ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ដោយ​ខ្លួន​មាន​ប្រវត្តិ​គេង​តាម​ចិញ្ចើមផ្លូវ លោក ស្រ៊ុន ស្រ៊ន ជួល​ផ្ទះ​ឱ្យ​និស្សិត​ស្នាក់នៅ​...
17, Feb 2019 , 8:33 pm        
រូបភាព
ភ្នំពេញ​៖ ព្រោះតែ​ធ្លាប់​រងទុក្ខវេទនា​ជោគជាំ ពី​ការដើរ​គេង​តាមផ្លូវ​អស់​រយៈពេល​ជាង​៣​ឆ្នាំ បាន​ជំរុញ​ចិត្ត លោក ស្រ៊ុន ស្រ៊ន ជួល​ផ្ទះមួយ​ល្វែង​តម្លៃ​៣៥០​ដុល្លារ ឱ្យ​និស្សិត​ស្នាក់នៅ ដើម្បី​ជួយ​សម្រាល​ទុក្ខលំបាករ​បស់​ពួកគេ​។ មិនមែន​មនុស្ស​គ្រប់រូប ចេះតែ​អាចមក​ស្នាក់​នៅផ្ទះ​នេះ​បានទេ តែ​ក៏​មិន​សំដៅ​ទៅលើ​អ្នកមាន ឬ​អ្នកក្រ​ដែរ​។ អ្នក​ដែល​អាចមក​ស្នា​នៅផ្ទះ​នេះ​បាន ត្រូវមាន​លក្ខខណ្ឌ​៣​យ៉ាង ទី​១​ត្រូវតែ​ជា​អ្នករៀន ទី​២​ត្រូវតែ​ចេះ​ស្រឡាញ់​អ្នក​នៅ​ជាមួយគ្នា​ឱ្យ​ដូច​បងប្អូន និង​ទី​៣ ត្រូវតែ​ចូលរួម​ធ្វើ​ការងារ​សង្គម​។



តទៅ​នេះ​សូម​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖​




​ទោះ​បានដឹង​ច្បាស់​ថា ការ​មក​រៀន​នៅ​ភ្នំពេញ​ជា​រឿង​ដ៏​លំបាក​បំផុត សម្រាប់​ជន​ក្រក្រី តែ​ក្ដី​ស្រឡាញ់​ការសិក្សា​ខ្លាំង លោក ស្រ៊ុន ស្រ៊ន ប្ដេជ្ញាចិត្ត​ថា​ស៊ូស្លាប់​ព្រោះ​រៀន​។ ដំណើរ​ផ្សងព្រេង​ដូច​រឿងនិទាន បុរស​មកពី​ខេត្តកណ្ដាល នា​ស្រុក​កោះធំ​រូបនេះ បាន​រៀបរាប់​ពី​ដំណើរ​ជីវិត​លើ​ដង​វិថី​ថា​៖«​ខ្ញុំ​មិនមាន​បងប្អូន​នៅ​ភ្នំពេញ​ទេ​។ ដូច្នេះ​ដើរ​ដេក​តាមផ្លូវ​ច្រើន​កន្លែង​ណាស់​»​។​

​ថ្វី​ដ្បិត​ដំណើរ​ជីវិត​តោកយ៉ាក​យ៉ាងណា តែ​បុរស​ជា​កូន​ទី​៩ ក្នុងចំណោម​បងប្អូន​១៤​នាក់​រូបនេះ នៅតែ​សង្វាតរៀន រហូត​ជាប់​អាហារូបករណ៍​៣​ជំនាញ​។ ដោយសារតែ​ជីវភាព​ទាល់ក្រ​ពេក អតីត​សិស្ស​ពូកែ ដែល​រៀន​ជាប់​លេខ​មួយ​រាល់​ខែ​នៅ​ថ្នាក់​វិទ្យាល័យ​រូបនេះ បាន​បោះបង់ចោល​អាហារូបករណ៍​ពីរ​ជំនាញ​។ «​ខ្ញុំ​ប្រឡង​ជាប់​អាហារ​រូបករណ៍​បី​ជំនាញ មាន​គណិតវិទ្យា និង​ជាប់​នៅ​សាលា​ភូមិន្ទ ព្រោះ​ទាំង​ផ្នែក​គណនេយ្យ​។ រៀន​នៅ​ភូមិន្ទ​បាន​មួយរយៈ ដល់​ខ្ញុំ​ទាល់​ពេក ក៏​រៀន​តែ​គណនេយ្យ​មួយ​ទៅ​»​។ លោក ស្រ៊ន បញ្ជាក់​។​

