ជាតិ
អាជ្ញាធរ​អប្សរា ក្រើនរំឭក​ពលរដ្ឋ​កុំ​ឲ្យ​ទិញ​ដី​ខុសច្បាប់ ក្នុង​តំបន់អង្គរ
17, Feb 2019 , 7:14 pm        
រូបភាព
​ភ្នំពេញ​៖ អាជ្ញាធរ​ជាតិ​អប្សរា បាន​ក្រើនរំឭក​ជាថ្មី​ដល់​ប្រជាពលរដ្ឋ​ពី​រឿង​ទិញ​-​លក់​ដីធ្លី​ខុសច្បាប់ នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ ការ​ក្រើនរំឭក​នេះ ដោយសារ​អាជ្ញាធរ​ជាតិ​អប្សរា ឃើញ​មានការ​ផ្សព្វផ្សាយ​លក់​ដី​ខុសច្បាប់​នៅ​តំបន់ហាមឃាត់​ទាំងនោះ កាលពីពេល​ថ្មី​នេះ​។​



​អាជ្ញាធរ​ជាតិ​អប្សរា បាន​សង្កេតឃើញថា ការប្រកាស​លក់ដូរ​ដីធ្លី​ក្នុង​តំបន់​១ និង​តំបន់​២​នៃ​រមណីយដ្ឋាន​អង្គរ កំពុងតែ​បាន​ប្រព្រឹត្តទៅ​យ៉ាងសកម្ម​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​សង្គម​។

​ក្នុងករណី​ទប់ស្កាត់​សកម្មភាព​នេះ អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា ការប្រកាស​លក់​ដីធ្លី​ក្នុង​តំបន់​អង្គរ​នេះ គឺ​ផ្ទុយ​នឹង​ច្បាប់​ដែល​បានចែង​គ្រប់​គ្រង់​នៅ​តំបន់​សៀមរាប​អង្គរ និងសេចក្តីសម្រេច ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០០៤ របស់​រាជរដ្ឋាភិបាល ស្តីពី​ការកំណត់​បទដ្ឋាន​នៃ​ការប្រើប្រាស់​ដីធ្លី​នៅ​តំបន់​១ និង​តំបន់​២​។​

​ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​ខកចិត្ត​ដោយសារ​ការទិញ​ដី​ក្នុង​តំបន់​នោះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ ឃុំ នៃ​រដ្ឋបាល​ខេត្តសៀមរាប ដោយ​ដំឡើង​ផ្ទាំង​ព័ត៌មាន​ហាម​ទិញ​-​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុងភូមិ​សាស្ត្រ​រដ្ឋបាល​ក្រុង​សៀមរាប ភូមិ​អញ្ចាញ ភូមិ​អារក្ស​ស្វាយ សង្កាត់​នគរធំ​, ភូមិ​ខ្វៀន សង្កាត់​គោកចក , ភូមិ​ជ្រៃ សង្កាត់​ទឹក​វិល និង ភូមិ​ថ្នល់ សង្កាត់​ស្រ​ង៉ែ ទុកជា​ការ​រំឭក​។ ទាំងនេះ​ជាការ​ទប់ស្កាត់​សកម្មភាព ផ្ទុយ​ពី​គោលការណ៍​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​តំបន់​អង្គរ ព្រមទាំង​បញ្ចៀស​ការខូចខាត​ផលប្រយោន៍​របស់​សាធារណជន ដែល​កើតឡើង​ពី​ការបោក​បញ្ឆោត​របស់​ជ​ន​មួយចំនួន អំពី​ការទិញ​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​៕



© រក្សាសិទ្ធិដោយ thmeythmey.com