អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រ​ធានា​ធីប​តី​កូរ៉េខាងត្បូង បន្តធ្វើ​កំណែទម្រង់​ប៉ូលិស​-​តុលាការ ដើម្បី​ធានា​មិន​មានរឿង​អយុត្តិធម៌ និង​ពុករលួយ​
17, Feb 2019 , 1:43 pm        
រូបភាព
ដោយ:
លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង  Moon Jae-in បានស្នើ​ឲ្យ​មានការ​ធ្វើកំណែទម្រង់​នៅក្នុង​អង្គភាព​សាធារណៈ ជាពិសេស​នោះ​អង្គភាព​ដែល​បម្រើ​ការងារ​តំណាង​ឲ្យ​សាធារណជន និង​ការពារ​សុវត្ថិភាព​ប្រជាជន​។ លោក​ប្រធានាធិបតី ចង់ឃើញ​សាធារណរដ្ឋ​មួយ​នេះ អាច​ធានាបាន​ថា មិន​ឡើយ​អំពើ​អយុត្តិធម៌ និង​អំពើពុករលួយ​។



​តាមរយៈ​ជំនួប​ជាមួយនឹង​ប្រធាន​អង្គភាព​រដ្ឋ​កំពូលៗ​នៅ​ថ្ងៃ​១៥ កុម្ភៈ លោក​ប្រធានាធិបតី  Moon Jae-in បាន​លើកឡើងថា ប្រជាជន នឹង​កាន់តែ​សប្បាយចិត្ត​នៅពេល​អង្គភាព​ដែលជា​តំណាង​សាធារណៈ កាន់​តែមាន​ភាពរឹងមាំ និង​ល្អប្រសើរ​។ ជាក់ស្តែង​អង្គភាព​ប៉ូលិស និង​អង្គការ​អយ្យការ ដែល​លោក​ប្រធានាធិបតី ចង់​កែទម្រង់ ដើម្បី​ធានា​ឲ្យ​បានការ​ការពារ​សុវត្ថិភាព​សាធារណៈ និង​សិទ្ធិមនុស្ស​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap​។

នា​ជំនួប​ដែលមាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​មហាផ្ទៃ (​អ្នកគ្រប់គ្រង​ប៉ូលិស​) និង​រដ្ឋមន្ត្រី​យុត្តិធម៌ ( អ្នក​គ្រប់​អង្គការ​អយ្យការ​) លោក​ប្រធានាធិបតី បាន​គូសបញ្ជាក់ថា ផែនការ​នៃ​ការធ្វើកំណែទម្រង់​ក្នុង​អង្គភាព​ទាំងពីរ ដើម្បី​បំពេញ​ការចង់បាន​រប​ស់​ប្រជាជន ដែល​ចង់ឃើញ​កូរ៉េខាងត្បូង អាច​ធានាបាន​ថា មិនមាន​អភ័យឯកសិទ្ធិ​សម្រាប់​បុគ្គល​ប្រព្រឹត្ត​ខុស​ណាមួយ​ឡើយ ហើយ​ប្រទេស​ក៏​មិន​អនុញ្ញាត​ឲ្យ​មាន​សូម្បីតែ​អំពើ​អយុត្តិធម៌​នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ឡើយ​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​។

ខណៈ​សម្តែង​ការពេញចិត្ត​ចំពោះ​ការអនុវត្ត​របស់​អង្គភាព​ទាំងពីរ លោក​ប្រធានាធិបតី បញ្ជាក់​បន្ថែមថា ការពង្រឹង​អង្គភាព​ទាំងពីរ ក៏​ជា​ផ្នែក​មួយ​ក្នុងការ​ទប់ស្កាត់​អំពើពុករលួយ និង​ការបំពាន​អំណាច និង​ធ្វើ​ឲ្យ​ល្អប្រសើរ​លើ​យន្តការ​តុល្យភាព​រវាង​អង្គភាព​ទាំងពីរ​។ លោក​ប្រធានាធិបតី ហាក់​មើលឃើញ​បញ្ហា​អំពើពុករលួយ គឺជា​កម្អែល ដែល​សេសសល់​ពី​អាណានិគម​ជប៉ុន ជាជាង​បញ្ហា​គ្រប់គ្រង​ក្នុងស្រុក ។

« កំណែទម្រង់​ស៊ីជម្រៅ​នៅក្នុង​អង្គភាព​ប៉ូលិស និង​អយ្យការ ក៏​ជាម​ធ្យោ​យ​បាយ​មួយ​ក្នុងការ​បញ្ចប់​ទម្រង់​នៃ​អំពើពុករលួយ ដែល​ធ្លាប់​កើតមាន​អំឡុង​ឆ្នាំ​១៩១០-១៩៤៥ ដែលជា​សម័យកាល​ជប៉ុន​គ្រប់គ្រង​កូរ៉េ​។ អំឡុង​ពេលនោះ ទាំង​អយ្យការ និង​ប៉ូលិស គឺជា​អង្គភាព ដែល​ស្ថិតក្រោម​ការគាំទ្រ​ដោយ​អាណានិគម​ជប៉ុន​»​។ លោក​ប្រធានាធិបតី បញ្ជាក់​យ៉ាង​ដូច្នេះ​។

គួរ​ជម្រាប​ផងដែរ​ថា កូរ៉េខាងត្បូង គឺជា​ប្រទេសមួយ ដែលមាន​ប្រព័ន្ធយុត្តិធម៌​រឹងមាំ ជាពិសេស​លើ​ការប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​។ មេដឹកនាំ​កូរ៉េខាងត្បូង​ច្រើន​រូប​មកហើយ រួមទាំង​អតីត​ប្រធានាធិបតី​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ត្រូវបាន​កាត់ទោស​ពាក់ព័ន្ធ​អំពើពុករលួយ ដោយ​មិន​ទទួល​អភ័យឯកសិទ្ធិ​អ្វី​ឡើយ​៕


Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com