ដំណើរ​ជីវិត​មិនមែន​លំបាក ត្រឹម​សេចក្ដី​តស៊ូ​ធ្វើការ និង​ស្នាក់នៅ​ទីសាធារណៈ​គ្រប់កន្លែង ដើម្បី​តែ​ការសិក្សា​ប៉ុណ្ណោះ​ទេ តែ​ពេលដែល​រៀន​ចប់ បុរស​រូបនេះ នៅតែ​ទទួលរង​ទារុណកម្ម​ការងារ​ដោយ​ត្រូវ​ធ្វើការ ២៣​ម៉ោង​ក្នុង​មួយថ្ងៃ​។ លោក អះអាង​៖«​គេ​ប្រើ​យើង​! មិនមាន​អ្នកណា​ចង់​ធ្វើការ​គ្មាន​ពេល​សម្រាក​ទេ​។ កាលនោះ​ដឹង​តែ​ចង់បាន​ការងារ​ធ្វើ​»​។​

មនុស្ស​គ្រប់គ្នា​អាច​មើលឃើញថា នេះ​ជា​ទង្វើ​ឆោតល្ងង់​បំផុត ព្រោះតែ​ចង់បាន​ការងារ​ធ្វើ ប៉ុន្តែ​ផល​នេះ បានផ្ដល់​ឱ្យមក​វិញ​នាពេល​បច្ចុប្បន្ន​។ ក្រោយពី​បាន​ទម្លុះ​ឧបសគ្គ ដែល​កម្រ​មាន​មនុស្ស​ធម្មតា​អាច​ឆ្លង​ផុត មកដល់​បច្ចុប្បន្ន លោក ស្រ៊ុន ស្រ៊ន មាន​សមត្ថភាព​ធ្វើការ​ជាមួយ​អង្គការ​អន្តរជាតិ​ជាច្រើន​។ លោក ស្រ៊ន បន្ថែម ៖«​ខ្ញុំ​ធ្វើការ​រាល់ថ្ងៃនេះ ជាមួយ​អង្គការ​អន្តរជាតិ​ច្រើន ទាក់ទង​ការលើកកម្ពស់​សិទ្ធ​។ ហើយ​ធ្វើការ​ជាមួយ​ស្ថានទូត​មួយចំនួន​»​។

ឆ្លង​ផុតពី​ប្រាក់ខែ​២៥​ដុល្លារ និង​ធ្វើការ​យ៉ាង​លំបាក បច្ចុប្បន្ន​លោក ស្រ៊ន មាន​ប្រាក់ខែ​គោល​ប្រមាណ​១៦០០​ដុល្លារ​។ យ៉ាងហោចណាស់ លោក​ទទួលបាន​ចំណូល​ជា​មធ្យម​ប្រមាណ ២​ពាន់​ដុល្លារ​ក្នុង​មួយខែ ឬ​អាច​ដល់​៤​ពាន់ ទៅ​៥​ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយខែ ពី​ការងារ​ជាទី​ប្រឹក្សា នៅក្នុង​អង្គការ​ផ្សេងៗ​។​

