់​ណាស់​សម្រាប់​អ្នក​ចូល​រូប បើ​លេងភ្លេង​មិន​តាម​តម្រូវការ​របស់​រូប​ដែល​ចូលមក​ទេ រូបនោះ​នឹង​ងងក់ មិន​រាំរែក​ឡើយ ហើយ​ខឹងសម្បារ​ទៀតផង​។ ពេល​អ្នកតា​ស​ណ្ឌិ​ត​ស៊ុប ខ្លះ​ចង់​ហូប​នំចំណី​ដែល​គេ​យកមក​ថ្វាយ ខ្លះ​ចង់បាន​លុយ និង​ខ្លះទៀត​លាប​ក្រែ​ម​ម្សៅ​ជាដើម​។​




លោកយាយ ប៉ិ មួន អាយុ​៦៨​ឆ្នាំ ដែល​ចូលរួម​ក្នុង​ពិធី​ឡើងអ្នកតា​នេះដែរ បានឱ្យដឹងថា លោកយាយ​តែង​ចូលរួម​ពិធី​នេះ មិនដែល​ខាន​ឡើយ​។ ពិធី​នេះ គឺធ្វើឡើង​ដើម្បី​សុំ​អ្នកតា​ម្ចាស់​ស្រុក​ថែរក្សា​ក្រុមគ្រួសារ និង​អ្នកភូមិ​ឱ្យ​ជួបតែ​សេចក្ដីសុខ មិនឱ្យ​មាន​ជំងឺ​អ្វី​មក​បៀតបៀន​ឡើយ​។​

​សម្រាប់​អ្នកភូមិ​ក្រសាំង​រលើង ពិធី​ឡើងអ្នកតា​ធ្វើ​នៅ​ទីតាំង​៣ មាននៅ​ប្រាសាទ​វត្ត​អធ្វា ទួល​តា​មឿង និង​ទួល​យាយ​ប៉ុក​។ នៅលើ​ទួល​តា​មឿង លោកយាយ ស៊ុយ សា​វ៉េ​ត អាយុ​៦៩​ឆ្នាំ កំពុង​អង្គុយ​ជុំគ្នា​ជាមួយ​យាយៗ​ប្រហែល​៦​នាក់​។ លោកយាយ​មានប្រសាសន៍ថា លោកយាយ​ចូលរួម​ក្នុង​ពិធី​នេះ​រាល់​ឆ្នាំ បំណង​ដើម្បី​បន់អ្នកតា​ឱ្យ​ក្រុមគ្រួសារ​បាន​សុខ​សប្បាយ និង​រកស៊ី​ទទួល​មានបាន​។



សម្រាប់​អ្នកស្រាវជ្រាវ ពិធី​ឡើងអ្នកតា មាន​អត្ថន័យ​ច្រើនជាង​ត្រឹម​សុំ​សេចក្ដីសុខ​តែមួយ​មុខ​។ លោក អ៊ឹម សុខ​រិទ្ធី បុរាណ​វិទូ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ពន្យល់ថា ពិធី​ឡើងអ្នកតា​ទាក់ទង​នឹង​កិច្ច​លៀង​សងគុណ​ដល់​អ្នកតា​ម្ចាស់​ស្រុក ដែល​បានផ្តល់​ទឹក​តាម​រដូវ ដី​មាន​ជីជាតិ ការដាំដុះ​បាន​ផល​ល្អ ព្រមទាំង​បាន​ថែរក្សា​ការពារ​អ្នកស្រុក​ពេញ​មួយឆ្នាំ​កន្លងមក​។ លោក​បន្ថែមថា ពិធី​នេះ​តែង​ធ្វើ​ជាទូទៅ ហើយ​ចំពោះ​នៅ​អ្នក​ភ្នំពេញ​គេ​តែង​ធ្វើ​នៅក្នុង​ខែ​ពិសាខ តាម​គន្លង​ដែល​ព្រះមហាក្សត្រ​ឆ្លា​ប់រៀប​ចំ​ត​ពី​បុរាណ​បូជា​អ្នកតា​ព្រះ​ចៅ​នៅ​វត្តភ្នំ​។ ឯ​អ្នក​សៀមរាប​និយម​ធ្វើ​នៅ​ខែមាឃ តំបន់​ខ្លះទៀត​នៅ​ខែ​ចែ​ត្រ ពោលគឺ​ពិធី​នេះ​ធ្វើ​មុន​រដូវភ្លៀង​មកដល់​។ លោក​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖« ខែ​ទាំងនេះ​សុទ្ធសឹងតែ​នៅ​ចុងរដូវ​មួយ និង​ឈានចូល​រដូវ​ថ្មី​បន្ទាប់​មួយទៀត ពោលគឺ​ពី​វដ្ដ​មួយ​ចូលទៅ​វដ្ដ​មួយទៀត​។ បានសេចក្តីថា យើង​ធ្វើ​ការងារ​កសិកម្ម​ចប់​ហើយ ដូច្នេះ​អាចធ្វើ​កិច្ច​ពិធី​នេះ​ជាការ​លៀង​ជូន​អ្នក​ជួយ ហើយ​ស្នើសុំ​ជំនួយ​នា​រដូវ​ថ្មី​ខាងមុខ ពោលគឺ​ត្រៀម​របស់របរ​ធ្វើ​កសិកម្ម​ឲ្យ​បាន​ផល​ដូច​ឆ្នាំមុនៗ​បន្តទៀត »​។​



