ជាតិ
សេដ្ឋកិច្ច
លោក Arnaud Darc ស្នើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​សរសេរ​ទៅ EU ដើម្បី​ប្រាប់​ពី​ផលប៉ះពាល់​នៃ​ការព្យួរ EBA
17, Feb 2019 , 3:09 pm        
រូបភាព
លោក Arnaud Darc ប្រធានសភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា (EuroCham)
លោក Arnaud Darc ប្រធានសភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា (EuroCham)
លោក Arnaud Darc ប្រធានសភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា (EuroCham) បាន​លើកឡើងថា​គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវតែ​សរសេរ​លិខិត​ទៅកាន់​គណៈកម្មការ​អឺរ៉ុប​ដោយ​ពន្យល់​ពី​ផលប៉ះពាល់​នានា​ទាក់ទង​នឹង​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​។ នា​វេទិកា​តុមូល​ដែល​រៀបចំ​ដោយ​រាជបណ្ឌិត្យសភាកម្ពុជា លោក​បាន​សង្កត់ធ្ងន់ថា ករណី EBA (Everything But Arms) ប្រជាពលរដ្ឋ និង​វិនិយោគិន​ទាំងអស់​ក្នុងប្រទេស​កម្ពុជា មាន​ចំណែក​ក្នុងការ​ទទួលខុសត្រូវ​លើ​រឿងនេះ​។



​ប្រធានសភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​បាន​សម្ដែង​ការព្រួយបារម្ភ​ក្រោយ​ពេលដែល​គណៈកម្មការ​អឺរ៉ុប​ចាប់ផ្តើម​ដំណើរការ​ស៊ើបអង្កេត​ជា​ផ្លូវ​ការដែល​អាចឈាន​ទៅដល់​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា នា​ឆ្នាំ​២០២០​ខាងមុខនេះ​។ លោក​បាន​បន្តថា សេចក្តីសម្រេច​នេះ​អាចជា​គ្រោះភ័យ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​សហប្រតិបត្តិការ​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា និង​អឺរ៉ុប​នាពេល​កន្លងមក និង​ទៅ​ថ្ងៃ​អនាគត ហើយ​វា​ក៏​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល​ផងដែរ​។

​លោក​និយាយថា​៖« ខ្ញុំ​ពិតជា​មាន​ក្តីបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ដំណើរការ​នេះ ដែលជា​សញ្ញា​អវិជ្ជមាន​ផ្នែក​ទីផ្សារ​ដល់​អ្នក​ដែល​ចង់​មក​វិនិយោគ​ក្នុង​ឆ្នាំ​២០១៩​នេះ ហើយ​លទ្ធភាព​នៃ​ការឈាន​ទៅដល់​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ក្នុង​ឆ្នាំ​២០២២ នឹង​ផ្ដល់​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការងារ​ប្រជាពលរដ្ឋ រាប់សែន​នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី​»​។

លោក​បាន​សង្កត់ធ្ងន់ថា ប្រជាពលរដ្ឋ​ទូទៅ វិនិយោគិន និង ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុងប្រទេស​កម្ពុជា អាច​ប្រឆាំង​ជំទាស់​នៅ​នឹង​ដំណើរការ​ត្រួតពិនិត្យ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ក្នុងដំណាក់កាល​កំពុង​ពិចារណា​នេះ​បាន តាមរយៈ​សរសេរ​លិខិត​ពន្យល់​នៅ​កាន់​គណៈកម្មការ​អឺរ៉ុប​ពី​ផលប៉ះពាល់​នានា​មកលើ​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ទាំងមូល​។ លោក​បាន​បញ្ជាក់ថា លិខិត​ទាំងនោះ​អាច​ផ្ញើ​ផ្ទាល់​ទៅកាន់​គណៈកម្មការ​អឺរ៉ុប ឬ​តាមរយៈ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​។

​លោក​និយាយថា​៖« នេះ​ជា​ទំនួល​ខុសត្រូវ​ទាំងអស់គ្នា ប្រសិនបើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​ត្រូវបាន​ដកចេញ​ពី​កម្ពុជា អ្នក​ទាំងអស់គ្នា​ក៏មាន​ចំណែក​ផងដែរ ដូច្នេះ​ត្រូវតែ​រួមគ្នា​ដោះស្រាយ​»​។​
 
​ប្រសិនបើ​ការព្យួរ និង​ដក EBA ពី​កម្ពុជា​កើ​មាន​ឡើង​ពិតមែន​នោះ កម្ពុជា​ក៏​នូវតែ​អាច​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​បាន​ដ៏​ដែល ប៉ុន្តែ​តម្លៃ​ទីផ្សារ​នាំចេញ​នឹងមាន​ការកើនឡើង ដែល​ធ្វើ​ឲ្យ​ខាង​ភាគី​ខាង​អឺរ៉ុប​នឹង​ពិចារណា​លើ​តម្លៃ​ទំនិញ​ពី​ប្រទេស​ដទៃ​ដែលមាន​គុណភាព​ប្រហែល​គ្នា ដូចជា​វៀតណាម បង់​ក្លា​ដេ​ស ឬ ភូមា​ជាដើម​។ នេះ​តាម​ការពន្យល់​របស់​ប្រធានសភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​រូបនេះ​។

​លោក​និយាយថា​៖« ការដក EBA ពី​កម្ពុជា​មិនមែន​មានន័យថា​កម្ពុជា​មិនអាច​នាំទៅ​អឺរ៉ុប​នោះទេ ប៉ុន្តែ​តម្លៃ​នៃ​ការនាំចេញ​នឹង​កើនឡើង ១២​ភាគរយ ដែល​ស្មើ​៦​រយ​លាន​ដុល្លារ ពេលនោះ​ពួកគេ​នឹង​មើលទៅ​ប្រទេសជិតខាង ដូចជា​ប្រទេស​វៀតណាម បង់​ក្លា​ដេ​ស ឬ ភូមា ថា​មានតម្លៃ​ប៉ុណ្ណា ថ្លៃ​ជាង ស្មើ ឬ​ថោក​ជាង​កម្ពុជា ប្រសិនបើ​គុណភាព​ដូចគ្នា តម្លៃថោក​ជាង ពួកគេ​នឹង​ជ្រើស​រើសយក​ប្រទេសជិតខាង​ទាំងនេះ​»​។

បច្ចុប្បន្ន​ក្រុមហ៊ុន​អឺរ៉ុប​ដែល​កំពុង​រកស៊ី​ក្នុងប្រទេស​កម្ពុ​ជាមាន​ចំនួន​ប្រមាណ ៣៥០​ក្រុមហ៊ុន ហើយ​ការនាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​៥ ប៊ី​លាន​ដុល្លារ​អាមេរិក​៕ 


Tag:
 EBA
© រក្សាសិទ្ធិដោយ thmeythmey.com