នាង​ខ្ញុំ​សូម​ទាញអារម្មណ៍​អស់លោកអ្នក​ស្ដាប់ មក​ស្វែងយល់​អំពី​ការងារ​ដែល​លោក ស្រ៊ន ជួយ​និស្សិត​វិញ​ម្ដង​។ ផ្ទះ​ស្នាក់​ជា​រឿង​ដ៏​សំខាន់​មួយ​សម្រាប់ លោក ស្រ៊ន ក្នុងការ​សម្រាល​បន្ទុក​របស់​និស្សិត​។​



អ្នកមាន និង​អ្នកក្រ សុទ្ធតែ​អាច​ទៅ​រស់នៅ​ក្នុងផ្ទះ​ស្នាក់​នោះបាន​។ តែ​ពួកគេ​ត្រូវ​ប្រកាន់​៣​ចំណុច ទី​១. ត្រូវតែ​ជា​អ្នករៀន​។ ទី​២. ត្រូវតែ​ចេះ​ស្រឡាញ់គ្នា​ដូច​បងប្អូន រវាង​អ្នក​នៅ​ជា​មូ​យ​គ្នា និង​ទី​៣.​ត្រូវតែ​ចូលរួម​ក្នុង​សកម្មភាព​សង្គម​។ លោក សង្កត់ធ្ងន់​ដូច្នេះ​៖«​ផ្ទះ​ដែល​ខ្ញុំ​ជួល​ឱ្យនៅ​នេះ ខ្ញុំ​មិនដែល​ឱ្យ​គាត់​រំឭក​គុណ​ទេ​។ តែបើ​ចង់​សងគុណ​ខ្ញុំ គ្រាន់តែ​ធ្វើឱ្យ​ខ្លួនឯង​ឯករាជ្យ​ទៅបាន​ហើយ​។ ហើយ​នៅពេលដែល​ខ្ញុំ​អស់​លទ្ធភាព គ្រាន់តែ​ជួយ​ជួល​ផ្ទះ​នេះ​ឱ្យ​ប្អូនៗ​ជំនាន់​ក្រោយ​គាត់​បានរស់នៅ​បន្តទៅ​បាន​ហើយ​។ បើ​ខ្ញុំ​ជួយ​អ្នកក្រ នោះ​ទៅមុខ​គេ​នៅតែ​ឱ្យ​ខ្ញុំ​ជួយ​ដដែល​។ តែបើ​ខ្ញុំ​ជួយ​អ្នករៀន នោះ​ទៅមុខ​គេ​នឹង​ចេះ​ជួយ​ខ្លួនឯង​។ ខ្ញុំ​មិន​អាណិត​អ្នកក្រ​ទេ ខ្ញុំ​អាណិត​អ្នករៀន​»​។​



មិន​ត្រឹមតែ​ជួល​ផ្ទះ​ឱ្យ​ស្នាក់នៅ​ប៉ុណ្ណោះ​ទេ តែ​លោក ស្រ៊ុន ស្រ៊ន ថែមទាំង​ព្យាយាម​រក​ការងារ និង​ផ្ដល់​គំនិត​បើក​អាជីវកម្ម​ដល់​និស្សិត ដើម្បី​រកប្រាក់​ចំណូល​ផ្គត់ផ្គង់​ការរៀនសូត្រ​ថែម​ទៀតផង​។ លោក ស្រ៊ន អះអាង ៖«​ខ្ញុំ​បង្រៀន​ឱ្យ​គាត់​ចេះ​បង្កើត​មុខរបរ​តូចៗ​ខ្លួនឯង ជួយផ្ដល់​យោបល់​ឱ្យ​គាត់ និង​ទិញ​សម្ភារ​ខ្លះៗ​ឱ្យ​គាត់​»​។​