ទាក់ទង​នឹង​អ្នកតា​វិញ សព្វថ្ងៃ​រូបអ្នក​តា គ្រាន់តែ​ជា​រូបតំណាង​តែប៉ុណ្ណោះ​ដែល​គេ​ដាក់​នៅតាម​ខ្ទម​។ លោក អ៊ឹម សុខ​រិទ្ធី ពន្យល់ថា ក្នុង​ពិធី​នេះ​ត្រូវមាន​រូប​មួយទៀត​ដែល​គេ​ហៅថា «​សំ​ណឹ​ង​» ភាគច្រើន​ជា​ស្ដ្រី​ដូនចាស់​។ ក្នុង​ពិធី​នេះ​ត្រូវមាន​ម្នាក់ទៀត​ដែល​គេ​ហៅថា ជើងព្រះ ជា​អ្នក​ប្រែ​សម្រួល​ភាសា​ខ្មោច មក​ភាសា​មនុស្ស ដើម្បី​ធ្វើ​ស្ពាន​ទំនាក់ទំនង​គ្នា​។​

​តាម​ការពន្យល់​របស់​លោក អ៊ឹម សុខ​រិទ្ធី ពាក្យ «​ឡើងអ្នកតា​» មានន័យ​គ្រប់គ្រាន់​សម្រាប់​ឱ្យ​យើង​យល់​ពី​ពិធី​មួយ​នេះ​។ ពាក្យ «​ឡើង​» មានន័យថា លៀង ឬ​ហូបចុក ឯ​ពាក្យ «​អ្នកតា​» គឺ​ម្ចាស់​ស្រុក ម្ចាស់​ដី​, ដី​ដែល​យើង​រស់​នៅបាន​សេចក្ដីសុខ ដែល​ផ្តល់​ជីជាតិ​ដល់​កសិកម្ម​។



​ដូច្នេះ​សរុបមក​វិញ ពិធី​ឡើងអ្នកតា ជា​កិច្ច​ពិធី​លៀង​ឱ្យ​អ្នកតា​ម្ចាស់​ស្រុក ហើយ​គេ​តែង​ធ្វើ​ក្រោយ​រដូវ​កសិកម្ម​ចប់សព្វគ្រប់ ដែល​អ្នកតា​បាន​ថែរក្សា និង​ធ្វើតាម​ការ​បន់ស្រន់​រប​ស់​អ្នកភូមិ ទើប​គេ​មក​លាបំណន់​ជូន​អ្នកតា​វិញ​។ ក្នុង​ពិធី​នេះ ក្រៅពី​សុំ​សេចក្ដីសុខ​ហើយ កិច្ច​ពិធី​សំខាន់​នៃ​ពិធី​នេះ​គឺ​សុំ​ទឹកភ្លៀង​តាម​រដូវ ដើម្បីឱ្យ​ការបង្កបង្កើន​កសិកម្ម សមប្រកប​។ «​ចុងបញ្ចប់​នៃ​កិច្ច​ពិធី​នេះ គឺ​មានការ​ចាក់ទឹក ឬ​បាចទឹក​ឲ្យ​គ្នា​។ បើ​ទំនៀម​ពី​បុរាណ គេ​ជីក​អណ្ដូង​មួយ ដោយ​យក​ក្មេង​៤​នាក់​ជាម​ហាត ឧបកិច្ច​ជាស​ត្វ​ទាក់ទង​នឹង​ភ្លៀង មាន​ហ៊ីង​និង​កង្កែប​ជាដើម​។ ពេល​កិច្ច​ពិធី​ចប់ គេ​យក​ទឹក​ដែល​ត្រៀម​នៅក្នុង​ពាង​នៅក្បែរនោះ ទៅ​ចាក់​ស្រោច​ពីលើ​ក្មេងៗ​ទាំងនោះ ហើយ​ក្មេងៗ​នោះ ធ្វើ​ត្រាប់​យំ ដូច​ហ៊ីង និង​កង្កែប​យំ ពេល​ទឹកភ្លៀង​ធ្លាក់​មកដល់​។ នោះ​មាន​សេចក្តី​ថា​ភ្លៀង​មានមក​ហើយ​»​។ នេះ​ជាការ​ពន្យល់​បន្ថែម​រប​ស់លោក អ៊ឹម សុខ​រិទ្ធី​។​



លើសពីនេះ​ទៀត លោក អ៊ឹម សុខ​រិទ្ធី បាន​ពន្យល់ថា ខ្មែរ​មាន​ទំនៀម​ថា យើង​មិនមែន​រស់នៅ​តែឯង​ទេ​លើ​លោក​នេះ គឺមាន​ក្រុម​អរូប​មួយក្រុម​ទៀត​រស់​ក្បែរៗ​យើង ហើយ​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ដូចនឹង​មនុស្សលោក​ដូច្នោះ​ដែរ​។ ពោល​គឹ នៅតាម​តំបន់​មួយៗ​សុខ​តែមាន​អ្នកតា​ធំ​មួយរូប បន្ទាប់មក​មាន​អ្នកតា​មាន​ឋានៈ​ធំ​តូច​បន្តបន្ទាប់ តួយ៉ាង​នៅ​សៀមរាប​អង្គរ តា​រាជ្យ​នៅ​អង្គរវត្ត ជា​អ្នកតា​ធំជាងគេ​បំផុត​។ តម​កមាន​អ្នកតា​តូចធំ​តាម​តំបន់​ស្រុក​ជា​ហូរហែ​។ មនុស្ស​និង​អមនុស្ស មិនអាច​កាត់ផ្តាច់​ពីគ្នា​បានទេ ប៉ុន្តែ​ក៏​មិនអាច​ចូល​លូក​លំ​គ្នា​បានដែរ​៕







© រក្សាសិទ្ធិដោយ thmeythmey.com