អន្តរជាតិ
នយោបាយអន្តរជាតិ
លោកស្រី ស៊ូជី ចុះជួបប្រជាពលរដ្ឋតាមតំបន់ ក្រោយមានបណ្តឹងប្រឆាំងមន្ត្រីពុករលួយនិងបក្សពួកនិយមច្រើន
× លោកស្រីទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី បានព្រមានចាត់វិធានម៉ឺងម៉ាត់បំផុតទៅលើមន្ត្រីរដ្ឋាភិបាល ឬមន្ត្រីសាធារណៈ ដែលប្រព្រឹត្តខុស ជាពិសេសនោះពាក់ព័ន្ធនឹងអំពើពុករលួយ។ លោកស្រី ក៏បានក្រើនរម្លឹកឲ្យមន្ត្រីសាធារណៈទាំងអស់គោរពតាមបញ្ជា និងបំពេញការងារដោយសុចរិតភាព។
នាដំណើរចុះសួរសុខទុក្ខប្រជាជនតាមមូលដ្ឋាននៅថ្ងៃ១៤ កុម្ភៈកន្លងទៅ លោកស្រីទីប្រឹក្សារដ្ឋ អ៊ុងសាន ស៊ូជី ទទួលបានទាំងការស្វាគមន៍ផង និងការតវ៉ាផងពាក់ព័ន្ធនឹងការដឹកនាំរដ្ឋាភិបាលរបស់បក្សកាន់អំណាច ដែលមានលោកស្រី ជាប្រមុខ។
តាមការចុះផ្សាយរបស់សារព័ត៌មាន The Irrawaddy បន្ថែមពីការដាក់ញ្ញតិផ្លូវការប្តឹងមន្ត្រីកាន់អំណាចជាន់ខ្ពស់នៅតាមតំបន់ មានប្រជាជនជាច្រើននាក់ បានស្រែកខ្លាំងៗឲ្យលោកស្រី អ៊ុងសាន ស៊ូជី ដកមន្ត្រីក្នុងតំបន់របស់ពួកគេចេញ ដោយចោទថា មន្ត្រីខ្វះសមត្ថភាពដឹកនាំ បានប្រព្រឹត្តអំពើពុករលួយ និងបក្សពួកនិយមខ្លាំង។
តបនឹងបណ្តឹងនោះ លោកស្រីទីប្រឹក្សារដ្ឋ បានសន្យាដោះស្រាយបញ្ហាទាំងនោះតាមជំហាន ហើយវត្តមានរបស់លោកស្រី ក្នុងកម្មវិធីចុះមូលដ្ឋាន ក៏ដើម្បីយល់ដឹងពីស្ថានភាពជាក់ស្តែង និងពង្រឹងមន្ត្រីរដ្ឋាភិបាលតាមតំបន់ឲ្យមានវិន័យ។
តាមប្រភពព័ត៌មាន លោកស្រី មិនទាន់បន្ទោសមន្ត្រីរបស់លោកស្រីនៅឡើយនោះទេ ក៏ប៉ុន្តែលោកស្រី បានក្រើនរម្លឹកតួនាទីរបស់មន្ត្រី ដោយធានាពីផលប្រយោជន៍របស់ប្រជាជន និងស្មោះត្រង់ចំពោះប្រជាជន។ លោកស្រី ក៏បានព្រមានចាត់វិធានដោយមិនយោគយល់ដល់មន្ត្រីគ្រប់រូប ដែលហ៊ានធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់សាធារណៈ។
អ្វីដែលគួរឲ្យសម្គាល់ លោកស្រី ហាក់ដូចជាមិនចង់ឲ្យប្រជាជនទាមទារចំណាត់ការរបស់រដ្ឋាភិបាលលឿនពេក ពោលគឺ លោកស្រី បានព្យាយាមគូសបញ្ជាក់ឲ្យប្រជាជនដឹងលឺថា កិច្ចការអាទិភាព និងជាអ្វីដែលរដ្ឋាភិបាលកំពុងតែខិតខំព្យាយាមគឺ ការផ្សះផ្សារជាតិ និងធានាសន្តិភាព៕
Tag:
មីយ៉ាន់ម៉ា
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com