ងាក​មក​ចាប់អារម្មណ៍​និស្សិត​ដែល​មក​ស្នាក់នៅ​ក្នុងផ្ទះ ដែល​លោក ស្រ៊ន បាន​ជួល​សម្រាប់​ពួកគេ​វិញ​។ ផ្ទះល្វែង​ដែលមាន​កម្ពស់​៣​ជាន់ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានទទួល​និស្សិត និង​អ្នករៀន​ឱ្យ​ស្នាក់នៅ​ជាង​២០​នាក់ នាពេល​បច្ចុប្បន្ន​។

នៅ​ជាន់​ផ្ទាល់​ដី នៅ​ផ្នែក​ខាងមុខ និង​នៅ​ស្តាំ​ដៃ មាន​កង់ និង​ម៉ូតូ​សរុប​៧​គ្រឿង​។ ចំណែក​ធុង​ទឹកកក​ធំ​ពណ៌​ក្រហម និង​ម៉ាស៊ីន​ព្រី​ន ព្រមទាំង​មាន​ក្រដាស​ឯកសារ និង​ធៀប​ការ​មួយចំនួន នៅ​ផ្នែក​ខាងឆ្វេង​ដៃ​។ ដើរចូល​ទៅក្នុង​បន្តិច គឺជា​ផ្ទះបាយ​។ ឆ្នាំង​ព្យួរ​នៅ​បង្អួច ហែហម​ដោយ​ថង់​ប្លា​ស្ទិ​ក កញ្ច្រែង​ជ័រ ឆ្នាំង​ដាំបាយ និង​គ្រឿង​ធ្វើ​ម្ហូប​សម្រាប់​គ្រួសារ​ធំ​មួយ​។
​ខ្ញុំ​ធ្វើដំណើរ​បន្ត​រហូតដល់​ជាន់​ទី​២ ដោយមាន​ការនាំ​ផ្លូវ​ពី​និស្សិត​ជា​បុរស​ម្នាក់​។ នៅទីនេះ​ជា​បន្ទប់​ផ្នែក​ខាងមុខ​។ តុ កៅអី កំ​ព្យូ​ទ័​រ ទូ​ដាក់​សៀវភៅ សំណុំ​ឯកសារ​សិក្សា​មួយចំនួន តម្រៀប​គ្នា​ជា​ជួរ និង​មាន​លំអ​ដោយ​ដើម​រាសី​បៃតងខ្ចី​មួយ​ថូ នៅ​ចំ​ពីមុខ​ទ្វារ​ចូល​។ ចំណែក​នៅ​ខាងស្ដាំ​ទ្វារ​ចូល​វិញ ធៀប​ការ​រាប់ពាន់​សន្លឹក ទាំង​បត់​រួច និង​មិនទាន់​បត់ នៅ​រាត់រាយ​ខ្លះ និង​មាន​សណ្ដាប់ធ្នាប់​ខ្លះ​។​

បុរស​ម្នាក់​ក្នុងចំណោម​២​នាក់ ដែល​កំពុង​អង្គុយ​បត់​ធៀប​ការ គឺ​លោក រស់ វិ​នា​។ វិ​នា អាស្រ័យ​ផ្ទះ​ស្នាក់​នេះ បាន​៣​ឆ្នាំ​មកហើយ​។ ក្នុង​វ័យ​២៣​ឆ្នាំ និស្សិត​មកពី​ខេត្តព្រៃវែង​រូបនេះ រៀន​ឆ្នាំ​ទី​៤​ផ្នែក​រូបវិទ្យា​។ ជីវភាព​គ្រួសារ​មធ្យម វិ​នា ខំ​ឆ្លៀត​ពេលទំនេរ​ពី​ការសិក្សា​បន្តិច​ប​ន្ទួ​ច មក​បត់​ធៀប​ការ​ដើម្បី​បាន​ចំណូល​ខ្លះ ផ្សំ នឹង​ប្រាក់​បងស្រី ដែល​ធ្វើការ​រោងចក្រ​ផ្ដល់ឱ្យ​មួយខែ​៣០​ដុល្លារ​។ វិ​នា បន្ថែម​៖«​យើង​ជួយ​ជា​វិភាគទាន ដើម្បី​សម្រាល​បន្ទុក​បង ស្រ៊ន ខ្លះ​។ យើង​សន្សំ​តែមួយ​ថ្ងៃ​៥០០​រៀល​ទេ​។ ប្រាក់​ខ្ញុំ បាន​ពី​បងស្រី​ផ្ដល់ឱ្យ​មួយខែ ៣០​ដុល្លារ ខ្ញុំ​ចាយ​មិន​អស់​ផង​»​។ 



ចង្អុលដៃ​ផ្ដិត​ទឹក​ស្អិត​ពណ៌​ស យកទៅ​លាប​លើ​ធៀប​ការ ក្នុង​កាយវិការ​មិនលឿន​ពេក យុវជន​កូនពៅ​រូបនេះ ថា​ខ្លួន​ធ្វើការ​នេះ បាន​ចំណូល​ប្រមាណ​១៥០,០០០​រៀល ក្នុង​មួយ​សប្ដាហ៍​។ ស្នាក់​នៅទីនេះ វិ​នា មាន​ការងារ​ចាំបាច់​ក្រៅពី​ការសិក្សា គឺ​ជូន​មិត្ត​រួម​ផ្ទះ ដែលមាន​ពិការភាព​ទៅ​សាលា និង​ឌុប​ប្រ​ឡប់​មកវិញ​។ «​បិទ​ធៀប​នេះ មានតម្លៃ​ផ្សេងគ្នា​។ មួយ​សប្ដាហ៍​បាន​ប្រហែល​១៥០,០០០​រៀល​។ ការងារ​មួយទៀត ជូន​បងៗ​ពិការភ្នែក​ទៅ​រៀន និង​ឌុប​ត្រឡប់មកវិញ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក វិ​នា​។​

ការរស់នៅ​ផ្ទះ​រួមគ្នា ជាមួយ​មនុស្ស​ជាច្រើន​ទៀត មកពី​ខេត្ត​ផ្សេងគ្នា ធ្វើឱ្យ​បុរស​រាង​មាន​សាច់​បន្តិច​រូបនេះ ចេះ​ស្វែងយល់​ពី​ការរស់នៅ​ជា​ក្រុម រួមទាំង​បាន​កាត់បន្ថយ​ការចំណាយ​ផង​។
​ងាក​មក​ចាប់អារម្មណ៍​យុវជន​មួយរូប​ទៀត​។ ឆោម មករា គឺជា​យុវ​បុរស​មាន​ពិការភាព​ភ្នែក​ទាំងសងខាង​។ អង្គុយ​លើ​កៅអី​ឫស្សី នា​រានហាល​ខាងមុខផ្ទះ ជាមួយ​មិត្ត​មាន​ពិការភាព​ដូចគ្នា​ម្នាក់ និង​មិត្ត​ធម្មតា​ម្នាក់ ដែល​នៅ​មិន​ឆ្ងាយ​ពី វិ​នា ប៉ុន្មាន​នោះទេ​។



មករា មាន​អាយុ​២៥​ឆ្នាំ មកពី​ខេត្តកំពង់ស្ពឺ​។ ទើបតែ​មក​រស់នៅ​ទីនេះ​បាន​ប្រមាណ​២​ខែ បុរស​កំព្រា​ទាំង​ឪពុក និង​ម្ដាយ​រូបនេះ ជា​និស្សិត​ឆ្នាំ​ទីមួយ​ជំនាញ​អក្សរសាស្ត្រ​អង់គ្លេស ដែល​ទទួលបាន​អាហារ​រូបករណ៍​។ បាន​ស្គាល់​ទីនេះ​តាមរយៈ​មិត្តភក្ដិ បុរស​ដែលមាន​បងប្អូន​៣​នាក់​រូបនេះ ពេញចិត្ត​ចំពោះ​ការរស់នៅ​ជា​ក្រុម​នេះ​ថា ដូចជា​គ្រួសារ​ធំ​មួយ ដែល​តែងតែ​ជួយ​គ្នា​ទៅវិញទៅមក​។ និស្សិត ឆោម មករា ពន្យល់​៖«​នៅទីនេះ​ជួយ​ខ្ញុំ​បាន​៩០​ភារ​យ​។ យើង​ស្រឡាញ់គ្នា​ដូច​បង​ដូច​ប្អូន​អីចឹង​។ បាយ​ម្ហូប​អី គេ​ចូល​រួមគ្នា​ធ្វើ​»​។​

នៅទីនេះ មករា គ្រាន់តែ​ចំណាយ​លើ​ថ្លៃ​ធ្វើដំណើរ​ទៅ​សាលា និង​អាហារ​មួយពេល​១៥០០​រៀល​ប៉ុណ្ណោះ​។ ចំពោះ​ការសិក្សា​វិញ និស្សិត​វ័យ​២៥​ឆ្នាំ​រូបនេះ ត្រូវ​ទិញ​សៀវភៅ​សម្រាប់​មនុស្ស​ភ្នែក​ភ្លឺ ហើយ​យកទៅ​ប្រែ​សម្រួល​ជា​អក្សរ​ប្រេ​ល (​អក្សរ​ស្ទាប​) ដើម្បី​អាច​រៀន​បាន​។ ជាធម្មតា ការរៀន​ជាមួយ​អ្នក​ភ្នែក​ភ្លឺ គឺជា​រឿង​ពិបាក​បន្តិច​សម្រាប់​អ្នកមាន​ពិការភាព​ភ្នែក តែ​សម្រាប់​យុវជន មកពី​ខេត្តកំពង់ស្ពឺ​រូបនេះ ថា​ខ្លួន​អាច​ជម្នះ​បាន​។ នេះ​ជាការ​អះអាង​របស់​និស្សិត មករា ៖«​ខ្ញុំ​យក​សៀវភៅ​ភ្នែក​ភ្លឺ​ហ្នឹង ទៅ​អង្គ​ការដែល​ខ្ញុំ​ធ្លា​ប់រៀន ឱ្យគេ​បោះពុម្ពអក្សរ​ស្ទាប​ឱ្យ​។ ការរៀន​មាន​ផល​លំបាក​ដែរ ព្រោះ​យើង​ត្រូវ​រៀន​ជាមួយ​អ្នក​ភ្នែក​ភ្លឺ​»​។

កញ្ញា យ៉ា សុ​វ័ន ជា​និស្សិត​ព្យួរ​ការសិក្សា​មួយរយៈ ដោយសារតែ​បញ្ហា​សុខភាព និង​វិបត្តិ​គ្រួសារ​។ ប៉ុន្តែ​ទោះ​មិនទាន់​បន្ត​ថ្នាក់​បរិញ្ញាបត្រ តែ សុ​វ័ន នៅ​រៀន​ភាសា​អង់គ្លេស​ក្រៅ​ម៉ោង និង​ធ្វើ​ការងារ​សង្គម ដែលជា​ហេតុនាំឱ្យ​នាង​អាច​បន្ត​ស្នាក់​នៅផ្ទះ​នេះ​បាន​។ ចំពោះ​ការជួយ​រំលែក​ការងារ​នៅក្នុង​ផ្ទះ​នេះ​វិញ សុ​វ័ន បញ្ជាក់ថា ការ​បោសសម្អាត​មាន​វេន​ច្បាស់លាស់ ចំណែក​ការ​ចំអិនម្ហូប​អាហារ​វិញ អាស្រ័យ​លើ​អ្នក​ដែល​ទំនេរ​។ នេះ​ជាការ​បន្ថែម​របស់ សុ​វ័ន ៖«​ទីនេះ​កំណត់ឱ្យ​ត្រូវតែ​រៀន ទោះ​មិន​រៀន​នៅ​សាកលវិទ្យាល័យ​ក្ដី និង​ធ្វើ​ការងារ​សង្គម​។ វេន​សម្អាតផ្ទះ​មាន​ច្បាស់លាស់ តែ​ធ្វើ​ម្ហូប​អាស្រ័យ​អ្នក​ទំនេរ​»​។ 



សម្រាប់​អ្វីដែល​នារី​វ័យ​២១​ឆ្នាំ មកពី​ខេត្តព្រៃវែង​ដែល​ធ្លាប់​រស់ក្នុង​តំបន់​គេ​មិនឱ្យ​តម្លៃ​ស្ត្រី ក្នុងការ​សិក្សា​រៀនសូត្រ​នោះ ថា​នៅទីនេះ​បាន​បង្រៀន​នាង​ឱ្យ​ចេះ​រឹងមាំ និង​បាន​សិក្សា​ពី​សង្គម​ច្រើន​។ កញ្ញា​បញ្ជាក់ ៖«​ទីនេះ​បង្រៀន​ខ្ញុំ​ឱ្យ​ចេះ​ធ្វើការ​ជា​ក្រុម រស់​ជា​ក្រុម ធ្វើ​ការងារ​សង្គម ធ្វើឱ្យ​ខ្ញុំ​រឹងមាំ និង​អាចធ្វើ​ខ្លួន​ជា​អ្នកដឹកនាំ​បាន​»​។

ត្រឡប់មក​លោក ស្រ៊ុន ស្រ៊ន វិញ​។ ជួល​ផ្ទះ​ឱ្យ​និស្សិត​ស្នាក់នៅ គ្រាន់​ជា​ផ្នែក​មួយ​តែប៉ុណ្ណោះ តែ​អ្វីដែល​សំខាន់ លោក​ចង់ឱ្យ​មនុស្ស​ក្លាហាន ជម្នះ​ឧបសគ្គ​គ្រប់យ៉ាង​ដើម្បី​ការសិក្សា​។ លោក​បានផ្ដល់​ជា​គំនិត​ថា​៖«​បើ​យើង​ត្រូវ​ឆ្លងទន្លេ ហើយ​ចាំ​ថា​នឹងមាន​អ្នកណា​មកជួយ​យើង នោះ​យើង​នឹង​មិនបាន​ឆ្លងទៅ​ទេ​។ បើ​យើង​មិនមាន​ប្រាក់​បង់ថ្លៃ​សាលា យើង​បែរ​ទៅធ្វើ​ការ ថា​មិនមាន​បញ្ហា តែ​ឧបសគ្គ​មាននៅ​គ្រប់កន្លែង គេច​ទៅណា​ក៏មានដែរ​។ ទីបំផុត​យើង​ឆ្លង​មិន​ផុត​ដដែល​ហ្នឹង​»​។​



បុរស​រូបនេះ​ថា មនុស្ស​ត្រូវតែ​ចេះ​ទទួលខុសត្រូវ​ចំពោះ​ខ្លួនឯង​។ លោក​បញ្ជាក់​ដូច្នេះ​៖«​ជីវិត​របស់​យើង យើង​ជា​អ្នកទទួលខុសត្រូវ ប្រយ័ត្ន​ចាញ់​សត្វ និង​រុក្ខជាតិ​។ ចាប​ពេល​វា​ដុះស្លាប វា​ហើរ​ទៅរក​ចំណី​ខ្លួនឯង​។ មាន់​ញាស់​បាន​ពីរ​ទៅ​បី​ថ្ងៃ វា​ចេះ​កាយ​រក​ចំណី​ខ្លួនឯង​។ ដូច្នេះ​បើ​យើង​មិនចេះ​ទ​ទួ​ខុសត្រូវ​លើ​ជីវិត​ខ្លួនឯង មិន​ស្មើ​សត្វ​ផង​»៕



© រក្សាសិទ្ធិដោយ thmeythmey.com